ពលរដ្ឋនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រមាណ ១០០នាក់ តំណាងពលរដ្ឋប្រមាណជិត ១០០គ្រួសារ នៅព្រឹកថ្ងៃទី២៥ កញ្ញា នាំគ្នាមកសាលាស្រុកដើម្បីសុំឱ្យអាជ្ញាធរស្រុកបើកការស៊ើបអង្កេតជាថ្មីជុំវិញការជ្រើសរើសមេភូមិការពីពេលកន្លងទៅ។ ពួកគាត់ចង់ឱ្យជ្រើសរើសមេភូមិឱ្យមានការចូលរួម និងពេញចិត្តពីប្រជាពលរដ្ឋ មិនមែនស្ងាត់ៗឡើយ។ ចំណែកអាជ្ញាធរស្រុកសន្យាថា នឹងបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតបញ្ហានេះតាមនីតិវិធី។
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ ខ្លះជិះរថយន្ត ខ្លះជិះម៉ូតូ និងខ្លះទៀតជិះគោយន្តឆ្នៃទៅជួបប្រជុំគ្នានៅសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ក្នុងការជ្រើសរើសមេភូមិឡើងវិញ នៅថ្ងៃទី២៥ កញ្ញា។ អាជ្ញាធរស្រុកបានចេញមកទទួលសំណូមពរ និងសន្យាថា នឹងចុះទៅស៊ើបអង្កេតជុំវិញបញ្ហានេះនៅសប្ដាហ៍ក្រោយ។
អភិបាលស្រុកព្រៃឈរ លោក ទេព រៀមមុន្នី ដែលចុះមកជួបផ្ទាល់ជាមួយពលរដ្ឋទាំងនោះមានប្រសាសន៍ថា លោកមិនបានដឹងច្បាស់ថា តើនីតិវិធីរបស់អាជ្ញាធរឃុំនៅពេលជ្រើសរើសមេភូមិកេះថ្មី នោះយ៉ាងណាទេ បានជាធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមិនសប្បាយចិត្ត និងនៅតែប្រកែកមិនព្រមទទួលស្គាល់នោះ។
លោកបន្ថែមថា អ្វីដែលពលរដ្ឋចង់បាន គឺត្រូវជ្រើសរើសមេភូមិណាដែលពលរដ្ឋភាគច្រើនពេញចិត្ត ហើយលោកក៏ឯកភាពចំពោះចំណុចនេះដែរ ពីព្រោះវាជាចំណុចដ៏ល្អមួយ ដោយលោកថា នឹងអាចមានការជ្រើសរើសមេភូមិថ្មីតម្រូវតាមចិត្តរបស់ពួកគាត់៖ «យកអ្នកដែលពលរដ្ឋពេញចិត្តដើម្បីដឹកនាំពួកគាត់ គ្រប់គ្រងពួកគាត់ រាល់ការងារអ្វីផ្សេងៗ នៅក្នុងមូលដ្ឋាន។ នេះជាសំណូមពររបស់គាត់។ ល្អ! ខ្ញុំឯកភាព អ៊ីចឹងបានជាខ្ញុំនឹងចុះទៅនៅថ្ងៃពុធក្រោយ។ ខ្ញុំទុកពេលឱ្យខ្ញុំពីរថ្ងៃ ថ្ងៃច័ន្ទ អង្គារ ខ្ញុំបង្កើតគណៈកម្មការរដ្ឋបាលនេះឱ្យទៅពិនិត្យថា តើរាល់ឯកសារទាំងអស់ហ្នឹងត្រឹមត្រូវ ឬទេ?ហើយយើងលើកយកសំណូមពររបស់ពលរដ្ឋទាំងនេះដាក់ជូនក្រុមប្រឹក្សាឃុំ សម្របសម្រួលគ្នាដើម្បីរកផ្លូវកណ្តាលមួយយកយុត្តិសាស្ត្រឈ្នះរបស់សម្តេចតេជោសែន យកមកឱ្យប្រជាពលរដ្ឋ»។
លោកបន្តថា ត្បិតតែពលរដ្ឋទាំងនោះមិនមានសិទ្ធិបោះឆ្នោតជ្រើសរើសមេភូមិដោយផ្ទាល់ក៏ដោយចុះ ប៉ុន្តែពួកគាត់ក៏អាចមានមតិលើកឡើងពីបេក្ខជនជាមេភូមិណាដែលពួកគាត់ពេញចិត្តនោះបានដែរ។ ពលរដ្ឋបានស្តាប់នូវការណែនាំពីសំណាក់អភិបាលស្រុករួច ពួកគាត់យល់ព្រមនាំគ្នាត្រឡប់មកផ្ទះវិញ នៅម៉ោងប្រមាណជា ៩ព្រឹក ដោយរង់ចាំការចុះទៅដោះស្រាយរបស់អាជ្ញាធរស្រុកតាមការសន្យា។
ពលរដ្ឋភូមិកេះម្នាក់ លោក ផា ភារៈ បញ្ជាក់ថា ពួកគាត់សម្រេចចិត្តឡើងមកសាលាស្រុកនោះ គឺចង់ឱ្យអាជ្ញាធរស្រុកជួយដោះស្រាយបញ្ហារបស់ពួកគាត់ ដោយសារតែពួកគាត់មិនអាចទទួលយកមេភូមិថ្មីដែលអាជ្ញាធរឃុំបានសម្រេចជ្រើសរើស កាលពីខែសីហា នោះបានឡើយ។ លោកបន្តថា ពលរដ្ឋអាចទទួលយកការសន្យារបស់អាជ្ញាធរស្រុកបាន ប៉ុន្តែពួកគាត់មិនទាន់ជឿជាក់ទាំងស្រុងនោះទេ ពីព្រោះកន្លងមកការសន្យារបស់អាជ្ញាធរឃុំបានធ្វើឱ្យពួកគាត់ខកចិត្តម្ដងរួចមកហើយ។
លោក ផា ភារៈ៖ «ខ្ញុំអាចទទួលយកបាន ក៏ប៉ុន្តែខ្ញុំមិនទាន់ជឿជាក់មួយរយភាគរយទេ។ ខ្ញុំមិនទាន់ជឿជាក់មួយរយភាគរយ ព្រោះអីខាងឃុំគេភូតខ្ញុំមួយហើយ ខាងឃុំគេភូតខ្ញុំមួយសា។ ខាងឃុំកាលពីថ្ងៃទី២៦ អូ! ថ្ងៃទី២៧ គេថាគេចុះមកផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋពួកខ្ញុំទទួលដឹងឭថាមេភូមិថ្មីជានរណា? ដល់អ៊ីចឹងទៅពួកខ្ញុំនៅតែរង់ចាំមើលរហូត។ អ៊ីចឹងខាងចៅហ្វាយស្រុកហ្នឹងពួកខ្ញុំក៏មិនទាន់ជឿជាក់មួយរយភាគរយដែរ»។
ចំណែកអ្នកស្រី សេង ឃីម វិញ យល់ថា ប្រសិនបើរើសមេភូមិមកបម្រើពលរដ្ឋដោយភាគច្រើននៃពលរដ្ឋទាំងអស់មិនពេញចិត្តហើយ អាចនឹងធ្វើឱ្យមានបញ្ហានៅក្នុងស្រុកភូមិមិនចេះចប់មិនចេះហើយជាក់ជាមិនខាន។
ដោយឡែកមន្រ្តីសម្រសម្រួលនៃសមាគមន៍ការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាម លោក នាង សុវ៉ាត យល់ថា អាជ្ញាធរទាំងអស់ រួមនឹងខាងក្រសួងមហាផ្ទៃ គប្បីយកចិត្តទុកដាក់ចំពោះបញ្ហានេះ ពីព្រោះការជ្រើសរើសមេដឹកនាំនៅតាមថ្នាក់មូលដ្ឋាន គឺដើម្បីឱ្យមានការអភិវឌ្ឍនៅក្នុងភូមិតាមរយៈការទំនាក់ទំនងល្អរវាងពលរដ្ឋ និងអាជ្ញាធរ ពោលគឺមិនមែនជ្រើសរើសមេភូមិឱ្យទៅប្រឆាំងពលរដ្ឋនោះទេ ដែលវានឹងអាចធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់អាជ្ញាធរ រួមនឹងធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។