អាដហុក​នឹង​ស៊ើប​អង្កេត​លើ​សន្តិសុខ​កាស៊ីណូ​នៅ​អូស្មាច់​ព្រួត​គ្នា​វាយ​ពលរដ្ឋ​ម្នាក់​របួស​ធ្ងន់

0:00 / 0:00

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ មាន​គម្រោង​នឹង​ចុះ​ស៊ើប​អង្កេត​ទៅ​លើ​កម្លាំង​សន្តិសុខ​របស់​កាស៊ីណូ​នៅ​តំបន់​អូស្មាច់ មួយ​ក្រុម ដែល​បាន​ព្រួត​គ្នា​វាយ​សំពង​ទៅ​លើ​ប្រជាពលរដ្ឋ​ម្នាក់ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ថា អំពើ​ហិង្សា​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង ដែល​សមត្ថកិច្ច​រដ្ឋាភិបាល​មិន​គួរ​ព្រងើយ​កន្តើយ​មិន​ចាត់​ការ​តាម​ច្បាប់​ដូច្នេះ​ទេ។

ប្រភព​ពី​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ និង​អង្គការ​សិទ្ធិ​មនុស្ស ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ២​នាក់ នៅ​សង្កាត់​អូស្មាច់ នៃ​ក្រុង​សំរោង បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ដោយសារ​តែ​កម្លាំង​សន្តិសុខ​របស់​កាស៊ីណូ​ជាច្រើន​នាក់ បាន​ព្រួត​គ្នា​វាយ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​ច្រក​អូស្មាច់ ១​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ គាត់​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​សីហា ថា កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១៥ ខែ​សីហា កន្លង​ទៅ លោក​បាន​ប្រទះ​ឃើញ​ក្រុម​មនុស្ស​ប្រុស​ប្រមាណ​ជិត ៤០​នាក់ ប្រដាប់​ដោយ​ដំបង ព្រួត​គ្នា​វាយ​សំពង​ទៅ​លើ​យុវជន ២​នាក់ នៅ​ជាប់​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​ថៃ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ក្នុង​ចំណោម​យុវជន​ដែល​គេ​ព្រួត​គ្នា​វាយ​នោះ លោក​ស្គាល់​ម្នាក់​ឈ្មោះ ហួ ចិត្រា អាយុ ២៣​ឆ្នាំ បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ៖ «សាច់រឿង​ចេញ​ពី​ណា​អី​ទៅ​ណា​នោះ ខ្ញុំ​អត់​បាន​ដឹង​ទេ ក៏ប៉ុន្តែ​ខ្ញុំ​ទាន់​ឃើញ​ប្រតាយ​គ្នា ដំបង​១​កំណាត់ៗ​ម្នាក់​រត់​ប្រសាច វាយ​តប់​គ្នា​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ហ្នឹង។ បើ​រាប់​ទៅ​ចូល ៣០-៤០​នាក់​ដែរ រយះ​ក្បាល​វា​ធ្ងន់​ដែរ ដល់​លលាដ៍​ដល់​អី​ដែរ ក៏ប៉ុន្តែ​វា​មិន​ធ្ងន់​ដល់​ថ្នាក់​ងើប​មិន​រួច​អី​ទេ។ គេ​ថា​សន្តិសុខ​កាស៊ីណូ ប៉ុន្តែ​គ្រាន់​ថា​វា​មិន​ឃើញ​មាន​ឯកសណ្ឋាន​អី​ច្បាស់​លាស់ គ្រាន់​តែ​ឃើញ​ទាហាន​ដែល​ការពារ​កាស៊ីណូ ២-៣​នាក់​នោះ គេ​នៅ​ជាមួយ​ដែរ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​កាស៊ីណូ​តំបន់​អូស្មាច់ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ប្រភព​ពី​ប្រជាពលរដ្ឋ ឱ្យ​ដឹង​ថា មូលហេតុ​ដែល​សន្តិសុខ​របស់​កាស៊ីណូ​ជាច្រើន​នាក់ ទៅ​ព្រួត​គ្នា​វាយ​សំពង​លើ​យុវជន ២​នាក់​នោះ ដោយសារ​គេ​ចោទ​ប្រកាន់​ថា ក្រុម​យុវជន​ទាំង​នោះ​ធ្លាប់​ទៅ​អុកឡុក​ដោយ​ប្រើ​ចម្ពាម​កៅស៊ូ បាញ់​ទៅ​លើ​បុគ្គលិក​របស់​កាស៊ីណូ​ជា​ញឹកញាប់។

បើ​ទោះ​បី​ជា​ក្រុម​សន្តិសុខ​របស់​កាស៊ីណូ​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ក៏ដោយ ក៏​ប៉ូលិស​ប៉ុស្តិ៍​អូស្មាច់ មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ប្រឆាំង​នឹង​អ្នក​ប្រើ​ហិង្សា​ទាំង​នោះ​ទេ។

កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​ជាមួយ លោក ជ័យ វាសនា ដែល​ជា​ប្រធាន​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូស្មាច់ បាន​ទេ។

ចំណែក​ចៅ​សង្កាត់​អូស្មាច់ លោក ភេម សំអាត មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នោះ​នៅ​ឡើយ។ លោក ភេម សំអាត បញ្ជាក់​ថា ប្រសិន​បើ​កម្លាំង​សន្តិសុខ​របស់​កាស៊ីណូ​ជាច្រើន ពិត​ជា​បាន​ព្រួត​គ្នា​វាយ​ប្រជាពលរដ្ឋ​មែន គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​តែ​ចាត់​វិធានការ​តាម​ច្បាប់៖ «បទ​បង្ក​របួស​ស្នាម អំពើ​ហិង្សា​ត្រូវ​តែ​ដោះស្រាយ។ ចាំ​មើល​ខ្ញុំ​ស៊ើបសួរ​ទៅ​ប៉ូលិស​សិន»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា លោក​ទើប​តែ​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​នេះ។ អង្គការ​អាដហុក នឹង​ចុះ​ស៊ើប​អង្កេត​លើ​ករណី​នោះ​ឱ្យ​បាន​ឆាប់​បំផុត។

ព័ត៌មាន​បន្ថែម៖

នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​អូស្មាច់ ​ក្រុង​សំរោង ​ខេត្ត​ឧត្តរមានជ័យ បាន​ជូន​ដំណឹង​ថាព័ត៌មាន​​​អំពី​កម្លាំង​សន្តិសុខ​របស់​កាស៊ីណូ១​ក្រុម ព្រួត​គ្នា​វាយ​សំពង​ទៅ​លើ​យុវជន ២​នាក់​បណ្ដាល​ឱ្យ​យុវជន​​ម្នាក់ ក្នុង​ចំណោម​​នោះ រង​របួស​ក្បាល​ធ្ងន់ធ្ងរ​កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥ ខែ​សីហា គឺ​មិន​មែន​​​នៅ​​ក្នុង​ទឹក​ដី​អូស្មាច់​ទេ។

​នាយ​ប៉ុស្តិ៍​នគរបាល​អូស្មាច់ ​គឺ​លោក ​ជ័យ​ វាសនា។ លោក​មាន​ប្រសាសន៍​​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១៧ ​​ខែ​សីហា ថា ហេតុការណ៍​ដែល​ក្រុម​សន្តិសុខ​កាស៊ីណូ ​ជិត ៤០​នាក់ ព្រួតគ្នា​វាយ​សំពង​ទៅ​លើ​​យុវជន ២​នាក់ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ គឺ​នៅ​កាស៊ីណូ ច្រក​ព្រំដែន​​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។