អង្គការសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរខេត្តក្រចេះ ស៊ើបអង្កេតបន្ទាន់ករណីជនមិនស្គាល់មុខលួចកាប់យុវជនការពារព្រៃឡង់ម្នាក់រងរបួសធ្ងន់។ ការលើកឡើងនេះ បន្ទាប់ពីសកម្មជនការពារព្រៃឡង់ម្នាក់ក្នុងចំណោម ៦១នាក់ បានចុះល្បាតព្រៃឡង់ និងបានបោះតង់សម្រាកក្នុងព្រៃ ត្រូវជនមិនស្គាល់អត្តសញ្ញាណ លបកាប់នឹងពូថៅពីរកន្លែងផ្សេងគ្នាត្រង់ប្រអប់ជើងខាងឆ្វេង និងក្រោមជង្គង់។
យុវជនការពារព្រៃឡង់ ឲ្យដឹងថា ស្ថានភាពជំងឺស្ត្រីម្នាក់ជាយុវជនការពារព្រៃឡង់ មិនទាន់ធូរស្រាលទេ បន្ទាប់ពីគាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជននៅក្រុងក្រចេះ កាលពីថ្ងៃទី២៧ មីនា។
ទន្ទឹមនឹងនេះ ពួកគេចង់ឲ្យអាជ្ញាធរខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធ ស៊ើបអង្កេតបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគេក្នុងការអភិរក្សព្រៃឈើនៅតំបន់ព្រៃឡង់ដែលនៅសេសសល់ចុងក្រោយ កំពុងរងការកាប់បំផ្លាញឥតឈប់ឈរ។
តំណាងយុវជនការពារព្រៃឡង់ លោក ឯក វណ្ណា រៀបរាប់ថា យុវជនការពារព្រៃឡង់ជាជនជាតិខ្មែរ គឺកញ្ញា ផន សុភ័ក្ភ្រ ត្រូវជនមិនស្គាល់មុខលបកាប់នឹងពូថៅត្រង់ជើងខាងឆ្វេង នៅពាក់កណ្ដាលអធ្រាត្រយប់ថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ មីនា ខណៈពួកគេកំពុងសម្រាកក្នុងអង្រឹងត្រង់ចំណុចអូរតាជើល នៃឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
លោកចាត់ទុកថា ករណីនេះជាចេតនាគំរាមកំហែងបំបាក់ស្មារតីយុវជនការពារព្រៃឈើពីក្រុមជនល្មើសកាប់បំផ្លាញព្រៃឈើ បន្ទាប់ពីពួកគាត់បានចាប់ម៉ាស៊ីនអារឈើ ១៤គ្រឿង និងសម្ភារៈកាប់ឈើមួយចំនួនទៀត ព្រមទាំងឃាត់ខ្លួនជនសង្ស័យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបំផ្លាញព្រៃឈើ។ ពួកគេប្ដេជ្ញាថា នឹងបន្តកិច្ចខំប្រឹងប្រែងចុះល្បាតជាប្រចាំនៅតំបន់ព្រៃឡង់ ក្នុងគោលដៅទប់ស្កាត់បទល្មើសព្រៃឈើ និងដើម្បីអភិរក្សធនធានធម្មជាតិដែលជាសរសៃឈាមសត្វកម្រមួយចំនួនរស់នៅទីនោះ និងជាប្រភពចំណូលជនជាតិដើមភាគតិច បើទោះបីជាសមាជិកពួកគេរងរបួសក្តី៖ « ពិភាក្សាគ្នាថាត្រូវយកគាត់មកពេទ្យដោយសារខ្លាចជនល្មើសគាត់ស្ទាក់ មានស្ថានភាពងងឹត ហើយយប់ជ្រៅ យើងរង់ចាំរហូតដល់ម៉ោង ៥ភ្លឺ បាននាំគាត់ចេញមកមន្ទីរពេទ្យ។ មុខរបួសវាធំពេកកាប់ដល់ឆ្អឹងតែម្តង »។
លោក វណ្ណា បារម្ភថា បច្ចុប្បន្ន ស្ថានភាពព្រៃឡង់កំពុងរងការកាប់បំផ្លាញឥតឈប់ឈរ ហាក់ពុំមានការយកចិត្តទុកដាក់អភិរក្សពីអាជ្ញាធរជំនាញ និងសមត្ថកិច្ចរដ្ឋាភិបាលទេ។ លោកថា បើរដ្ឋាភិបាលនៅតែព្រងើយកន្តើយមិនអភិរក្សព្រៃឡង់ឲ្យទាន់ពេលទេ វាសនាព្រៃឈើដ៏ធំរបស់កម្ពុជា សម្រាប់កូនខ្មែរជំនាន់ក្រោយ អាចនឹងវិនាសនៅពេលខ្លីខាងមុខ៖ « ខ្ញុំអង្កេតមើលការកាប់ទន្ទ្រានព្រៃឡង់ វាទ្វេដងតែម្តង បទល្មើសទើបតែចូលទៅតែម្តង។ ខ្ញុំស្ដាយមែនទែនដើមឈើធំៗ ពិសេសតែម្តង »។
យុវជនការពារព្រៃឡង់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនក្នុងក្រុងក្រចេះ កញ្ញា ផន សុភ័ក្ភ្រ ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ជនមិនស្គាល់មុខបានលបកាប់នាងនឹងពូថៅ ខណៈនាងកំពុងគេងលើអង្រឹងក្បែរម៉ូតូ ហើយម៉ូតូបានដួលលើនាង។ កញ្ញាបន្តថា ជនមិនស្គាល់មុខទំនងកាប់នាងតម្រង់រកក្បាល ប៉ុនប៉ងធ្វើឃាតនាង តែសំណាងយប់ងងឹត ដែលគេមើលមិនឃើញ ក៏កាប់ត្រូវចំជើងឆ្វេងវិញ៖ « ខ្ញុំអត់ចាប់អារម្មណ៍ថាគេកាប់ទេ។ ខ្ញុំដឹងថាដួលម៉ូតូ ខ្ញុំលើកជើងមកមើលមុតជ្រៅ ព្រោះវាងងឹត។ អ្នកនៅជិតហ្នឹងផ្អើលគាត់យកភ្លើងមកបញ្ចាំងទៅ ខ្ញុំក្រឡេកមួយភ្លែតមុតជ្រៅម៉ង »។
ឆ្លើយតបរឿងនេះ អធិការដ្ឋាននគរបាលស្រុកសំបូរ ខេត្តក្រចេះ លោក ប៊ុន ឈៀន បញ្ជាក់ថា សមត្ថកិច្ចពុំទាន់ទទួលពាក្យបណ្ដឹងករណីនេះទេ តែលោកទទួលព័ត៌មានពីអាជ្ញាធរខេត្ត។ លោកថា លោកបានចាត់ឲ្យសមត្ថកិច្ចចុះទៅស៊ើបអង្កេតនៅតំបន់នោះ កាលពីថ្ងៃទី២៧ មីនា តែពុំទាន់ទទួលបានលទ្ធផលឡើយ។
ដោយឡែកអភិបាលស្រុកសំបូរ លោក សូម សារិត ឲ្យដឹងថា លោកក៏ពុំទាន់ទទួលព័ត៌មាននេះដែរ តែលោកនឹងអន្តរាគមន៍នៅពេលទទួលព័ត៌មាននេះ៖ « ត្រូវតែស្រាវជ្រាវត្រូវតែធ្វើតាមច្បាប់ហើយ »។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា សកម្មជនការពារព្រៃឈើពុំទាន់ត្រូវបានការពារសុវត្ថិភាពពេញលេញពីអាជ្ញាធររដ្ឋាភិបាលនោះទេ។ ផ្ទុយទៅវិញ ពួកគេរងការគំរាមកំហែង ប្រើអំពើហិង្សា និងការបាញ់សម្លាប់ទៅវិញ។ លោកទាមទារឲ្យអាជ្ញាធរប្រឹងប្រែងវែកមុខជនល្មើសជាបន្ទាន់ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ លោកចាត់ទុកករណីនេះ ជាបំណងធ្វើឃាតដោយចេតនា និងជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ « លោកគួរតែពិនិត្យនៅមន្ទីរពេទ្យធ្វើការសិក្សាស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ រហូតដល់ថ្ងៃនេះ មិនទាន់មានវិធានការណាមួយពីរាជរដ្ឋាភិបាលនៅឡើយទេ។ គាត់ចាត់ទុកថា អ្នកណាងាប់ក៏ងាប់ទៅ ធ្វើម៉េចគាត់យកចិត្តទុកដាក់ការពារក្រុមឈ្មួញឧកញ៉ាទាំងនោះ »។
បន្ថែមលើនេះ មន្ត្រីសិទ្ធិមនុស្សមិនចង់ឲ្យវាសនាអ្នកការពារព្រៃឡង់ ដូចអតីតសកម្មជនការពារធនធានធម្មជាតិដូច លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់នៅខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ឡើយ។
ដូចគ្នានេះដែរ ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង មិនសង្ឃឹមសោះឡើយនូវពន្លឺយុត្តិធម៌សម្រាប់យុវជនការពារព្រៃឡង់ ដោយសារលោកមិនទុកចិត្តប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។ តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលគួរយកចិត្តទុកដាក់បង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាពដល់សកម្មជនការពារព្រៃឈើ និងពិនិត្យស្ថានភាពជំងឺរបស់យុវជនការពារព្រៃឡង់ ដែលកំពុងមានរបួស៖ « អាជ្ញាធរមកដល់ពេលនេះមិនទាន់បានកំណត់ជនសង្ស័យទេ។ យើងឃើញថា សង្គមយើងពោរពេញដោយអសុវត្ថិភាព ដោយសារមន្ត្រីនគរបាលយុត្តិធម៌មិនប្រតិបត្តិច្បាប់ឲ្យតឹងរ៉ឹង »។
យុវជនការពារព្រៃឡង់ ទទូចឲ្យរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ចាត់វិធានការពង្រឹងច្បាប់ស្ដីពីព្រៃឈើ ដោយដកហូតសម្ភារៈអារឈើខុសច្បាប់ និងទីតាំងធ្វើអាជីវកម្មនៅជុំវិញព្រៃឡង់ ព្រមទាំងកាត់ទោសតាមច្បាប់ដល់មន្ត្រីអាជ្ញាធរដែនដី និងឈ្មួញណាដែលជាប់ពាក់ព័ន្ធរកស៊ីឈើខុសច្បាប់។ ពួកគេចាត់ទុកព្រៃឡង់មានសារសំខាន់បំផុតសម្រាប់មនុស្សរាប់សែននាក់ ដែលកំពុងទទួលផលនៅតំបន់នោះ ជាពិសេសជនជាតិដើមភាគតិច ដែលមានជីវភាពពឹងផ្អែកលើអនុផលព្រៃឈើ ដូចជា ដងជ័រទឹក បោចវល្លិ រកឃ្មុំ និងបេះបន្លែផ្លែឈើ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។