ថ្ងៃទីបីនៃព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ក៏មិនខុសពីថ្ងៃទីមួយ និងថ្ងៃទីពីរដែរ គឺនៅពេលថ្ងៃពុំមានពលរដ្ឋប្រមូលផ្តុំនៅមុខព្រះបរមរាជវាំង មាត់ទន្លេ រមណីយដ្ឋានវត្តភ្នំ ឬនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រច្រើននោះទេ។ អ្នកលក់ដូរនៅមុខវាំង ទីកន្លែងដែលធ្លាប់មានពិធីអុំទូក រអ៊ូរទាំថា នៅឆ្នាំនេះលក់ដូរមិនដាច់ទេ បើប្រៀបធៀបនឹងពិធីបុណ្យអុំទូកដែលមានការប្រណាំងទូក។
បើទោះជាក្រុមអាជីវករ ប្រឹងចាក់បទភ្លេង និងចម្រៀងឲ្យដង្ហោយហៅអ្នកទិញយ៉ាងណាក្តី ក៏នៅតាមស្តង់លក់ទំនិញកន្លែងខ្លះក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ មិនសូវមានមនុស្សចូលទៅមើលឡើយ។
អាជីវករមួយចំនួនចាប់តាំងពីអ្នកលក់ដូរតូចតាច រហូតដល់ម្ចាស់ស្តង់ទំនិញ លើកឡើងថា ព្រះរាជពិធីបុណ្យអុំទូកដែលគ្មានការប្រណាំងទូក មិនបានទាក់ទាញមហាជនទូទៅឲ្យមកដើរកម្សាន្តច្រើននោះទេនៅភ្នំពេញ។
អ្នកលក់នំបញ្ចុកនៅមុខវាំង លោកស្រី គត់ ភាន ប្រាប់ថា ឆ្នាំនេះលោកស្រីលក់ដូរមិនសូវដាច់ទេ ព្រោះមិនសូវមានអ្នកមកលេងនៅមុខវាំង។ ស្ត្រីវ័យជាង ៣០ឆ្នាំ មានសម្បុរសណ្ដែកបាយ រៀបរាប់ទាំងទឹកមុខក្រៀមក្រំថា ឆ្នាំនេះស្ងាត់ណាស់៖ «អត់សូវដាច់ទេ បើអុំទូកលក់ដាច់ណាស់ ឆ្នាំនេះអត់សូវមានមនុស្សសោះ»។
កន្លងទៅ នៅពេលមានពិធីបុណ្យអុំទូកម្តងៗ ប្រជាពលរដ្ឋតែងតែនាំគ្នាឡើងមកលេងកម្សាន្តនៅក្រុងភ្នំពេញ។ ប្រជាពលរដ្ឋទាំងនោះ អាចដើរទស្សនាកម្សាន្តនៅតាមមាត់ទន្លេ វិមានឯករាជ្យ ព្រះបរមរាជវាំង វត្តភ្នំ និងសារមន្ទីរជាតិ ជាដើម។ ប៉ុន្តែនៅឆ្នាំនេះ ពលរដ្ឋភាគច្រើនបែរជាសម្រុកចាកចេញពីភ្នំពេញវិលទៅស្រុកកំណើត ឬដើរកម្សាន្តនៅតាមបណ្ដាខេត្ត ដូចជា ខេត្តសៀមរាប ឬខេត្តព្រះសីហនុ ជាដើម។
អ្នកលក់ស្បែកជើងម្នាក់ គឺលោក លី សុខា ប្រាប់ថា បុណ្យអុំទូកឆ្នាំនេះ លោកប្ដូរទីតាំងលក់នៅម្តុំផ្សារកណ្ដាលក្បែរមាត់ទន្លេ ទៅលក់នៅក្នុងបរិវេណទីក្រុងកោះពេជ្រវិញ។ លោកបន្តថា ការប្ដូរទីតាំងលក់នេះ ព្រោះកន្លែងដែលធ្លាប់លក់ពុំសូវមានមនុស្សច្រើនទេ នៅពេលគ្មានការប្រឆាំងទូក។ បុរសរូបនេះឲ្យដឹងថា ទីតាំងថ្មីដែលលោកមកលក់ គឺភ្ញៀវចូលច្រើន ព្រោះជាតំបន់ទេសចរណ៍៖ «បើសិនបន្តលក់នៅផ្សារកណ្ដាល ប្រហែលលក់មិនដាច់ទេ ព្រោះមនុស្សតិចណាស់ ចឹងហើយខ្ញុំប្ដូរមកលក់នៅកោះពេជ្រវិញ»។
រដ្ឋាភិបាលក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន បានប្រកាសផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ អស់រយៈពេល ៤ឆ្នាំមកហើយ គិតមកដល់ឆ្នាំ២០១៥ នេះ។ ចាប់តាំងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ បន្ទាប់ពីមានហេតុការណ៍រត់ជាន់គ្នានៅលើស្ពានកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ធ្វើឲ្យមនុស្សស្លាប់ ៣៥៣នាក់ គ្រោះទឹកជំនន់ និងការយាងសោយទិវង្គតនៃព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ។
ព្រះរាជពិធីនេះ បានប្រារព្ធឡើងវិញកាលពីឆ្នាំ២០១៤ បន្ទាប់ពីស្ថានការណ៍នយោបាយត្រូវបានដោះស្រាយ ដែលកាលនោះ មានទាំងប្រមុខមន្ត្រីបក្សកាន់អំណាច និងប្រមុខមន្ត្រីបក្សប្រឆាំងចូលរួម។
ពលរដ្ឋដើរលំហែក្នុងពិធីបុណ្យអុំទូក លោកស្រី ពេជ្រ ស្រីមុំ និយាយថា លោកស្រីបានដើរលេងច្រើនកន្លែងក្នុងរយៈពេលបីថ្ងៃនេះ ប៉ុន្តែពលរដ្ឋរូបនេះ ក្រៅពីឃើញទស្សនីយភាពនានា លោកស្រីចង់ឃើញមានពិធីប្រណាំងទូក៖ «សុំឲ្យឆ្នាំក្រោយមានបុណ្យអុំទូកឡើងវិញ ព្រោះខ្ញុំចង់ឃើញ កុំឲ្យប្រពៃណីខ្មែរយើងបាត់ទៅៗចឹងទេ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ថា រយៈពេលពីរថ្ងៃនៃពិធីបុណ្យអុំទូកនៅភ្នំពេញ មានពលរដ្ឋចូលរួមជាង ១៥ម៉ឺននាក់។ លោកបន្តថា សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គឺមានលក្ខណៈល្អប្រសើរ។
ទាក់ទងការធ្វើដំណើររបស់ពលរដ្ឋនេះដែរ របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេលបីថ្ងៃគិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ វិច្ឆិកា នៃព្រះរាជពិធីបុណ្យអុំទូក មានមនុស្ស ១៦នាក់បានស្លាប់ និង ៦១នាក់រងរបួស ក្នុងនោះ ៥០នាក់រងរបួសធ្ងន់ និង ១១នាក់ទៀតរងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោក ហ៊ុន សែន បានព្យាយាមពន្យល់ពលរដ្ឋពីការផ្អាកពិធីបុណ្យអុំទូកនេះថា ដោយសារកម្ពស់ទឹកទន្លេសាប មិនគ្រប់កម្រិតដែលអាចអុំទូកបាន ខណៈមតិមួយចំនួនថា លោក ហ៊ុន សែន មិនឲ្យមានពិធីបុណ្យអុំទូក ព្រោះខ្លាចពលរដ្ឋប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។