រហូតមកដល់ថ្ងៃទី១៩ តុលា ក្រុមសហជីពនៅតែខ្វែងគំនិតគ្នា លើការកំណត់ចំនួន ប្រាក់ឈ្នួលរួមមួយ សម្រាប់កម្មករក្នុងវិស័យកាត់ដេរ ដើម្បីយកទៅជជែកចរចា ក្នុងកិច្ចប្រជុំត្រីភាគី ជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងខាងសមាគមនិយោជករោងចក្រកាត់ដេរកម្ពុជា។ ការប្រជុំនេះ គ្រោងធ្វើចាប់ពី ថ្ងៃទី២០ដល់ថ្ងៃ៣០តុលា ឆ្នាំ២០១៤។
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាឬហៅកាត់ជាភាសាអង់គ្លេសថា ហ្វេស ធី យូ (FTU) បានស្ទង់មតិកម្មករនៅតាមបណ្ដារោងចក្រ ចំនួន៧៧កន្លែងផ្សេងគ្នាដើម្បីស្ទាបស្ទង់ ទឹកចិត្តពួកគេពី ចំនួនប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០១៥។
មន្ត្រីសហជីព FTU នៅថ្នាក់មូលដ្ឋានជិត១០០នាក់ មកពីខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្ដាល តាកែវ និងនៅរាជធានីភ្នំពេញ មកជួបជុំគ្នានៅព្រឹកថ្ងៃទី១៩ តុលា នៅស្នាក់ការកណ្ដាល នៅក្នុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ដើម្បីជជែកគ្នាពីការកំណត់ចង់បានប្រាក់ខែគោលរបស់ កម្មករ។
ប្រធានសហជីពFTU លោក ជា មុន្នី ឲ្យដឹងថាជាលទ្ធផល កម្មករទាំងនោះចង់បានប្រាក់ខែគោល ខ្ពស់ជាងសព្វថ្ងៃ។ តាមការស្រាវជ្រាវ របស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០១២ រកឃើញថា កម្មករកាត់ដេរ ត្រូវការប្រាក់ខែចន្លោះ ពី១៥៧ទៅ១៧៧ដុល្លារ ដើម្បីអាចរស់បានសមរម្យ។ ប៉ុន្តែកម្មករបារម្ភថា ការទាមទារដំឡើងប្រាក់ ខែយ៉ាងគំហុកនេះ អាចប្រឈមឲ្យក្រុមហ៊ុន ឬរោងចក្រមួយចំនួន មិនអាចរត់រួច ឬដំណើរការបាន ដូច្នេះជំហររបស់កម្មករទាំងនោះ គឺចង់បានក្នុងកម្រិតមួយ ដែលអាចទទួលបានទាំងសងខាង គឺចន្លោះពី១៣០ដុល្លារ ទៅ១៤០ដុល្លារ។ សំឡេង
ការស្ទង់មតិរបស់កម្មករនេះ ធ្វើឡើងមួយថ្ងៃមុនពេលដែលសហជីពFTU និងសហព័ន្ធសហជីព៨ ផ្សេងទៀត នឹងចូលប្រជុំត្រីភាគីចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី៣០ តុលា ដែលមានសមាសភាពពីក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហជីព និងសមាគមនិយោជករោងចក្រកាត់ដេរកម្ពុជា ដើម្បីទម្លាយ ការជាប់គាំងរឿងដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករក្នុងឆ្នាំ២០១៥។
យ៉ាងណាជំហរទាមទារប្រាក់ឈ្នួលរបស់សហជីពFTU សម្រាប់កម្មករចន្លោះ១៣០ទៅ១៤០ដុល្លារ នេះហាក់ទាបជាងជំហររបស់សហជីពផ្សេងទៀត។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បញ្ជាក់ថាសហជីពលោកនៅតែប្រកាន់ ជំហរទាមទារប្រាក់ឈ្នួល១៥០ដុល្លារដល់កម្មករ ត្បិតជំហរដំបូងលោកចង់ឲ្យមានការដំឡើងរហូត ដល់១៧៧ដុល្លារដូចការស្រាវជ្រាវរកឃើញរបស់រាជរដ្ឋាភិបាល។
ជំហរទាមទារ១៥០ដុល្លារនេះ ខាងសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C.CAWDU) ដែលគ្រោងចូលរួមប្រជុំត្រីភាគីក៏បានគាំទ្រដែរ។ ប៉ុន្តែមានសហជីពខ្លះនៅ ប្រកាន់ជំហរទាមទារប្រាក់ឈ្នួលឲ្យកម្មករដល់១៧៧ដុល្លារ ហើយក្រុមសហជីពខ្លះទៀតមិនបាន ប្រកាន់ជំហរអ្វីទេ តែបើខាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រេចដំឡើងប៉ុន្មាននោះ គឹចាំតែយល់ព្រមតាមក្រសួង។
យ៉ាងណាការខ្វែងគំនិតគ្នា ខាងសហជីពបញ្ជាក់ថាពួកគេនឹងមានកិច្ចប្រជុំរួមគ្នាមួយ ដើម្បីដោះស្រាយពីរឿងនេះ។
លោក ប៉ាវ ស៊ីណា ពន្យល់ថានៅថ្ងៃទី២០តុលា កិច្ចប្រជុំត្រីភាគី នៅមិនទាន់ចាប់ផ្តើមភ្លាមៗទេ។ ភាគីទាំងអស់ រួមមានភាគីក្រសួងការងារ ខាងសហជីព និងថៅកែរោងចក្រ និងប្រជុំរៀងៗខ្លួន ឬប្រជុំជា៣ក្រុមផ្សេងៗគ្នាជាមុន ដើម្បីឲ្យភាគីទាំងនោះអាចកំណត់ជំហររួមគ្នាជាមុនសិន មុននឹងសម្រេច មកចរចាត្រីភាគីពីការដំឡើងប្រាក់ឈ្នួលឲ្យកម្មករ។
ក្នុងកិច្ចប្រជុំកន្លងមក ភាគីនិយោជកធ្លាប់អះអាងថា មានលទ្ធភាពដំឡើងប្រាក់ឈ្នួលបានត្រឹម១៥ ដុល្លារ បន្ថែមលើប្រាក់ឈ្នួលគោលសព្វថ្ងៃចំនួន១០០ដុល្លារ។ រីឯភាគីសហជីពទាមទារដំឡើងរហូត ដល់១៧៧ដុល្លារក្នុងមួយខែ។ ការខ្វែងគំនិតគ្នានេះ បានរុញច្រានឲ្យនិយោជកទម្លាក់ថ្លៃពី១៥ដុល្លារ មកត្រឹម១០ដុល្លារ ឬមានន័យថាកម្មករអាចទទួលប្រាក់ឈ្នួល១១០ដុល្លារសម្រាប់ឆ្នាំ២០១៥។
រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ធ្លាប់អះអាងថា ការកំណត់ ប្រាក់ខែគោលរបស់កម្មករនៅឆ្នាំ២០១៥ នឹងអាចទៅរួច ហើយតួលេខដែលភាគី ទាំងពីរខ្វែងគំនិត គ្នានោះ នឹងអាចរកចំណុចរួមបាន។ លោកបន្តថាក្រុមការងារនឹងបន្តពិភាក្សាគ្នាចាប់ពីថ្ងៃទី២០តុលា រហូតឈានទៅដល់ការស្រុះស្រួលគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។