កម្មករនៅរោងចក្រផលិតស្រាបៀអង្គរជាច្រើនរយនាក់ យល់ព្រមចូលធ្វើការវិញនៅរសៀលថ្ងៃសុក្រ ទី៩ ខែឧសភា បន្ទាប់ពីភាគីក្រុមហ៊ុនយល់ព្រមដំឡើងប្រាក់ឈ្នួលគោល ដោយបន្ថែម ៣០ដុល្លារ ទៅលើប្រាក់ឈ្នួលដែលមានស្រាប់។
កម្មករម្នាក់ថ្លែងដោយមិនប្រាប់ឈ្មោះថា បន្ទាប់ពីចរចារវាងតំណាងកម្មករ និងភាគីក្រុមហ៊ុនខេមប្រ៊ូរ (Cambrew) អស់រយៈពេលប្រហែល ៣ម៉ោង ខាងក្រុមហ៊ុនបានយល់ព្រមដំឡើងប្រាក់អោយកម្មករទាំងអស់ចំនួន ៣០ដុល្លារបន្ថែម។ ហេតុនេះ កម្មករដែលទើបនឹងចូលថ្មី និងកម្មករជាច្រើនទៀតនៅផ្នែកជាង នឹងបានទទួលប្រាក់ខែគោលចំនួន ១៥០ដុល្លារ ដូចនឹងការទាមទារ។
កម្មករជាច្រើនរយនាក់ក្នុងចំណោមកម្មករសរុបជាង ១ពាន់នាក់ នៅរោងចក្រផលិតស្រាបៀអង្គរ នៃក្រុមហ៊ុនខេមប្រ៊ូរ ឋិតក្នុងសង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ បានចាប់ផ្ដើមតវ៉ាដោយមិនចូលធ្វើការ កាលពីថ្ងៃទី៨ ខែឧសភា ទាមទារអោយក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលគោលទៅអោយកម្មករផ្នែកជាង និងកម្មករចូលថ្មី អោយបាន ១៥០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។