សហជីព៖ កម្មករ​ពន្យារ​ពេល​ឈប់​សម្រាក​ក្រោយ​ចូល​ឆ្នាំ​ជា​លទ្ធផល​ការ​តស៊ូ​មតិ

0:00 / 0:00

ក្រុម​មេដឹកនាំ​សហជីព​បាន​អះអាង​ថា ភាគី​រោងចក្រ​ពន្យារ​ពេល​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច រហូត​ដល់​ថ្ងៃ​ទី​២១ មេសា គឺ​ជា​លទ្ធផល​ពី​ការ​តស៊ូ​មតិ​របស់​ពួកគេ។ ប៉ុន្តែ​ក្នុង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជូន​ដំណឹង​ស្ដី​អំពី​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​មាន​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា។

មេដឹកនាំ​សហជីព​មួយ​ចំនួន​ឲ្យ​ដឹង​ថា ក្រោយ​ពី​យុទ្ធនាការ​កម្មករ​ធ្វើ​កូដកម្ម​នៅ​តាម​ផ្ទះ​មិន​ចូល​ធ្វើ​ការ ត្រូវ​បិទ​បញ្ចប់​នៅ​ដើម​សប្ដាហ៍​ខាង​មុខ​នេះ ចំណែក​យុទ្ធសាស្ត្រ​បន្ទាប់​ដើម្បី​ទាមទារ​យុត្តិធម៌​ដល់​អ្នក​ជាប់​ឃុំ​ទាំង ២១​នាក់ និង​សកម្មភាព​ដំឡើង​ប្រាក់​ឈ្នួល​យ៉ាង​តិច ១៦០​ដុល្លារ សម្រាប់​កម្មករ​ត្រូវ​ប្រាកដ​ថា​នឹង​រៀបចំ​បន្ត​ទៀត​មិន​រា​ថយ​ឡើយ។

លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​ជា​សមាជិក​សហជីព​ក្នុង​ចំណោម​សម្ព័ន្ធ​សមាគម និង​សជីព​ទាំង ១៨​ស្ថាប័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មេសា ថា ក្រោយ​ពី​យុទ្ធនាការ​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ប្រាក់​ឈ្នួល​ដ៏​តិចតួច ព្រម​ទាំង​ទាមទារ​ឲ្យ​ដោះលែង​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មនុស្ស ២០​នាក់​ផ្សេង​ទៀត បាន​កន្លង​ផុត​ក្នុង​រយៈ​ពេល ២​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។ ចំណែក​ខាង​សម្ព័ន្ធ​សហជីព​ទាំង ១៨ នឹង​រៀបចំ​ផែន​ការ​បន្ទាប់ ប្រសិន​បើ​ការ​ទាមទារ​របស់​ខ្លួន​នៅ​តែ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដោះស្រាយ និង​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។

លោក​បន្ត​ថា៖ «បន្ទាប់​ពី​សកម្មភាព​យើង​នេះ ហៅ​ថា ត្រូវ​បាន​បញ្ចប់ ។ ដូច្នេះ​សហជីព​យើង​នឹង​ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី និង​ហៅ​ថា ផែនការ​ថ្មី ដើម្បី​រៀបចំ​ធ្វើ​បន្ត​ទៀត។ ប៉ុន្តែ​បញ្ចប់​ថ្ងៃ​ទី​២២ នេះ យើង​មាន​គម្រោង​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី​១ ឧសភា ដែរ ដើម្បី​រៀបចំ​ថ្លែង​សារ​ទៅ​កាន់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ជុំវិញ ការ​ទាមទារ​របស់​យើង។ អ៊ីចឹង​មាន​ន័យ​ថា សកម្មភាព​សហព័ន្ធ​សហជីព​យើង មិន​មាន​ការ​ថយ​ទេ គឺ​នៅ​តែ​បន្ត​ហៅ​ថា គ្រប់​សកម្មភាព​ដដែល»

នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់ ក្រុម​សម្ព័ន្ធ​សហជីព​ចំនួន ១៨​ស្ថាប័ន បាន​អំពាវនាវ​ឲ្យ​កម្មករ​នៅ​តាម​រោងចក្រ ធ្វើ​កូដកម្ម​នៅ​តាម​ផ្ទះ មិន​ចូល​ធ្វើ​ក្រោយ​ត្រឡប់​ពី​ចូល​ឆ្នាំ​វិញ។ យុទ្ធនាការ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២២ នេះ គឺ​ជា​អ្វី​ដែល​ក្រុម​សហជីព​ហៅ​ថា ជា​ការ​ប្រឆាំង​ទៅ​នឹង​ប្រាក់​ខែ មិន​អាច​រស់​បាន​របស់​កម្មករ​ហើយ ទាមទារ​ឲ្យ​ដោះលែង​ក្រុម​សហជីព និង​កម្មករ ២១​នាក់ ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ដ៏​ហិង្សា​កាល​ពី​ដើម​ឆ្នាំ​២០១៤។

ចំណែក​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) ឲ្យ​ដឹង​ដែរ​ថា ថ្វី​បើ​នៅ​ពេល​នេះ កម្មករ​ត្រូវ​បាន​ភាគី​រោងចក្រ​​ផ្ដល់​សិទ្ធិ​ឲ្យ​ឈប់​រហូត​ដល់​ថ្ងៃ​ទី​២១ ទើប​ចូល​ធ្វើ​ការ​ជា​ធម្មតា​ឡើង​វិញ ក៏​ពិត​មែន​ដែល​វា​ស៊ី​ទៅ​នឹង​ការ​អំពាវនាវ​របស់​សហជីព នោះ​ពុំ​មែន​ន័យ​ថា យុទ្ធនាការ​របស់​សហជីព​ដែល​ទាមទារ​ឲ្យ​កម្មករ​មិន​ចូល​ធ្វើ​ការ​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​រួច​នោះ ត្រូវ​បរាជ័យ​ឡើយ។ ក៏​ប៉ុន្តែ​លោក អាត់ ធន់ ថ្លែង​ដោយ​មោទនភាព​ថា ទាំង​នេះ​ជា​ការ​តស៊ូ​មតិ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​សហជីព និង​កម្មករ បើ​ទោះ​ជា​មើល​ទៅ​ឃើញ​រូប​ភាព​ហាក់​ដូច​អូស​ទូក​បណ្ដោយ​ទឹក​ក្ដី។ លោក​ចាត់​ទុក​ថា ព្រោះ​ជា​ទម្លាប់​គេ​កម្រ​បាន​ឃើញ​ភាគី​រោងចក្រ​អនុញ្ញាត​ច្បាប់​កម្មករ​បាន​ឈប់​សម្រាក​ច្រើន​ថ្ងៃ​ដូច​អ្វី​ដែល​ក្រុម​សហជីព ទាមទារ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដូច្នេះ​ឡើយ។

លោក អាត់ ធន់៖ «យើង​មិន​ខ្វល់​ថា​និយោជក​ឲ្យ ឬ​និយោជក​មិន​ឲ្យ ឬ​ក៏​ខាង​កម្មករ​ព្រម ឬ​មិន​ព្រម​ទេ។ សំខាន់​ថា អ្វី​ដែល​នៅ​ក្នុង​អំឡុង​ពេល​ដែល​យើង​ធ្វើ​ហ្នឹង ថា​តើ​មាន​ការ​ចូល​រួម​ច្រើន​ប៉ុណ្ណា ប៉ុណ្ណឹង​ទេ។ ហ្នឹង​ជា​អ្វី​ដែល​ជា​លទ្ធផល​របស់​ពួក​យើង។ ខ្ញុំ​សូម​បញ្ជាក់​ថា ជា​រៀងរាល់​ឆ្នាំ គឺ​យើង​បាន​មើល​គឺ​​ថា និយោជក​ភាគ​ច្រើន​ឲ្យ​ឈប់​មុន​មួយ​ថ្ងៃ ក្រោយ​មួយ​ថ្ងៃ​ហ្នឹង​ជា​រៀងរាល់​ឆ្នាំ។ ប៉ុន្តែ​ឆ្នាំ​នេះ គឺ​យើង​ឃើញ​ថា មុន​មួយ​ថ្ងៃ​ហើយ​ក្រោយ​ហ្នឹង​រហូត​ដល់​ថ្ងៃ​២១។ ដោយសារ​ស្នើ​សុំ​របស់​តំណាង​សហជីព​ហ្នឹង​ហើយ បាន​ជា​និយោជក​ភាគ​ច្រើន​ផ្ដល់​ឲ្យ​ហ្នឹង ហើយ​កម្មករ​ស្នើ​សុំ​នៅ​តាម​រោងចក្រ​ផ្សេងៗ​ថែម​ទៀត។ អ៊ីចឹង​អា​ហ្នឹង​គឺ​ជា​ចលនា​មួយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈប់​ព្រមៗ​គ្នា​ហ្នឹង»

កម្មករ​ភាគ​ច្រើន​បាន​អះអាង​ថា នេះ​ទើប​តែ​លោក​ទី​មួយ​ហើយ​ដែល​ខាង​រោងចក្រ​សហគ្រាស​ផ្ដល់​ឱកាស​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​ច្រើន​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ទី​២១ មេសា ទើប​ឲ្យ​ចូល​ធ្វើ​ការ​ជា​ធម្មតា​ឡើង​វិញ។

ភ្ជាប់​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ជូន​ដំណឹង​ស្ដី​អំពី​ការ​ឈប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រយៈពេល ៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា ហើយ​ការ​ឈប់​សម្រាក​ចូល​ឆ្នាំ​រយៈពេល​វែង​ខុស​ពី​រាល់​ដង​នេះ ទំនង​ជា​អាច​ខាង​ក្រុមហ៊ុន​បញ្ចៀស​ការ​ចូល​រួម​ពហិការ​មិន​ធ្វើ​ការ​របស់​កម្មករ​តាម​ការ​អំពាវនាវ​របស់​សហព័ន្ធ​សហជីព។

រស់​នៅ​ខេត្ត​ឧត្តរ​មានជ័យ កញ្ញា ហេង ទិវា ថ្លែង​ថា អស់​រយៈពេល​ជាង ៤​ឆ្នាំ​កន្លង​ទៅ​ហើយ ដែល​បាន​បម្រើការ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។ ក៏ប៉ុន្តែ ហេង ទិវា បញ្ជាក់​ថា នេះ​ទើប​តែ​លើក​ទី​មួយ​ដែល​បាន​ឃើញ​ភាគី​រោងចក្រ​បើក​សិទ្ធិ​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​ច្រើន​ថ្ងៃ​ដូច្នេះ៖ «ឆ្នាំ​នេះ​ដូច​ច្រើន​ជាង​ឆ្នាំ​មុន។ ឈប់​ថ្ងៃ ១២ ១៣ ១៤ ១៥ ១៦ ១៧ ឡើង ២០​ជាង។ រាល់​ដង​ឈប់​បាន​តែ ៥​ថ្ងៃ​អី​ទេ។ ប្រាំ​ថ្ងៃ ប្រាំមួយ​ថ្ងៃ​អស់​ហើយ។ តាំង​ពី​បាតុកម្ម​មក ដូច​ថា​ឥត​សូវ​មាន​ការងារ»

សហព័ន្ធ​សហជីព​និង​សមាគម ១៨​ស្ថាប័ន បាន​ផ្ដើម​ចែក​ខិត្តប័ណ្ណ​ជា​ថ្មី​ម្ដង​ទៀត​ដល់​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តំណាង​រោងចក្រ​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ។ លើស​ពី​នេះ​ទៀត សុំ​ឲ្យ​ដោះលែង​មនុស្ស ២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ឲ្យ​មាន​សេរីភាព។

ដោយ​ឡែក​ខិត្តប័ណ្ណ​ប្រមាណ​ចំនួន ១០​ម៉ឺន​សន្លឹក ត្រូវ​បាន​មន្ត្រី​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន ១៨ ចែកចាយ​កាល​ណោះ នៅ​តាម​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន គឺ​​អំពាវនាវ​ឲ្យ​កម្មករ មន្ត្រី​រាជការ សិស្ស និង និស្សិត ចូល​រួម​តវ៉ា​ដោយ​ប្រើប្រាស់​សិទ្ធិ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ១​សប្ដាហ៍​បន្ត​ទៀត។

ក្នុង​ខិត្តប័ណ្ណ​នោះ សហព័ន្ធ​សហជីព​ស្នើ​សុំ​ឲ្យ​ពួកគេ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២២ ខែ​មេសា ក្រោយ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​កម្មករ ២១​នាក់ និង​ទម្លាក់​បទ​ចោទ​ប្រឆាំង​កម្មករ ២៣​នាក់ រួម​ទាំង​ដំឡើង​ប្រាក់ខែ​គោល​កម្មករ​ឲ្យ​ដល់ ១៦០​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។