ក្រសួង​ការងារ​សន្យា​ដោះស្រាយ​បញ្ហា​ក្នុង​រោងចក្រ​ស៊ីនឆាងស៊ីន​នៅ​ថ្ងៃ​៤​សីហា

កម្មករ​រោងចក្រ​ដេរ​ខោ​ខោវប៊យ ស៊ីនឆាងស៊ីន (Xin Chang Xin) រំសាយ​ការ​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា ក្រោយ​ពី​គណៈកម្មការ​ដោះស្រាយ​បាតុកម្ម​កូដកម្ម នៃ​ក្រសួង​ការងារ បាន​សន្យា​ទៅ​ដោះស្រាយ​បញ្ហា​កើត​ឡើង​ដល់​រោងចក្រ នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ។

កម្មការិនី​មួយ​រូប ឲ្យ​ដឹង​ថា ពួក​គាត់​នាំ​គ្នា​ដើរ​ថ្មើរ​ជើង​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ក្រសួង ជំរុញ​ថៅកែ​រោងចក្រ ស៊ីនឆាងស៊ីន កំណត់​ថ្ងៃ​ចូល​ធ្វើ​ការ​ច្បាស់​លាស់ ព្រោះ​កម្មករ​គ្មាន​ប្រាក់​ខែ​ទេ៖ «ការងារ​នៅ​រោងចក្រ​អត់​មាន អត់​មាន​ក្រណាត់ អត់​មាន​ការងារ​ធ្វើ​ផង មិន​ដឹង​ថា​មាន​លុយ​បើក ឬ​ក៏​មិន​មាន​ផង។ ខែ​មុន​ធ្វើ គេ​បើក​ឲ្យ តែ​វេទនា​ណាស់ ពិបាក​បើក​លុយ​ណាស់ បើ​និយាយ​ទៅ។ បើក​លុយ​ខែ​៦ បាន​បើក តែ​ខែ​៦ ធ្វើ​ការ​ធម្មតា​ទេ។ ដល់​ពេល​ខែ​៧ រោងចក្រ​ហ្នឹង​ឲ្យ​ពួក​ខ្ញុំ​ឈប់​សម្រាក ដល់​ពេល​ឥឡូវ​មិន​ទាន់​ដឹង​ថា បាន​បើក​លុយ ឬ​ក៏​មិន​បាន​ទេ ព្រោះ​អី​មិន​ទាន់​ដល់​ថ្ងៃ​បើក​លុយ»

កម្មការិនី​បន្ត​ថា ថៅកែ​បាន​ព្យួរ​ការងារ​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា មក ហើយ​ឲ្យ​កម្មករ​ត្រូវ​តែ​មាន​វត្តមាន​ក្នុង​រោងចក្រ ដោយ​ថៅកែ​កំណត់​ឲ្យ​កម្មករ​វាយ​ប៉ុង​ប្រចាំ​ថ្ងៃ បញ្ជាក់​វត្តមាន ទោះ​បី​កម្មករ​ចង់​ទៅ​រក​ការងារ​ផ្សេង​ធ្វើ​ក៏​មិន​បាន។

តំណាង​សហជីព​ស៊ីខាវឌូ ប្រចាំ​រោងចក្រ​ខោ​ខោវប៊យ ស៊ីឆាងស៊ីន លោក ឈិន សំអន ឲ្យ​ដឹង​ថា កម្មករ​ទាមទារ​ឲ្យ​ក្រសួង​ការងារ បញ្ជាក់​ឲ្យ​ច្បាស់ ប្រសិន​បើ​ថៅកែ​ក្ស័យ​ធន ក៏​ត្រូវ​តែ​សង​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ទៅ​កម្មករ​នៅ​សល់​ប្រមាណ ៧០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។