
តំណាង និងកម្មករកម្មការិនីរោងចក្រ ប៊្លូម ហ្វៀល (Blooms Field) នៅខេត្តកំពង់ឆ្នាំង នៅតែរក្សាជំហរធ្វើកូដកម្មនៅខាងមុខរោងចក្ររាល់ថ្ងៃ ឬអាចដង្ហែក្បួនតវ៉ាទៅកាន់មន្ទីរការងារ ប្រសិនបើនៅតែគ្មានដំណោះស្រាយ។ ការព្រមានបែបនេះ គឺបន្ទាប់ពីក្រុមកម្មករនាំយកញត្តិទៅដាក់នៅក្រសួងការងារ ហើយនាំគ្នាបន្តធ្វើកូដកម្មនៅមុខរោងចក្រពីរម៉ោងនៅថ្ងៃទី២២ ខែកញ្ញា។
កូដកម្មរបស់កម្មករកម្មការិនីប្រមាណ ២០០នាក់ បានឈានដល់ថ្ងៃទី៦ ហើយ គឺគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៤ចំណុចពីភាគីក្រុមហ៊ុន ប៊្លូម ហ្វៀល។ ក្រុមហ៊ុននេះ ផលិតប្រភេទអាវចាក់ ឬអាវរងាសម្រាប់នាំចេញទៅក្រៅប្រទេស។
លក្ខខណ្ឌទាំងបួនចំណុចដែលកម្មករទាមទារនោះ គឺទី១ កម្មករទាមទារឲ្យរោងចក្រទទួលយកកម្មករចំនួន ២០នាក់ដែលបានបញ្ឈប់ ឲ្យចូលធ្វើការវិញ។ ទី២ ត្រូវបញ្ឈប់មន្ត្រីរដ្ឋបាលរោងចក្រចំនួនពីរនាក់ គឺកញ្ញា ឡុង សាវី និងលោក មាស តារា។ ទី៣ ផ្ដល់កុងត្រាការងាររយៈពេលវែង គឺចាប់ពី ៦ខែទៅ ១ឆ្នាំ និងទី៤ ភាគីរោងចក្រមិនត្រូវបញ្ឈប់កម្មករដោយគ្មានមូលហេតុបន្តទៀត។
តំណាងកម្មករ និងជាសកម្មជនសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) គឺលោក មៀវ សារ៉ាត់ បញ្ជាក់ជំហរថា រូបលោក និងកម្មករជាច្រើននាក់ទៀត តវ៉ារហូតមានដំណោះស្រាយ ព្រោះបើព្រមចូលធ្វើការនៅពេលនេះ គង់តែរដ្ឋបាលរោងចក្របញ្ឈប់ពីការងារដដែល។ លោកថា ភាគីរោងចក្រមិនសូវគោរពច្បាប់ការងារកម្ពុជា និងទទួលយកសំណូមពរកម្មករទេ៖ «ពេលបានទៅភ្នំពេញ ទើបដាក់ញត្តិ អ៊ីចឹងពួកខ្ញុំមានសង្ឃឹមច្រើនជាងនៅខេត្តកំពង់ឆ្នាំង នៅកំពង់ឆ្នាំង បានតែត្រឹមផ្សះផ្សាៗ។ សំណូមពរឲ្យក្រុមហ៊ុនចេញដោះស្រាយជាមួយកម្មករ ដើម្បីរហ័សបានចូលធ្វើការវិញ»។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា មានប្រសាសន៍ថា មន្ទីរបានអញ្ជើញតំណាងភាគីរោងចក្រ និងតំណាងកម្មករ ដើម្បីជួបជជែកដោះស្រាយតាំងពីថ្ងៃមានបាតុភាព ប៉ុន្តែជំនួបនោះ ភាគីទាំងពីរមិនបានស្រុះស្រួលគ្នាទេ ហើយលោកក៏ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងការងារ ភ្លាមៗនោះដែរ។ លោកបន្តថា បច្ចុប្បន្នការងារនេះ គឺហួសពីដៃលោកហើយ ប៉ុន្តែលោកអំពាវនាវឲ្យភាគីទាំងពីរស្រុះស្រួលគ្នាឲ្យបានឆាប់ ដើម្បីកុំឲ្យបាត់ប្រយោជន៍កម្មករ និងភាគីក្រុមហ៊ុនកាន់តែខ្លាំងឡើង៖ «យើងអត់មានទុកដល់មួយថ្ងៃ ឬពីរថ្ងៃទេ គ្រាន់តែមានបញ្ហាភ្លាមៗ យើងដោះស្រាយយើងទម្លាប់ធ្វើអ៊ីចឹង។ យើងខ្លាចទុកយូរទៅវាបាត់បង់ផលប្រយោជន៍ទាំងសងខាង។ យើងក៏បានខិតខំដែរ តែដូចខ្ញុំនិយាយដដែលថា ខ្ញុំអត់មានសិទ្ធិកាត់ក្ដីទេ យើងគ្រាន់តែមានសិទ្ធិថា ចំណុចហ្នឹងច្បាប់និយាយថាចេះ ហើយក្រុមហ៊ុនអាចទទួលយកបានអត់»។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងមន្ត្រីរដ្ឋបាលរោងចក្រ ប៊្លូម ហ្វៀល គឺកញ្ញា ឡុង សាវី និងលោក មាស តារា ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់កម្មករនេះបានទេ នៅថ្ងៃទី២២ ខែកញ្ញា។
ប៉ុន្តែតាមរយៈការសម្របសម្រួលរបស់ប្រធានមន្ទីរការងារ ខេត្តកំពង់ឆ្នាំង កន្លងទៅ តំណាងភាគីក្រុមហ៊ុនបានផ្ដល់នូវហេតុផលមួយចំនួន ដែលមិនអាចធ្វើតាមការទាមទាររបស់ក្រុមកម្មករ។ ការបញ្ឈប់កម្មករ ឬមិនបន្តកុងត្រារយៈពេលវែងដល់កម្មករកម្មការិនីនោះ គឺដោយសារក្រុមហ៊ុនពុំសូវមានការបញ្ជាទិញពីក្រៅប្រទេស។ ចំណែកលក្ខខណ្ឌសុំបញ្ឈប់បុគ្គលិករដ្ឋបាលពីរនាក់នោះ គឺធ្វើឡើងភ្លាមៗ ដោយអ្នកទាំងពីរគ្មានកំហុស។
រោងចក្រ ប៊្លូម ហ្វៀល ដែលមានកម្មករបម្រើការងារជាង ៩០០នាក់ ធ្លាប់ធ្វើកូដកម្មរយៈពេលពីរថ្ងៃជាប់គ្នា ដើម្បីទាមទារលក្ខខណ្ឌការងារស្រដៀងគ្នានេះម្ដងរួចហើយកាលពីខែមិថុនា ឆ្នាំ២០១៤។ កាលណោះ ក្រុមកម្មករចោទមន្ត្រីរដ្ឋបាលរោងចក្រ ថាបានរើសអើងកម្មករ និងជិះជាន់កម្លាំងពលកម្មរបស់កម្មករ ជាដើម។ ក្រុមអ្នកតវ៉ា ព្រមចូលធ្វើការវិញ ក្រោយមានអន្តរាគមន៍ពីមន្ត្រីនៃក្រសួងការងារ។
ប្រភពពីតំណាងកម្មករ ក្រុមការងារនៃក្រសួងការងារ នឹងចុះស៊ើបអង្កេតករណីវិវាទនេះនៅព្រឹកថ្ងៃទី២៣ កញ្ញា បន្ទាប់ពីតំណាងពួកគាត់បានដាក់ញត្តិចូលក្រសួងការងារ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។