កម្មករ​បន្ត​ធ្វើ​បាតុកម្ម​មុខ​ក្រសួង​ការងារ​និង​បិទ​ផ្លូវ​ជាតិ​មួយ​ចំនួន

0:00 / 0:00

ក្រុម​បាតុករ​បាន​ស្រែក​ទាមទារ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អ៊ិត សំហេង ចេញ​មុខ​មក​​ដោះស្រាយ​រឿង​ការ​សុំ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា អ្នកស្រី ម៉ម ញឹម បញ្ជាក់​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ថា កាត​តវ៉ា​របស់​កម្មករ​នៅ​មុខ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាំង​ពី​ព្រឹក​មក​ទល់​រសៀល​ថ្ងៃ​នេះ មិន​ទាន់​មាន​មន្ត្រី​ណា​ម្នាក់​ចេញ​មុខ​មក​ដោះស្រាយ​នៅ​ឡើយ​ទេ។ បន្ទាប់​ពី​ការ​តវ៉ា​ពុំ​ទទួល​បាន​ដំណោះស្រាយ ក្រុម​កម្មករ​បាន​រំសាយ​ការ​តវ៉ា​នៅ​រសៀល​ថ្ងៃ​នេះ។

នៅ​ថ្ងៃ​ទី​៣១ ធ្នូ នេះ​ដែរ ក៏​មាន​កម្មករ​រាប់​រយ​នាក់​ទៀត​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​តាម​រោងចក្រ​នានា​។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​ថា កម្មករ​ស្ទើរ​គ្រប់​កន្លែង​នៅ​រាជធានី និង​ជាយ​រាជធានី​ភ្នំពេញ នៅ​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​ត​ទៅ​ទៀត ដូចជា​កម្មករ​រោងចក្រ ផាក ស៊ុន (Pak Sun Knitting) ប្រមាណ ៦០០​នាក់ ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​២ ម្ដុំ​ចាក់អង្រែ ក្រៅ​ពី​នេះ មាន​កម្មករ​រោងចក្រ​ផ្សេង​ទៀត ធ្វើ​បាតុកម្ម​មុខ​រោងចក្រ ហើយ​កម្មករ​ខ្លះ​ជួនកាល​​បិទ​ផ្លូវ​ជាតិ ដូច​ជា ក្នុង​ម្ដុំ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ឫស្សីកែវ កម្មករ​រោងចក្រ​តាម​ផ្លូវ​ជាតិ​លេខ​៤ លេខ​៦ ជាដើម។

មេ​សហជីព​សម្រេច​ផ្អាក​ធ្វើ​បាតុកម្ម​មួយ​ថ្ងៃ

ក្រុម​មេដឹកនាំ​សហជីព​ធំៗ សម្រេច​ចិត្ត​រំសាយ​បាតុករ​ដែល​តែង​ប្រមូលផ្ដុំ​នៅ​ខាង​មុខ​ក្រសួង​ការងារ ដើម្បី​ទុក​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​សកល​មួយ​ថ្ងៃ។

ប្រធាន​សហភាព​សហជីព​កម្ពុជា ឲ្យ​ដឹង​ថា បាតុកម្ម​ដែល​តែង​ជួបជុំ​នៅ​មុខ​ក្រសួង​ការងារ ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ នឹង​ត្រូវ​ផ្អាក​រយៈពេល​មួយ​ថ្ងៃ ដើម្បី​ទុក​ឱកាស​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក ចូល​ឆ្នាំ​សកល ប៉ុន្តែ​នៅ​ដើម​សប្ដាហ៍​ក្នុង​ឆ្នាំ​២០១៤ កម្មករ​នឹង​ធ្វើ​បាតុកម្ម​ដូច​ដើម​ឡើង​វិញ នៅ​តាម​គោលដៅ​នៃ​រោងចក្រ​នីមួយៗ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ មុន​ការ​រំសាយ​កម្មករ​នៅ​មុខ​ក្រសួង​ការងារ​ថា នៅ​ថ្ងៃ​ទី​១ ខែ​មករា កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​ដែល​បិទ​ទ្វារ​ក្នុង​ពេល​កន្លង​ទៅ​នេះ នឹង​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន។ លោក​អះអាង​ថា ការ​រំសាយ​កម្មករ​នេះ គឺ​បំណង​ដើម្បី​ឲ្យ​ពួក​គេ​បាន​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​សកល។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​២ ខែ​មករា បាតុកម្ម​នឹង​ផ្ទុះ​ឡើង​វិញ ហើយ​ការ​កម្រើក​ជា​ថ្មី​ទៀត​នេះ គឺ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សេចក្ដី​សម្រេច​មួយ​ដូច​អ្វី​ដែល​កម្មករ​បាន​ទាមទារ គឺ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។

ចំណែក​កម្មការិនី​មួយ​ចំនួន​ដែល​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​ការងារ​ថ្លែង​ថា ប្រសិន​បើ​រដ្ឋាភិបាល និង​ជំនាញ​ពាក់ព័ន្ធ នៅ​តែ​មិន​ដោះស្រាយ​ទៅ​តាម​ការ​ទាមទារ​ទេ បាតុកម្ម​នេះ​នឹង​បន្ត​អូស​បន្លាយ​ដល់​ទី​បញ្ចប់។

កម្មករ​រាប់​ពាន់​នាក់​បាន​បិទ​ផ្លូវ​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ រហូត​ដល់​រសៀល​ទើប​សម្រេច​​រំសាយ​ទៅ​វិញ។ ចំណែក​នៅ​លើ​កំណាត់​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ដែល​នៅ​ខាង​មុខ​ក្រសួង​ការងារ​វិញ សកម្មភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​ត្រូវ​កាត់​ផ្ដាច់ ដោយ​កម្លាំង​កម្មករ ព្រះ​សង្ឃ និង​និស្សិត។ ទន្ទឹង​នឹង​​នេះ សកល​វិទ្យាល័យ​មួយ​ចំនួន នៅ​ក្បែរ​ទី​តាំង​ប្រមូល​ផ្ដុំ​នោះ ក៏​ត្រូវ​បិទ​ទ្វារ​ដែរ។ ជាង​នេះ​ទៀត កម្លាំង​ជា​ច្រើន​រយ​នាក់​នៅ​ផ្នែក​ខាង​កើត ក្បែរ​មន្ទីរពេទ្យ​កុមារ​ជាតិ ត្រូវ​គេ​ពង្រាយ​យ៉ាង​ស្អេកស្កះ ដើម្បី​ទប់ស្កាត់​កម្លាំង​កម្មករ​ក្នុង​បំណង​ណា​មួយ​សំដៅ​ទៅ​រក​ចំណុច​សំខាន់ៗ​របស់​រដ្ឋាភិបាល។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​មន្ត្រី​នៃ​ក្រសួង​ការងារ​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ទាមទារ​របស់​កម្មករ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។

យ៉ាង​ណា​ក៏​ដោយ លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដែល​មាន​លោក ង៉ោ ហុងលី ជា​រដ្ឋលេខាធិការ​នៃ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ មាន ៤​ចំណុច។ ក៏ប៉ុន្តែ ចំណុច​ដែល​សំខាន់​គឺ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​តុលាការ ប្រឆាំង​សហជីព​ចំនួន ៤ និង​សមាគម​មួយ​របស់​លោក រ៉ុង ឈុន បើ​សហជីព​និង​សមាគម​ទាំង​នេះ នៅ​តែ​បន្ត​រឹងរូស​ដឹកនាំ​ធ្វើ​បាតុកម្ម​បន្ត​ទៀត។ លិខិត​ព្រមាន​បន្ត​ថា ការ​ទាមទារ​ដំឡើង​ដល់ ១៦០​ដុល្លារ​ភ្លាមៗ​គឺ​មិន​អាច​អនុវត្ត​បាន​ឡើយ។

ចំណែក​លោក រ៉ុង ឈុន អះអាង​ថា លោក​និង​សហជីព​ចំនួន ៤ ផ្សេង​ទៀត នឹង​មិន​ញញើត​ចំពោះ​ការ​ព្រមាន​នេះ​ជា​ដាច់​ខាត។ ដោយ​ឡែក​ក្រុម​កម្មករ​បាន​ព្រមាន​ទៅ​រដ្ឋាភិបាល​វិញ​ដែរ​ថា បើ​នៅ​តែ​ជ្រើសរើស​ការ​ចាប់ចង​ប្រឆាំង​ប្រធាន​សហជីព​ទៀត មហា​បាតុកម្ម​ធំ​នឹង​ផ្ទុះ​ឡើង។ លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ ដែល​ឃ្លាំមើល​ការ​ធ្វើ​បាតុកម្ម​ថ្លែង​ថា រដ្ឋាភិបាល​គប្បី​ដោះស្រាយ​ដោយ​សន្តិវិធី ជា​ជាង​ការ​ប្រើប្រាស់​កម្លាំង​ដើម្បី​បង្ក្រាប។

មន្ត្រី​សហជីព​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ មាន​រោងចក្រ​ប្រមាណ​ជាង ៣០០​ហើយ​ត្រូវ​បិទ​ទ្វារ។

ទោះ​ជា​បែប​ណា លិខិត​ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ របស់​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​សម្រេច​ផ្ដល់​ប្រាក់​ខែ​គោល ដល់​កម្មករ​និយោជិក​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​សំលៀក​បំពាក់ និង​ផលិត​ស្បែក​ជើង​ពី ៨០ ទៅ ១០០​ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ​២០១៤ បន្ថែម​លើ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែល​មាន​ស្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។