អ្នកគាំទ្ររបស់សហជីពស៊ីខាវឌូ (CCAWDU) ជាច្រើនរយនាក់ ដែលដើរដល់ផ្លូវបំបែករៀងៗខ្លួន ម្ខាងគាំទ្រលោក អាត់ ធន់ និងម្ខាងទៀតគាំទ្រលោក អ៊ុំ វិសាល បានបន្តវាយប្រហារពាក្យសម្ដីដាក់គ្នាទៅវិញទៅមកនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។
ការប្រឈមដាក់គ្នានេះ កើតឡើងនៅចំពេលដែលមេដឹកនាំសហជីពស៊ីខាវឌូ ចំនួន ៣នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះឲ្យខ្លួនបំភ្លឺពាក់ព័ន្ធសំណុំរឿងសុំដីកាសម្រេចរក្សាការពារអំពីអំពើពុករលួយ។
សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសាកសួរដេញដោលលើកហេតុផលផ្ទាល់មាត់ប្រឆាំងមេដឹកនាំសហជីពស៊ីខាវឌូ ចំនួន ៣នាក់ តាមបណ្ដឹងសុំព្យួរការងាររបស់លោក អ៊ុំ វិសាល អតីតស្ថាបនិក ស៊ីខាវឌូ ទៅថ្ងៃក្រោយដោយមិនកំណត់ពេល ដោយមេដឹកនាំសហជីពទាំង ៣នាក់ មិនទាំងបានចូលក្នុងបន្ទប់សវនាការផង និងពុំបានបញ្ជាក់ពីហេតុផលថែមទៀត។ ចំពោះការលើកពេលនេះ ខណៈអ្នកគាំទ្រម្ខាងៗរាប់រយនាក់ បានប្រើប្រាស់ទីលានមុខតុលាការវាយប្រហារគ្នាដោយពាក្យសម្ដីអំពីជម្លោះផ្ទៃក្នុងពាក់ព័ន្ធនឹងអំពើពុករលួយ។
ម្ខាងៗបានប្រើឧបករណ៍បំពងសំឡេង ឬមីក្រូ ហើយស្រែកដាក់គ្នាទៅវិញទៅមក ដោយអ្នកគាំទ្រលោក អាត់ ធន់ ចាត់ទុកការប្ដឹងផ្ដល់អតីតអ្នករួមការងារជាមួយគ្នានេះថា គឺជាការកកូរកកាយកិច្ចការផ្ទៃក្នុងមិនសមហេតុសមផល។ ចំណែកអ្នកគាំទ្រ លោក អ៊ុំ វិសាល និងអ្នកស្រី រឿន ច័ន្ទថត វិញ អះអាងថា លោក អាត់ ធន លោក គង់ អាទិត្យ និងលោក ឯក សុភក្តី បានកិបកេងលុយកម្មករ អ៊ីហ្គាមេន ជាង ១០ម៉ឺនដុល្លារ។
នៅពេលរង់ចាំលទ្ធផលសវនាការនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ អស់ជាច្រើនម៉ោង មុននឹងត្រូវរំសាយទៅវិញដោយពុំមានការជូនដំណឹងណាមួយពីតុលាការនោះ លោក អាត់ ធន់ ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា បញ្ហាដែលកើតឡើងនៅពេលនេះ គឺពុំមែនបណ្ដាលពីហេតុផលអំពើពុករលួយ ដូចការចោទប្រកាន់របស់លោក អ៊ុំ វិសាល ឡើយ។ ក៏ប៉ុន្តែថា បញ្ហានោះគឺព្រោះតែ កើតពីការច្រណែនឈ្នានីស ដែលលោកមិនត្រូវបានផ្ដល់សេចក្ដីទុកចិត្តក្នុងការបោះឆ្នោតជ្រើសរើសជាហូរហែ ក្នុងពេលកន្លងទៅនេះ ចាប់ពីតាំងសហជីព ស៊ីខាវឌូ បង្កើតឡើង កាលពីឆ្នាំ២០០០ មក។
លោក អាត់ ធន់៖ «ករណីលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ច័ន្ទថន នេះគាត់ជាបុគ្គលិកម្នាក់ដែលអតីតគាត់ធ្លាប់ដូច អ៊ុំ វិសាល ហ្នឹង គាត់ថា គាត់ធ្លាប់ធ្វើអនុប្រធានហ្នឹង។ កាលឆ្នាំ២០០០ កាលណោះ គឺគេតែងតាំងដើម្បីឲ្យធ្វើអនុប្រធានបានម្ដង។ ក្រោយមកចាប់ពីឆ្នាំ២០០៤ មក គឺគាត់ហ្នឹងធ្លាក់ឆ្នោតរហូត។ គាត់មិនដែលជាប់ឆ្នោតទេ»។
ចំណែក លោក អ៊ុំ វិសាល ដែលអះអាងថា ជាអតីតស្ថាបនិកសហជីពស៊ីខាវឌូ បានឲ្យដឹងថា ការពិតអ្វីដែលទាមទារហេតុផលនៅពេលនេះ គឺពុំមែនព្រោះតែបញ្ហាតួនាទី ឬមុខតំណែងនោះឡើយ។ក៏ប៉ុន្តែ ថានោះក៏ព្រោះតែដើមហេតុផ្ទុះឡើងពីអំពើពុករលួយ។ លោកបន្តថា អ្នកដែលជាប់បណ្ដឹងមួយចំនួន ហើយកំពុងបម្រើការនៅស៊ីខាវឌូ នៅពេលនេះ គឺបានកិបកេងលុយរបស់កម្មករជាង ១០ម៉ឺនដុល្លារ គិតចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៣។ លោកបន្តទៀតថា អ្វីដែលលោក អាត់ ធន់ លើកឡើងពីបញ្ហាមិនពេញចិត្តរឿងមុខងារណាមួយនោះ គឺជាការព្យាយាមគេចវេះចំពោះការពិតប៉ុណ្ណោះ។
លោក អ៊ុំ វិសាល៖ «បញ្ហាសំខាន់របស់គាត់ គឺកំហុសរបស់គាត់ ដែលយើងរកឃើញថា គាត់បានប្រព្រឹត្តអំពើពុករលួយ។ ការកិបកេងលុយរបស់កម្មករ ហើយនៅពេលដែលយើងរកឃើញអ៊ីចឹងទៅ គាត់ឥតព្រមយកពីបញ្ហាហ្នឹងមកនិយាយទេ។ គាត់និយាយពីបញ្ហាដែលខ្ញុំមិនចុះកិច្ចសន្យាមិនអី ហើយបើនិយាយរឿងចុះកិច្ចសន្យា គឺគាត់ហ្នឹងដេញអត់ទាន់ខ្ញុំទៀត»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លី លីបម៉េង ពុំអាចស្នើសុំការបំភ្លឺពីមូលហេតុដែលត្រូវលើកពេលនេះបានទេ។ ក៏ប៉ុន្តែ យោងដីកាកោះចុះកាលបរិច្ឆេទថ្ងៃទី៨ មេសា បានឲ្យដឹងថា អញ្ជើញឈ្មោះ លោក អាត់ ធន់ លោក គង់ អាទិត្យ និងលោក ឯក សុភក្តី ជាកូនបំណុលចូលខ្លួនមកតុលាការនៅថ្ងៃទី២១ មេសា ម៉ោង ៨ព្រឹក ដើម្បីទាញហេតុផលដោយផ្ទាល់មាត់ពីដំណើររឿងសុំដីកាសម្រេចរក្សាការពារ។
ការលើកពេលសាកសួរដោយមិនកំណត់កាលបរិច្ឆេទប្រឆាំងមន្ត្រីសហជីព ស៊ីខាវឌូ នៅពេលនេះ ធ្វើឡើងនៅចំពេលដែលសវនាការរបស់អ្នកបុរីកីឡា ដែលប្ដឹងប្រឆាំងលោក សោម សុវណ្ណ អភិបាលខណ្ឌ៧មករា លោក លឹម សុភា អភិបាលរងខណ្ឌ និងលោក ប្រាក់ ហាក់ ប្រធានសន្តិសុខខណ្ឌ ត្រូវពន្យារពេលទៅថ្ងៃក្រោយ ដោយមិនកំណត់ពេលវេលាជាក់លាក់ដែរ។ ចំណាត់ការរបស់តុលាការនៅពេលនេះ មើលទៅហាក់មានភាពស្មុគស្មាញណាស់ ដោយហេតុថា សវនាការពីរក្នុងពេលតែមួយ ដែលខាងសកម្មជនដីធ្លីក៏មានអ្នកគាំទ្រនោះ ក៏ច្រើន ហើយផ្នែកសហជីពទៀតសោត ក៏មានអ្នកចូលរួមរាប់រយនាក់ថែមទៀត។
ចំណែកនៅខាងក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញវិញ មមាញឹកខ្លាំងណាស់ទៅទៀត ដោយមន្ត្រីតុលាការម្នាក់ៗ កំពុងរវល់ស្វាគមន៍ពិធីផ្ទេរតំណែងប្រធានតុលាការថ្មីផង។
បើទោះជាព្រឹត្តិការណ៍កាលពីព្រឹកថ្ងៃទី២១ មេសា ដែលហ៊ុមព័ទ្ធដោយកម្លាំងសមត្ថកិច្ចបង្ក្រាបបាតុកម្មប្រដាប់ដោយដំបងឆក់របស់រដ្ឋាភិបាលក៏ដោយចុះ ក៏ការប្រឈមដាក់គ្នាពុំមានហិង្សាកើតឡើងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។