កម្មករ​ម្នាក់​ដែល​របួស​ក្បាល​ធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​នៅ​ផ្លូវ​វ៉េងស្រេង​បាន​ស្លាប់

0:00 / 0:00

កម្មករ​ម្នាក់​ទៀត​ដែល​របួស​នៅ​ក្នុង​ហេតុការណ៍​កង​កម្លាំង​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង បាន​ស្លាប់​នៅ​ម៉ោង ៣​ទៀប​ភ្លឺ​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​ឧសភា ដោយសារ​របួស​គ្រាំ​ក្នុង​ក្បាល​បាន​រើ​ឡើង។

កម្មករ​រូប​នោះ​មាន​ឈ្មោះ មួន សុខមាន អាយុ ២៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​រលាំងទឹក ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ធ្លាប់​ជា​កម្មករ​នៅ​រោងចក្រ​មួយ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។ មួន សុខមាន ត្រូវ​វាយ​អោយ​របួស​ក្បាល​ធ្ងន់ធ្ងរ និង​ងងឹត​ភ្នែក​ខាង​ឆ្វេង នៅ​ពេល​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​លើ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

ក្រុម​គ្រួសារ មួន សុខមាន បញ្ជាក់​ថា របួស​ចាស់​នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​រូប​គេ ហើយ​កាន់​តែ​រើ​ខ្លាំង​ឡើងៗ ប៉ុន្តែ​គ្រួសារ​គេ​ពុំ​មាន​ប្រាក់​សម្រាប់​ព្យាបាល​ឡើយ រហូត​គេ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ ក្រុម​គ្រួសារ​បាន​ដឹក​សព​តាម​ម៉ូតូ ចេញ​ពី​ផ្ទះ​ជួល​ទៅ​តម្កល់​នៅ​វត្ត​សំបួរមាស ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ លើស​ពី​នេះ ពួក​គេ​ក៏​កំពុង​ខ្វះខាត​ថវិកា​ធ្វើ​បុណ្យ​សព​តាម​ប្រពៃណី។

ការ​ស្លាប់​របស់ មួន សុខមាន បន្សល់​ទុក​ភរិយា​អោយ​មេម៉ាយ និង​កូន​ប្រុស​អាយុ ៣​ឆ្នាំ អោយ​កំព្រា​ឪពុក។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី អ៊ុក សាវបូរី ដូច​ត​ទៅ៖

លោក សម រង្ស៊ី ចូល​រួម​រំលែក​ទុក្ខ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អញ្ជើញ​ទៅ​សំដែង​ក្តី​គោរព និង​ចូល​រួម​រំលែក​មរណៈ​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​កម្មករ​ឈ្មោះ មួន សុខមាន ដែល​បាន​ស្លាប់ បន្ទាប់​ពី​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ក្រោយ​ក្រុម​អាជ្ញាធរ​ចម្រុះ​បាន​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​កាល​ពី​ដើម​ខែ​មករា កន្លង​មក​នេះ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី​១៧ ឧសភា ថា សព​របស់​ជន​រង​គ្រោះ​នោះ​បាន​បូជា​រួច​ហើយ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ នៅ​វត្ត​សំបួរមាស ​ក្នុង​ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ៖ «គាត់​ឈឺ​រ៉ាំរ៉ៃ ស្នាម​របួស​គាត់ អត់​ជា​សះស្បើយ​ទេ មាន​តែ​ធ្ងន់​ទៅៗ ហើយ​គាត់​ស្លាប់​ព្រឹកមិញ​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​ដំណឹង​ក្រៀមក្រំ​នេះ ក៏​បាន​សម្រេច​ថា ខ្ញុំ​ឋានៈ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទៅ​ផ្ទាល់​ដើម្បី​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សំដែង​ការ​គោរព ការ​ដឹង​គុណ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់ ដែល​បាន​លះបង់​ជីវិត អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព និង​បាន​បូជា​កាល​ពី​រសៀល​ថ្ងៃ​នេះ​បាទ...»

នៅ​ទន្ទឹម​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​អំពាវនាវ​ដល់​សាធារណជន ចូលរួម​រំលែក​ទុក្ខ​និង​ចូល​បុណ្យ​តាម​សទ្ធា ដល់​ក្រុម​គ្រួសារ​សព មួន សុខមាន ដែល​មាន​ជីវភាព​រស់​នៅ​ទីទាល់ក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។