កម្មកររោងចក្រកាត់ដេរកម្រាលពូកឈ្មោះ ហេដនៀរម៉ូ កម្ពុជា តិចថាយ (Heaniemo cambodia textile ) ប្រមាណ ៣០នាក់ បានសន្លប់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤។
កម្មការិនីមួយរូបសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ពួកគាត់កំពុងធ្វើការសុខៗ ស្រាប់តែនៅម៉ោងជាង ៨ព្រឹក កម្មការិនីជនជាតិចាម ម្នាក់បានសន្លប់។ ក្រោយពីអាហារថ្ងៃត្រង់រួច ក៏មានកម្មការិនីជនជាតិចាម ច្រើននាក់សន្លប់បន្តបន្ទាប់ ហើយក៏មានកម្មករខ្មែរសន្លប់បន្ថែមទៀត។ កម្មការិនីរូបនោះបន្តថា អ្នកសន្លប់ប្រមាណ ៣០នាក់ ក្នុងចំណោមកម្មករ ១០០នាក់ ដែលបានធ្វើការនៅថ្ងៃទី១ ខែសីហា៖ «ឃើញមានខ្យល់ៗកង្វារត្រជាក់ ប៉ុន្តែសុខៗស្រាប់តែអ៊ីចឹងទៅ អង្គុយដេរៗសន្លប់ទៅ ដួលទាំងអ៊ីចឹងតែម្តងទៅ។ ខ្ញុំអត់ដឹងផង ប៉ុន្តែសុខៗសន្លប់អ៊ីចឹង អត់មានឃើញក្លិនអីផង តែតាមគ្នារបៀបឃើញគេ យើងចង់ខ្សោយតាមគេដែរ។ ខ្ញុំត្រឹមតែឈឺក្បាល ពេលចេញហូបបាយ ហើយចូលវិញ សន្លប់ទៀតជនជាតិទៀត បន្ទាប់ពីជនជាតិ ហើយជនជាតិខ្មែរអ៊ីចឹងទៅបន្តគ្នា គឺតគ្នា ជនជាតិ ហើយខ្មែរតគ្នាអ៊ីចឹងទៅ»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ឲ្យដឹងថា រោងចក្រនេះមិនមានសហជីពទេ។ ក្នុងការសាកសួរទៅកម្មករអំពីរឿងហេតុនោះ កម្មករហាក់មានការភ័យខ្លាចបែកការ សូម្បីតែកាតរបស់កម្មករ ក៏ថៅកែដកទុកដែរ។ លោកថា អ្នកសន្លប់ ត្រូវរថយន្តសង្គ្រោះបានដឹកបន្តបន្ទាប់ទៅមន្ទីរពេទ្យដើមស្វាយ ដែលលើកឈ្មោះជាគ្លីនិក សេតេ។ លោកមិនអាចសុំការសន្និដ្ឋានដំបូងអំពីគ្រូពេទ្យនៅទីនោះ អំពីបញ្ហាដែលនាំឲ្យកម្មករសន្លប់បានទេ។
កម្មករឲ្យដឹងថា រោងចក្រកាត់ដេរកម្រាលពូក ហេដនៀរម៉ូ កម្ពុជា មានទីតាំងនៅសង្កាត់បិតត្រាង ក្រុងព្រះសីហនុ។ រោងចក្រនេះ បានដំណើរការចាប់ពីខែមីនា ឆ្នាំ២០១៤ មក មានកម្មករជាង ១.០០០នាក់ ធ្វើការនៅទីនោះ ភាគច្រើនជាជនជាតិចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។