កម្មករដេរសម្លៀកបំពាក់ និងដេរកាបូប ធ្វើការនៅក្នុងរោងចក្រមួយចំនួនស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសួនវឌ្ឍនៈ២ នៅតាមបណ្តោយផ្លូវជាតិលេខ៣ បានបន្តដួលសន្លប់នៅថ្ងៃទី២ទៀត បន្ទាប់ពីពួកគេបានសន្លប់កាលពីថ្ងៃម្សិលមិញជាង ១០០នាក់។ ការដួលសន្លប់នេះ ត្រូវបានពេទ្យការងារនៃក្រសួងការងារ ចុះត្រួតពិនិត្យរកឃើញបញ្ហាមួយចំនួន និងបានស្នើឲ្យម្ចាស់សហគ្រាសផ្អាកដំណើរការនោះ។
មន្ត្រីនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងរៀបចំរបាយការណ៍ដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីផាកពិន័យចំពោះម្ចាស់រោងចក្រមួយចំនួន ដែលមិនបានអនុវត្តតាមការព្រមព្រៀងរបស់ខ្លួន បន្ទាប់ពីមានហេតុការណ៍ដួលសន្លប់កម្មកររាប់រយនាក់។
អនុប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត មានប្រសាសន៍នៅថ្ងៃទី១៦ សីហា ថា ភាគីពាក់ព័ន្ធដែលមានម្ចាស់រោងចក្រ និងម្ចាស់តំបន់សួនវឌ្ឍនៈទី២ បានឯកភាព និងចុះហត្ថលេខាយល់ព្រម ថានឹងឲ្យកម្មករទាំងអស់ចូលធ្វើការវិញនៅថ្ងៃច័ន្ទ ទី១៨ សប្ដាហ៍ក្រោយ ដើម្បីទុកពេលវេលាកែលំអស្ថានភាពរោងចក្រ បន្ទាប់ពីកម្មករដួលសន្លប់។ លោកបន្តថា ពួកគេមិនគោរពតាមកិច្ចសន្យាឡើយ ដូច្នេះលោកស្នើសុំគោលការណ៍ពីរដ្ឋមន្ត្រី លោក អ៊ិត សំហេង ដើម្បីផាកពិន័យជាទឹកប្រាក់ចំពោះការមិនគោរពគោលការណ៍នេះ។
លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត៖ «ទាល់តែថ្ងៃច័ន្ទ បានចូល ត្រូវមានវិធានការបែបណាៗ យើងបានចុះហត្ថលេខានៅក្នុងកំណត់ហេតុទាំងអស់គ្នា ហើយម្ចាស់តំបន់វឌ្ឍនៈ២ គ្រប់រដ្ឋបាលរោងចក្រឯកភាពគ្នាចឹង ប៉ុន្តែមានគេរាយការណ៍ប្រាប់ខ្ញុំថា រោងចក្រហ្នឹងចាប់ផ្ដើមចូលធ្វើការថ្ងៃហ្នឹង អ៊ីចឹងទេវាអត់ត្រឹមត្រូវតាមអ្វីដែលបានចុះហត្ថលេខាជាមួយគ្នាទេ។ សុំគោលការណ៍ឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីពិន័យចំពោះរោងចក្រដែលមិនព្រមអនុវត្តតាម»។
លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ដែលបានចុះអង្កេតករណីនេះ បញ្ជាក់ថា មូលហេតុដែលនាំឲ្យកម្មករដួលសន្លប់តាំងពីថ្ងៃទី១៥ សីហា គឺបណ្ដាលមកពីអគាររោងចក្រមិនទាន់រៀបចំប្រព័ន្ធទឹកត្រជាក់ ដើម្បីធ្វើឲ្យមានខ្យល់អាកាសចូលក្នុងអគាររោងចក្ររួចផង ស្រាប់តែឲ្យកម្មករចូលធ្វើការក្នុងអគាររោងចក្រនោះដែលមានសភាពហប់ និងក្ដៅខ្លាំង។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បានឯកភាពចំពោះគោលការណ៍របស់មន្ត្រីពេទ្យការងារនេះ។ លោកថា តាមការសាកសួរពីកម្មកររោងចក្រនេះ គឺរកឃើញថា ភាគីរោងចក្របានបង្ខំឲ្យកម្មករចូលធ្វើការ៖ «ហេតុអីបានខាងរោងចក្រតម្រូវឲ្យកម្មករចូលទៅក្នុងអគាររោងចក្រវិញយ៉ាងនេះ? បើសិនជាមានការចុះហត្ថលេខាអីត្រឹមត្រូវអ៊ីចឹងមែន ហេតុអីបានជាខាងរោងចក្រតម្រូវឲ្យកម្មករចូលទៅក្នុងអគាររោងចក្រ។ កម្មករព្រឹកមិញគាត់ថាអត់ចង់ចូលទេ ពួកគាត់ញញើតពីសន្លប់ម្សិលមិញ ប៉ុន្តែខាងរោងចក្រហ្នឹងបានដេញឲ្យគាត់ចូល ពេលដែលមានអ្នកសន្លប់ហើយហ្នឹង ក៏អត់ចឹងឲ្យគេចេញដែរ អ៊ីចឹងបើសិនជាមានការចុះហត្ថលេខាអ៊ីចឹងមែន ខ្ញុំថា ខាងនាយកដ្ឋានពេទ្យការងារត្រូវតែដាក់ពិន័យទៅលើរោងចក្រហ្នឹងឲ្យបានច្បាស់លាស់»។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១៦ សីហា ដែលជាថ្ងៃកម្មករដួលសន្លប់លើកទី២ គេពុំដឹងប្រាកដថា អ្នកសន្លប់មានចំនួនប៉ុន្មាននោះទេ។ ពួកគេត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាព និងគ្លីនិកមួយចំនួននៅក្បែរនោះ ដើម្បីជួយសង្គ្រោះ។
បុគ្គលិកនៅមណ្ឌលសុខភាពពងទឹក លោកវេជ្ជបណ្ឌិត ភួង សុវណ្ណ ដែលបានព្យាបាលកម្មករសន្លប់ ឲ្យដឹងថា កម្មករប្រាប់លោកថា មុនពេលសន្លប់ ពួកគាត់មានធុំក្លិនម្យ៉ាង ទើបធ្វើឲ្យគាត់មានសភាពតឹងទ្រូង រួចថប់ដង្ហើម សន្លប់ និងប្រកាច់។ ទាក់ទងការលើកឡើងនេះ លោកវេជ្ជបណ្ឌិតបានសន្និដ្ឋានថា កម្មករទាំងនោះពុលក្លិនដែលមានសារធាតុគីមី៖ «ជំងឺហ្នឹងវាពាក់ព័ន្ធជាមួយនឹងកង្វះសារធាតុអីមួយនៅក្នុងឈាម ឬមួយក៏ប៉ះពាល់ជាមួយនឹងជាតិគីមីអ្វីម្យ៉ាង ដែលវាធ្វើឲ្យពុលដល់សរសៃប្រសាទខួរក្បាល។ មានអ្នកខ្លះសន្លប់ មានអ្នកខ្លះប្រកាច់ វាជាស្ថានភាពមួយដែលធ្វើឲ្យយើងសន្និដ្ឋានថា មានការប៉ះពាល់ជាមួយនឹងសារធាតុពុលតែម្ដង។ មានការតឹងទ្រូង ថប់ដង្ហើម ប្រកាច់យកតែម្ដង ញ័រទទ្រើកដូចសត្វកង្កែបប្រឡាក់អំបិល»។
កាលពីថ្ងៃទី១៥ ខែសីហា រោងចក្រដេរសម្លៀកបំពាក់ចំនួន ៦រោងចក្រក្នុងតំបន់សួនវឌ្ឍនៈទី២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានកម្មករ ១៣៩នាក់បានដួលសន្លប់។ រោងចក្រទាំងនោះឈ្មោះ រោងចក្រ ញូថិច រោងចក្រ អាកាសេត មហាហ្គាមិន ដុងឌូ ប៊ុលតិច និងរោងចក្រផាភីលាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។