កម្មករ​ប្រមាណ​៤០​នាក់​សន្លប់​នៅ​រោងចក្រ​នា​ខណ្ឌ​ពោធិ៍សែនជ័យ

0:00 / 0:00

កម្មការិនី​ជាច្រើន​នាក់​បម្រើ​ការ​នៅ​រោងចក្រ ខេមបូ ខូថប (Cambo Kotop) បាន​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា។ ក្រុម​កម្មករ​បាន​អះអាង​ថា ពួក​គេ​មាន​អាការៈ​ណែន​ទ្រូង និង​ថប់​ដង្ហើម​នៅ​មុន​ពេល​ដួល​សន្លប់​នោះ។

កម្មករ​ប្រមាណ ៤០​នាក់ នៅ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ខេមបូ ខូថប បាន​សន្លប់​ជា​បន្តបន្ទាប់ ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់​លាស់។

កម្មការិនី​ឈ្មោះ សុង សំអាន អោយ​ដឹង​ថា កម្មករ​ជាច្រើន​នាក់​ចាប់​ផ្ដើម​ដួល​សន្លប់​ជា​បន្តបន្ទាប់​នៅ​ក្នុង​រោងចក្រ​ក្នុង​ពេល​បំពេញ​ការងារ។ កម្មការិនី​ដដែល​បញ្ជាក់​នៅ​ក្រោយ​ពេល​ដឹង​ខ្លួន​ពី​សន្លប់​មក​វិញ​ថា នាង​បាន​ថប់​ដង្ហើម និង​ណែន​ដើម​ទ្រូង​បន្ទាប់​មក​បាន​ដួល​សន្លប់៖ «ភាគ​ច្រើន គឺ​ទន់​តែ​ម្ដង ទន់​ទៅ​ស្មិល ។ ចេញ​ពី​រោងចក្រ​មក​ខ្លះ​គ្រាន់​តែ​ដើរៗ​ដួល​ស្មិល​ម៉ង។ អត់​ដឹង​មូលហេតុ​អី​ទេ​បង ព្រោះ​អី​អោយ​តែ​អ្នក​សន្លប់​ភាគ​ច្រើន គឺ​សុទ្ធ​តែ​ណែន​ទ្រូង ដក​ដង្ហើម​មិន​រួច​ហា​តែ​មាត់»

កម្មការិនី សុង សំអាន រំឭក​ថា កាល​ពី​ថ្ងៃ​ទី​១៣ មីនា រូប​នាង និង​កម្មករ​ប្រមាណ ២០​នាក់​ទៀត បាន​សន្លប់​ម្ដង​រួច​ហើយ ដែល​មិន​នឹក​ស្មាន​ថា​ដួល​សន្លប់​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ​ឡើយ។

ការ​ដួល​សន្លប់​របស់​កម្មករ​នៃ​រោងចក្រ ខេមបូ ខូថប ដែល​មាន​ទីតាំងនៅ​ក្នុង​ភូមិ​អង្គ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ កើត​ឡើង​បន្ទាប់​ពី​កម្មការិនី​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ពេល​កំពុង​ធ្វើ​ការ។

តំណាង​រដ្ឋបាល​រោងចក្រ ខេមបូ ខូថប មួយ​រូប​បញ្ជាក់​ថា ការ​ដួល​សន្លប់​របស់​ក្រុម​កម្មករ គឺ​បណ្ដាល​មក​ពី​ការ​ភ័យ​តៗ​គ្នា​នៅ​ក្រោយ​ពេល​ដែល​មាន​កម្មការិនី​ម្នាក់​បាន​ស្លាប់​ដោយ​ខ្យល់គរ ដែល​មិន​ពាក់ព័ន្ធ​ដល់​បរិយាកាស​ក្នុង​រោងចក្រ​ឡើយ។

មន្ត្រី​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អ្នកស្រី ឆន សុខា ដែល​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ ថ្លែង​ថា បញ្ហា​ដួល​សន្លប់​របស់​ក្រុម​កម្មករ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ប្រាក់​ខែ​តិច ដែល​ធ្វើ​អោយ​ពួក​គេ​មាន​សុខភាព​ទ្រុឌទ្រោម។

«សំឡេង»

ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​កម្មការិនី​ម្នាក់​នៅ​ពេល​បំពេញ​ការងារ​ក្នុង​រោងចក្រ​នេះ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា សហជីព​កម្មករ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​ការងារ កំពុង​ស៊ើប​អង្កេត​ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។