ប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងធ្វើសន្និសីទកាសែតនៅថ្ងៃទី១៣ មិថុនា នាទីស្នាក់ការកណ្ដាលបក្ស នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្ដីពីថៃ ចាប់បញ្ជូនពលករខ្មែរមកស្រុកវិញ។
សេចក្ដីប្រកាសព័ត៌មានលើគេហទំព័ររបស់បក្សសង្គ្រោះជាតិ ថ្ងៃទី១២ មិថុនា បានរិះគន់ថា រដ្ឋាភិបាលកម្ពុជា មិនបានយកចិត្តទុកដាក់ចំពោះស្ថានភាពប្រឈមគ្រោះថ្នាក់របស់ពលករខ្មែរដែលអាជ្ញាធរថៃ បានចាប់បង្ខំបញ្ជូនមកស្រុកវិញនៅពេលនេះ។
ទាក់ទងថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់យ៉ាងគំហុកនេះដែរ អង្គការ ខារ៉ាម កម្ពុជា (CARAM) ដែលធ្វើការទាក់ទងពលករខ្មែរនៅថៃ ដែរនោះ ក៏នឹងចេញសេចក្ដីថ្លែងការណ៍មួយ ស្ដីពីស្ថានភាពសន្តិសុខ និងសុវត្ថិភាពពលករខ្មែរនៅថៃ នេះដែរ។
នាយកអង្គការ ខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ មានប្រសាសន៍នៅថ្ងៃទី១២ មិថុនា ថា លោកបានទទួលបណ្ដឹងពីពលករខ្មែរនៅថៃ ជាច្រើននាក់ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខនិងសុវត្ថិភាពផ្ទាល់ខ្លួនរយៈពេលប៉ុន្មានថ្ងៃនេះ។
លោកថា ពលករខ្មែរប្រមាណកន្លះលាននាក់ នៅស្រុកថៃ ហើយពលករខុសច្បាប់ មិនហ៊ានចេញដើរ ពួកគេរស់នៅប្រមូលផ្ដុំគ្នាជាក្រុម លាក់ខ្លួនខ្លាចអាជ្ញាធរថៃចាប់ធ្វើបាប។
រដ្ឋាភិបាលថៃ ដែលដឹកនាំដោយយោធាសព្វថ្ងៃ ចាប់ផ្ដើមពង្រឹងសន្តិសុខជាតិ ហើយបានហាមក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជនថៃ ឲ្យឈប់ប្រើប្រាស់ពលករបរទេសខុសច្បាប់តទៅទៀត។
លោក យ៉ា ណាវុធ បានស្រង់របាយការណ៍អង្គការថៃ មួយឈ្មោះ អង្គការ រ៉ាក់ ថៃ ថាមានពលករខុសច្បាប់ប្រហែល ៣លាននាក់មកពីប្រទេសជិតខាង ដូចជា ភូមា ឬមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ធ្វើការនៅថៃ ក្នុងនោះមានពលករខ្មែរប្រហែល ១៥ភាគរយ។ លោកបន្តថា អង្គការលោកនឹងចុះទៅពិនិត្យស្ថានភាពពលករខ្មែរដែលថៃ ចាប់ដាក់ឡានបញ្ជូនមកព្រំដែនយ៉ាងគំហុកនេះនៅតាមច្រកព្រំដែនកម្ពុជា-ថៃ។
ទោះយ៉ាងណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ជួយការពារសន្តិសុខ និងសុវត្ថិភាពពលករខ្មែរទាំងនោះហើយ។
លោក កុយ គួង ឲ្យដឹងថា គ្រាន់តែនៅថ្ងៃទី១១ មិថុនា ថៃបានចាប់ពលករខ្មែរខុសច្បាប់ប្រមាណ ៦.០០០នាក់ ដឹកមកព្រំដែនប៉ោយប៉ែត។ លោកថា រដ្ឋាភិបាលកម្ពុជា បានសហការជាមួយអង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IOM) ដោយបានរៀបចំឡានជាច្រើនគ្រឿងដើម្បីដឹកពលករខ្មែរបន្តពីច្រកប៉ោយប៉ែត ទៅកាន់ខេត្តនានា ដែលពលករទាំងនោះរស់នៅ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
