កម្មករប្រមាណ ១ពាន់នាក់ ប្រមូលផ្តុំគ្នានៅក្បែរស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែងមន្ត្រីសហជីពរបស់ពួកគេចំនួន ៨នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីរសៀលថ្ងៃទី២៣ ខែឧសភា។ ចំណែកកម្លាំងប៉ូលិស និងប៉េអិមជាច្រើនរយនាក់ ក៏ត្រូវបានដាក់ពង្រាយនៅទីនោះ ហើយផ្លូវចូលទៅកាន់ស្នងការខេត្ត ក៏ត្រូវបានអាជ្ញាធរបិទផងដែរ។
កម្មករដែលប្រមូលផ្តុំគ្នាប្រមាណ ១.០០០នាក់នោះ គឺមានមកពីរោងចក្រ ជេ.អែស.ឌី (JSD) រោងចក្រ ហ្គោលហ្វែម (Gold Fam) រោងចក្រ រីវើរិច (River Rich) និងរោងចក្រ ឃីងវ៉េ (King Way)។ ពួកគេទាមទារឲ្យដោះលែងមន្ត្រីសហជីពរបស់ពួកគេ ដែលក្នុងនោះ ២នាក់ជាបុគ្គលិករបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ (C-CAWDU) និង ៦នាក់ផ្សេងទៀត គឺជាសមាជិកសហជីព។
ប្រធានសម្ព័ន្ធស៊ីខាវឌូ លោក អាត់ ធន់ ដែលបានធ្វើដំណើរទៅខេត្តតាកែវ ជាមួយសហការីរបស់លោកប្រមាណ ២០នាក់ផ្សេងទៀត តាំងពីយប់ថ្ងៃទី២៣ ឧសភា ដើម្បីសុំជួបមន្ត្រីសហជីព ដែលត្រូវបានចាប់ខ្លួននោះ ឲ្យដឹងនៅថ្ងៃទី២៤ ឧសភា ថា លោកបានជួបមន្ត្រីទាំង ៨នាក់នោះហើយ នៅរសៀលថ្ងៃទី២៤ នៅពេលពួកគេត្រូវបាននាំខ្លួនទៅកាន់តុលាការខេត្ត ដើម្បីឲ្យព្រះរាជអាជ្ញាធ្វើការសាកសួរ។
លោកថា មន្ត្រីទាំង ៨នាក់នោះអាចត្រូវបានឃុំខ្លួននៅស្នងការខេត្តតាកែវ បន្តទៀត៖ «រឿងនេះដោយសារតែវាយប់ហើយ ប្រហែលជាត្រូវនៅមួយយប់នេះទៀត ហើយស្អែក ឬក៏ខានស្អែកបន្តទៀតហ្នឹង គឺខាងចៅក្រម គេនឹងធ្វើតាមនីតិវិធី តែឥឡូវនេះបានសាកសួរចប់នៅកន្លែងប៉ូលិស ហើយព្រះរាជអាជ្ញា បើតាមការឆ្លើយរបស់មេធាវីថាអាចនឹងចប់ល្ងាចហ្នឹង»។
បើតាម លោក អាត់ ធន់ លោកថាកម្មករនៅរោងចក្រ ជេ.អែស.ឌី ប្រមាណ ២ពាន់នាក់ បានធ្វើកូដកម្មអស់រយៈពេល១ខែមកហើយ ដើម្បីទាមទារឲ្យរោងចក្រគោរពលក្ខខណ្ឌការងារមួយចំនួន ដូចជាការបង្ខំឲ្យកម្មករធ្វើការថែមម៉ោង និងការរារាំងមិនឲ្យកម្មករចូលរួមជាមួយសហជីព ជាដើម ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ។ លោក អាត់ ធន់ បន្ថែមថា ក្រោយមកកម្មករក៏បានស្នើឲ្យសហព័ន្ធស៊ីខាវឌូ របស់លោកជួយដោះស្រាយ។
លោក អាត់ ធន់៖ «យើងក៏ឲ្យមន្ត្រីយើងជួយដោះស្រាយទៅ ទើបតែថ្ងៃសុក្រម្សិលមិញនេះ ពេលដែលយើងជួយចរចាដោះស្រាយតវ៉ាហើយ ពេលចេញទៅ ដល់ម្តុំកន្លែងប៉ុស្តិ៍ក្រាំងស្លែង នេះ គឺខាងកងកម្លាំងទៅចាប់តែម្តង ហើយដល់ចាប់ចឹងទៅ បានយើងមកដល់ពេលហ្នឹង បានយើងដឹងថា មានបណ្ដឹងពីក្រុមហ៊ុន ដើម្បីធ្វើការចោទប្រកាន់យើងប៉ុន្មានចំណុចហ្នឹង»។
លោក អាត់ ធន់ បន្តថា បើតាមព័ត៌មានដែលលោកទទួលបានក្រៅផ្លូវការ មន្ត្រីស៊ីខាវឌូ និងសមាជិកទាំង ៨នាក់នោះ ត្រូវបានក្រុមហ៊ុនចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ បទបង្កអំពើហិង្សា និងការធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិក្រុមហ៊ុន ជាដើម។ ប៉ុន្តែ លោក អាត់ ធន់ ថាអ្វីដែលក្រុមហ៊ុនចោទប្រកាន់នោះ គឺមិនត្រឹមត្រូវនោះទេ។ លោកថា លោកនឹងជួបជាមួយអ្នកបញ្ជាទិញរបស់ក្រុមហ៊ុនក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីស្នើឲ្យអ្នកបញ្ជាទិញ ជំរុញឲ្យក្រុមហ៊ុនដកពាក្យបណ្ដឹងរបស់ពួកគេ។ លោកក៏បានស្នើឲ្យអាជ្ញាធរជំរុញឲ្យក្រុមហ៊ុន អនុវត្តទៅតាមច្បាប់ ដើម្បីកុំឲ្យក្រុមហ៊ុនគេចវេសពីការទទួលខុសត្រូវរបស់ខ្លួន។
ស្នងការខេត្តតាកែវ លោក អ៊ុក សំណាង លោកមានប្រសាសន៍ថា លោកកំពុងជាប់រវល់មិនទាន់អាចអត្ថាធិប្បាយបញ្ជាក់ពីការឃុំខ្លួនមន្ត្រីសហជីពទាំង ៨នាក់នោះបានភ្លាមទេ នៅថ្ងៃទី២៤ ឧសភា។
លោក អាត់ ធន់ អះអាងថា លោកនឹងបន្តតាមដានមើលករណីនេះទៀត ហើយថា ប្រសិនបើពុំមានការដោះលែងនោះទេ ក្រុមរបស់លោកនឹងធ្វើយុទ្ធនាការនៅតាមរោងចក្រ ឬធ្វើការតវ៉ានៅមុខស្នងការដ្ឋានខេត្តតាកែវ នៅថ្ងៃបន្តបន្ទាប់ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
