កម្មករកម្មការិនីរោងចក្រផលិតអំពូលភ្លើង ឡុង ប្រាយ (Long Bright) ប្រមាណ ៥០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) នៅក្រុងបាវិត ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខសាលាក្រុងបាវិត ទាមទារឲ្យថៅកែរោងចក្រដោះស្រាយលក្ខខណ្ឌការងារ ៥ចំណុច។
លក្ខខណ្ឌការងារដែលក្រុមកម្មករទាមទារនោះ រួមមាន សុំឲ្យក្រុមហ៊ុនទទួលយកតំណាងកម្មករ ៥នាក់ ដែលបញ្ឈប់ពីការងារកន្លងទៅឲ្យចូលធ្វើការវិញជាធម្មតា។ កម្មករស្នើឲ្យក្រុមហ៊ុនទូទាត់លុយឲ្យកម្មករដែលបញ្ឈប់ពីការងារតាមផ្លូវច្បាប់ សុំឲ្យថៅកែរោងចក្រទទួលយកកម្មករជាង ១០០នាក់ ដែលបញ្ឈប់ពីការងារចូលធ្វើការវិញ។ កម្មករស្នើឲ្យក្រុមហ៊ុនសាងសង់បន្ទប់ទារកដ្ឋាន សម្រាប់បំបៅដោះកូនក្នុងរោងចក្រ និងសុំកុំឲ្យក្រុមហ៊ុនប្រើកិច្ចសន្យាការងាររយៈពេលខ្លី ជាដើម។
កម្មការិនីម្នាក់ កញ្ញា ស៊ឹម ស្រីនិច្ច ថ្លែងនៅថ្ងៃទី២៨ ឧសភា ថា ថៅកែរោងចក្របានបញ្ឈប់កម្មករពីការងាររាប់រយនាក់ជាបន្តបន្ទាប់ ហើយពេលបញ្ឈប់ពីការងារនោះ ថៅកែរោងចក្រពុំបានផ្ដល់ប្រាក់អតីតភាពការងារដល់កម្មករទេ ដោយយកលេសថា បញ្ចប់កិច្ចសន្យាការងារ ដោយសារតម្រូវការផលិតតិចតួច។ កញ្ញា ស៊ឹម ស្រីនិច្ច បន្តថា កន្លងមកថៅកែរោងចក្រនៅពេលដែលកម្មករតវ៉ាជាមួយក្រុមហ៊ុនម្ដងៗ តែងតែបញ្ឈប់កម្មករពីការងារជាបន្តបន្ទាប់ ដោយពុំមានកំហុសក្នុងការងារឡើយ។
កញ្ញាបញ្ជាក់ថា ក្រុមកម្មករមិនអាចទទួលយកតាមការបញ្ឈប់របស់ថៅកែរោងចក្រនេះបានឡើយ៖ «គេរាប់ពាន់នាក់ ក៏គេគិតលុយឲ្យដែរ តែរោងចក្រហ្នឹងមួយគេមិនគិតលុយឲ្យកម្មករទេ គេបញ្ឈប់ម្ដង ៥នាក់ ម្ដង ១០នាក់ គេពន្យារពេល។ ហើយរោងចក្រហ្នឹងប្រហែលជាទំនងបិទបានជាបញ្ឈប់អ៊ីចឹងណាស់! វាមិនចង់គុណលុយ និងលុយបំណាច់ឆ្នាំ ៥ភាគរយឲ្យ។ ធ្វើការធម្មតាធ្វើឲ្យគេមិនដែលមានកំហុសទេ វាមកហៅទៅបញ្ឈប់តែហ្មងហ្នឹង ឡើងទៅអុបហ្វីសឲ្យយើងផ្ដិតមេដៃស៊ីញេតែម្ដង វាមិនឲ្យយើង វាមិនប្រាប់យើងថាម៉េចទេ វាថាទៅឡើងផ្ដិតមេដៃបញ្ឈប់តែហ្មង!»។
កាលពីចុងខែមេសា កន្លងទៅ ក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត រាប់ម៉ឺននាក់ បានធ្វើកូដកម្មតវ៉ាប្រាក់អត្ថប្រយោជន៍ការងាររបស់កម្មករម្នាក់ ៥០ដុល្លារអាមេរិក។ ដោយកម្មករអះអាងថា ប្រាក់ម្នាក់ ៥០ដុល្លារនេះ ថៅកែរោងចក្រសន្យាឲ្យកម្មករណាដែលមិនចូលរួមធ្វើកូដកម្មតវ៉ាជាមួយក្រុមហ៊ុន កាលពីមុនបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។ ប៉ុន្តែ កម្មករដែលមិនបានធ្វើកូដកម្មនោះ ថៅកែមិនឲ្យប្រាក់ ៥០ដុល្លារនោះដល់កម្មករដូចការសន្យាឡើយ។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុខឿន ធ្លាប់មានប្រសាសន៍បញ្ជាក់ថា ថៅកែរោងចក្រនិយាយថា ក្រុមហ៊ុនមិនបានសន្យាផ្ដល់ប្រាក់ឲ្យកម្មករម្នាក់ ៥០ដុល្លារ ដូចការលើកឡើងរបស់កម្មករទេ។
បន្ទាប់ពីការតវ៉ារបស់កម្មករនៅសាលាក្រុងបាវិត នាព្រឹកថ្ងៃទី២៨ ឧសភា អាជ្ញាធរក្រុងអនុញ្ញាតឲ្យមានកិច្ចប្រជុំរកដំណោះស្រាយនៅខាងក្នុងសាលាក្រុងដែលមានតំណាងកម្មករ មន្ត្រីសម្ព័ន្ធសហជីព ចលនាកម្មករ តំណាងក្រុមហ៊ុន មន្ត្រីមន្ទីរការងារខេត្តស្វាយរៀង និងអាជ្ញាធរក្រុងបាវិត ចូលរួមប្រជុំប្រមាណជាង១ម៉ោង ប៉ុន្តែការប្រជុំនោះគ្មានដំណោះស្រាយទេ។
អភិបាលរងក្រុងបាវិត លោក យិន ចន្ធី មានប្រសាសន៍ថា ការប្រជុំរកដំណោះស្រាយពុំមានច្រកចេញ ដោយសារតំណាងកម្មករ និងមន្ត្រីសហជីព មិនព្រមដោះស្រាយនៅចំណុចទី១ ដែលស្នើឲ្យតំណាងកម្មករ ៥នាក់ចូលធ្វើវិញ។ លោកបញ្ជាក់ថា ចំណុចនេះភាគីក្រុមហ៊ុនស្នើដោះស្រាយនៅពេលក្រោយ ដោយរង់ចាំការសម្រេចរបស់ថៅកែក្រុមហ៊ុនត្រឡប់ពីក្រៅប្រទេស៖ «បីចំណុចដោះស្រាយហើយ ឯកភាពអីហើយ ប៉ុន្តែនៅចំណុចទី១គេមិនដោះ។ មកពីកម្មករទេ កម្មករមិនចង់និយាយ ពួកសហជីពគេថាគេមិនដោះស្រាយអាទី១»។
តែយ៉ាងណា មន្ត្រីសហជីពពន្យល់ថា មូលហេតុដែលពួកគេមិនដោះស្រាយបន្ត ដោយសារអង្គប្រជុំមិនសម្របសម្រួលឲ្យកម្មករដែលបញ្ឈប់ពីការងារនោះចូលធ្វើការវិញ។
ច្បាប់ការងារមាត្រា៨៩ ចែងថា ប្រសិនកិច្ចសន្យាការងារត្រូវបញ្ឈប់ដោយឆន្ទៈរបស់និយោជកតែម្ខាង វៀរលែងតែនិយោជិតមានកំហុសធ្ងន់ និយោជកត្រូវតែឲ្យប្រាក់បំណាច់បណ្ដេញចេញទៅកម្មករនិយោជិតដែលខ្លួនបញ្ឈប់។ ត្រូវមានបំណាច់បណ្ដេញចេញប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន ៧ថ្ងៃ ចំពោះកម្មករដែលបានធ្វើការជាប់ជាប្រចាំពី ៦ខែទៅដល់ ១២ខែ។ បើធ្វើការលើសពី ១២ខែឡើងទៅ ប្រាក់បំណាច់បណ្ដេញចេញត្រូវគណនាស្មើនឹងប្រាក់ឈ្នួល ព្រមទាំងប្រាក់បន្ទាប់បន្សំចំនួន ១៧ថ្ងៃក្នុងមួយឆ្នាំការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
