កម្មករ​រោងចក្រ​ស្បែក​ជើង​នៅ​កំពង់ចាម​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៨​ចំណុច

កម្មករ​រោងចក្រ​ស្បែង​ជើង កាលីង តុន (CALING TON) ដែល​មាន​ទីតាំង​នៅ​ឃុំ​ខ្នុរដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ប្រមាណ​ជាង ១​ពាន់​នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​ច្រក​ចូល​រោងចក្រ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ដែល​ខាង​ភាគី​រោងចក្រ​មិន​ទាន់​បាន​បំពេញ​ជូន​កម្មករ។

ប្រធាន​សហជីព​សំឡេង​យុវជន​ខ្មែរ​ប្រចាំ​រោងចក្រ កាលីង តុន លោក សួស សំនៀង ឱ្យ​ដឹង​ថា កម្មករ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ចំនួន ៥​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​បាន​ចេញ​មុខ​មក​ដោះស្រាយ​ជូន​ពួក​គាត់​ឱ្យ​បាន​ស្ងប់​ចិត្ត​នោះ​ឡើយ។ កម្មករ​បាន​នាំ​គ្នា​បំបែក​ការ​តវ៉ា​នៅ​ម៉ោង​ប្រមាណ ១១​ថ្ងៃ​ត្រង់ ដោយ​មិន​មាន​តំណាង​ក្រុមហ៊ុន​មក​ជួប​ដោះស្រាយ​ដដែល ប៉ុន្តែ​ពួក​គេ​នឹង​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ កក្កដា គឺ​អាច​នឹង​មាន​ការ​ហែ​ក្បួន​ធំ​មួយ។

លោក សួស សំនៀង៖ «ពួក​ខ្ញុំ​ក៏​ដូច​ជា​បង​ប្អូន​កម្មករ​កម្មការិនី​នៅ​តែ​ប្ដេជ្ញា​ប្រកាន់​ជំហរ​ក្នុង​ការ​ទាមទារ ក៏​ដូច​ជា​បង​ប្អូន​ខាង​កម្មករ​នៅ​ជិតៗ​នេះ ក៏​គាត់​ពេញ​ចិត្ត​ក្នុង​ការ​ទាមទារ។ ពួក​គាត់​នឹង​ចូលរួម​ក្នុង​ការ​ទាមទារ​ក្នុង​ពេល​ឆាប់ៗ​នេះ។ អត់ គឺ​គាត់​អត់​មាន​នេះ​ទេ គឺ​គាត់​ប្រកាន់​ជំហរ​មួយ សូម្បី​តែ​ហៅ​ថា​ចរចា​បាន ឬ​ក៏​មិន​បាន ក៏​អត់​មាន​តែ​ម្តង»

លោក​បន្ត​ថា កម្មករ​បាន​ទាមទារ ៨​ចំណុច រួម​មាន​សុំ​បន្ថែម​លុយ​បាយ ៤​ពាន់​រៀល ឬ​ក៏​ផ្តល់​បាយ​ជូន​កម្មករ​មួយ​ពេល​ក្នុង​មួយ​ថ្ងៃ ស្នើ​បន្ថែម​ប្រាក់​លើក​ទឹក​ចិត្ត ១៥​ដុល្លារ សោហ៊ុយ​ធ្វើ​ដំណើរ ១៥​ដុល្លារ និង​ប្រាក់ ២​ពាន់​រៀល​ជា​ថ្លៃ​បាយ​នៅ​ពេល​ថែម​ម៉ោង ស្នើ​ប្ដូរ​របៀប​ទូទាត់​ប្រាក់​ថែម​ម៉ោង​សម្រាប់​ប្រធាន​ក្រុម ដោយ​ត្រូវ​គិត​បញ្ចូល​ប្រាក់​តួនាទី ស្នើ​អនុគ្រោះ​កុំ​កាត់​ប្រាក់​ប្រធាន​ក្រុម​ដែល​ស្នាក់​ក្នុង​រោងចក្រ ធានា​សិទ្ធិ​សេរីភាព​របស់​អ្នក​បើកបរ​ឡាន​ដឹក​កម្មករ និង​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​អ្នក​បើកបរ​ដែល​ធានា​សុវត្ថិភាព​កម្មករ។

អ្នក​បកប្រែ​ភាសា​ចិន នៅ​ក្នុង​រោងចក្រ កាលីង តុន លោក ឃីម វីរ ឱ្យ​ដឹង​ថា ខាង​ក្រុមហ៊ុន​មិន​ឯកភាព​ទៅ​នឹង​ការ​ទាមទារ​ទាំង ៨​ចំណុច​នោះ​ឡើយ ដោយ​អះអាង​ថា ការ​ទាមទារ​នោះ​លើស​ពី​គោលការណ៍​ច្បាប់។ លោក​បន្ត​ថា ខាង​ក្រុមហ៊ុន​បញ្ជូន​បញ្ហា​នេះ​ទៅ​ខាង​មន្ទីរ​ការងារ ខេត្ត​កំពង់ចាម ប៉ុន្តែ​មិន​អាច​រក​ចំណុច​រួម​បាន ហើយ​ក៏​បញ្ជូន​សំណុំ​រឿង​នេះ​បន្ត​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ដើម្បី​ដោះស្រាយ។ ដូច​នេះ ខាង​ក្រុមហ៊ុន​រង់ចាំ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ជុំវិញ​ការ​ទាមទារ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។