ការធ្វើបាតុកម្មតវ៉ារបស់កម្មករអូសរទេះ ទាមទារឲ្យមន្ត្រីគយបន្ធូរបន្ថយពន្ធដឹកទំនិញ កាលពីថ្ងៃទី២៥ ឧសភា ដែលប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច បណ្ដាលឲ្យកម្មករ និងសន្តិសុខគយរបួសធ្ងន់ និងស្រាលនៅក្រុងប៉ោយប៉ែត នោះ នៅតែពុំមានដំណោះស្រាយនៅឡើយ។
អ្នកជំនួញរកស៊ីដឹកទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភាគច្រើនអះអាងថា ពួកគេពុំមានជាប់ពាក់ព័ន្ធ ឬជាអ្នកនៅពីក្រោយនៃការតវ៉ារបស់កម្មករអូសរទេះទាំងនោះឡើយ។ ប៉ុន្តែសមត្ថកិច្ចគយ នៅតែអះអាងថា ក្រុមកម្មករដែលតវ៉ានោះជាអ្នករងគ្រោះជំនួសមុខឲ្យម្ចាស់ទំនិញ។
ការឆ្លើយទម្លាក់កំហុសដាក់គ្នាទៅវិញទៅមករវាងសមត្ថកិច្ច អ្នកជំនួញ និងកម្មករអូសរទេះនេះ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ពុំមែនជាដំណោះស្រាយដើម្បីបញ្ចប់ជម្លោះរបស់កម្មករអូសរទេះ ដែលតវ៉ានោះទេ។
អ្នកជំនួញភាគច្រើនមានមតិស្រដៀងគ្នាថា ការផ្ទុះកំហឹងតវ៉ារបស់ក្រុមកម្មករអូសរទេះជាមួយសមត្ថកិច្ចគយក្រុងប៉ោយប៉ែត នោះ ជាការទាមទាររបស់កម្មករដែលពួកគេជួបការលំបាក ដើម្បីរកប្រាក់ចំណូលទៅដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរៀងៗខ្លួន។ អ្នកជំនួញម្នាក់ដែលរកស៊ីដឹកទំនិញចេញចូលពីកម្ពុជា ទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺអ្នកស្រី អូន ថ្លែងថា ការតវ៉ារបស់កម្មករអូសរទេះដែលឈានដល់ការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ខណៈតវ៉ានៅមុខការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត បណ្ដាលឲ្យកម្មករម្នាក់រងរបួសធ្ងន់ និងមន្ត្រីសន្តិសុខម្នាក់រងរបួសស្រាលនោះ ពុំមានពាក់ព័ន្ធនឹងរបររកស៊ីដឹកទំនិញរបស់អ្នកស្រីនោះទេ។ អ្នកស្រីបញ្ជាក់ថា បញ្ហានេះកើតឡើងដោយសារសមត្ថកិច្ចគយរឹតបន្តឹង និងទារប្រាក់ពីកម្មករអូសរទេះហួសហេតុ ធ្វើឲ្យពួកគេពុំទទួលបានប្រាក់ចំណេញ៖ «កន្លងមកសមត្ថកិច្ចតែងគាបសង្កត់កម្មករ ដូចជាការរឹតបន្តឹងទៅលើការលក់សំបុត្រចេញចូលប្រទេសថៃ ជាដើម ធ្វើឲ្យកម្មករពិបាកក្នុងការស៊ីឈ្នួលដឹកទំនិញតាមច្រកប៉ោយប៉ែត»។
ទោះជាយ៉ាងនេះក្ដី ប្រធានគយ និងរដ្ឋាករក្រុងប៉ោយប៉ែត លោក ឈួន ហៃ នៅតែអះអាងថា ក្រុមកម្មករអូសរទេះចេញមុខតវ៉ានោះ ពួកគេជាអ្នករងគ្រោះជំនួសមុខឲ្យម្ចាស់ទំនិញទេ។ លោក ឈួន ហៃ បញ្ជាក់ថា អ្នកជំនួញទាំងនោះជាអ្នកដែលទទួលផលចំណេញកប់ក្ដោងពីការតវ៉ានេះ ដើម្បីផលប្រយោជន៍របស់ខ្លួនដែលមិនអាចអនុគ្រោះបានឡើយ៖ «នៅពេលសមត្ថកិច្ចយើងបន្ធូរបន្ថយទៅខាងកម្មករគាត់ចំណេញ តែពេលយើងរឹតបន្តឹង គាត់ខាតធនមិនបានចំណេញ ហើយគាត់ក៏ខឹងមកខាងសមត្ថកិច្ច។ ចំពោះខាងម្ចាស់ជំនួញតែងរួចខ្លួន ហើយបានប្រាក់ចំណេញពីលើកម្មករជានិច្ច»។
យ៉ាងណា ក្រុមកម្មករអូសរទេះថ្លែងថា ការតវ៉ាជាច្រើនលើកច្រើនសាកន្លងមក ដោយសារពួកគេអត់ទ្រាំនឹងការទារប្រាក់ដឹកទំនិញបន្តិចបន្តួចពីមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលដោះស្រាយបញ្ហាក្រពះប្រចាំថ្ងៃ៖ «ពួកខ្ញុំជាកម្មករអូសរទេះរកប្រាក់បានដោះស្រាយជីវភាពតែមួយថ្ងៃៗ មិនគួរខាងសមត្ថកិច្ចរឹតបន្តឹងហួសហេតុយកប្រាក់ពីពួកខ្ញុំជាប្រចាំនោះទេ។ ខ្ញុំដឹកក្នុងមួយជើងៗនៅសល់ប្រាក់តែបន្តិចបន្តួចទេ ចំណែកឯមន្ត្រីគយគេយកប្រាក់ពីពួកអស់ស្ទើរតែគ្មានសល់ តើខ្ញុំបានប្រាក់ឯណាយកទៅចិញ្ចឹមប្រពន្ធកូនខ្ញុំនៅផ្ទះទៅ»។
ទោះយ៉ាងនេះក្ដី សមត្ថកិច្ចគយនៅតែអះអាងថា ពិបាកក្នុងការទប់ស្កាត់ទៅលើក្រុមម្ចាស់ជំនួញធំៗ ដែលរកស៊ីដឹកទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពីព្រោះពួកគេច្រើនយកកម្មករអូសរទេះធ្វើជារនាំងបិទបាំងទោសកំហុស នៅពេលដែលពួកគេនាំទំនិញចេញចូលដោយគេចពីការបង់ពន្ធតាមផ្លូវច្បាប់។
ចំណែកក្រុមអាជីវករមួយចំនួនទៀតបានអះអាងថា ការដឹកទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កន្លងមក ពួកគេតែងបង់ពន្ធឲ្យមន្ត្រីគយទៅតាមច្បាប់ជាប្រចាំ។ អ្នកជំនួញទាំងនោះបញ្ជាក់ទៀតថា សមត្ថកិច្ចគយមិនគួរទម្លាក់កំហុសទៅលើរបរជំនួញរបស់ពួកគេ ពាក់ព័ន្ធនឹងការតវ៉ារបស់កម្មករអូសរទេះនោះឡើយ៖ «ខ្ញុំអត់មានបញ្ហាអីទេ ព្រោះអីវ៉ាន់របស់ខ្ញុំដឹកកន្លងមកតាមរយៈក្រុមហ៊ុនចូលបង់ពន្ធជូនរដ្ឋទាំងអស់ៗខកខាននោះទេ»។
ពាក់ព័ន្ធនឹងការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកនេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍បញ្ជាក់ថា ទាំងអាជីវករ កម្មករអូសរទេះ និងខាងសមត្ថកិច្ចគយដែលឆ្លើយទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកនេះ គឺពុំមែនជាដំណោះស្រាយ ដើម្បីបញ្ចៀសបញ្ហាការតវ៉ារបស់កម្មករអូសរទេះនោះឡើយ។ លោកពន្យល់ថា ចំណុចសំខាន់ ខាងសមត្ថកិច្ចត្រូវរិះរកមូលហេតុអ្នកដែលបង្កបញ្ហា ហើយអនុវត្តតាមផ្លូវច្បាប់ទាំងសងខាងដោយឯករាជ្យមិនលម្អៀង និងមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងនោះ៖ «ការតវ៉ានេះ វាធ្វើឲ្យខាតបង់ទាំងសងខាង យកល្អខាងសមត្ថកិច្ចគួរចាត់វិធានការឲ្យចំចំណុច បើសមត្ថកិច្ចអះអាងថា ដោយសារមកពីកម្មករ ឬអ្នកជំនួញ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរកអ្នកមេខ្លោង»។
របាយការណ៍របស់អភិបាលក្រុងប៉ោយប៉ែត បង្ហាញថា ការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មករអូសរទេះ ដែលពួកគេតវ៉ាកាលពីថ្ងៃទី២៥ ឧសភា កន្លងទៅ បង្កការខូចរថយន្តរបស់គយ និងរដ្ឋាករក្រុងប៉ោយប៉ែត ចំនួន ៧គ្រឿង ព្រមទាំងកញ្ចក់ របង ទ្វារបង្អួចស្នាក់ការគយ និងខូចខាតមួយចំនួនទៀត។ តែយ៉ាងណា ខាងសមត្ថកិច្ចពុំទាន់កំណត់ជាក់លាក់លើការខូចខាត រួមទាំងការកកស្ទះរថយន្តនាំទំនិញចេញចូលរវាងកម្ពុជា និងថៃ នៅពេលកម្មករតវ៉ានោះនៅឡើយទេ។ ពាក់ព័ន្ធបញ្ហានេះ ពុំទាន់ឃើញខាងសមត្ថកិច្ចមានវិធានការប្ដឹងផ្ដល់នឹងការតវ៉ាពីសំណាក់កម្មករអូសរទេះនេះនៅឡើយទេ។
រហូតមកទល់ពេលនេះ កម្លាំងសមត្ថកិច្ច មន្ត្រីកងរាជអាវុធហត្ថ និងប៉ូលិសក្រុងប៉ោយប៉ែត បន្តដាក់កម្លាំងយាមការពារជុំវិញការិយាល័យគយ និងរដ្ឋាករក្រុងទាំងយប់ទាំងថ្ងៃនៅឡើយ។ ចំណែករថយន្តដឹកទំនិញចេញចូលកម្ពុជា និងថៃ ដំណើរការឡើងវិញជាធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។