មូលហេតុដែលតំណាងកសិករទាមទារឲ្យមានការដោះលែងនេះ ដោយសារមានតំណាងកសិករម្នាក់ពីខេត្តស្វាយរៀង ត្រូវគេចាប់និងឃុំខ្លួនដែរ។
ញត្តិរបស់ប្រជាកសិករស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លី រួមទាំងកម្មករសរុប ២១នាក់ ឲ្យរួចពីការឃុំឃាំង និងរួចពីការចោទប្រកាន់ពីបទព្រហ្មទណ្ឌនៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៤ ដោយស្នើតាមរយៈអភិបាលនៃគណៈ អភិបាលខេត្តស្វាយរៀង។
ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នានៅខាងមុខសាលាខេត្តស្វាយរៀង ដោយមានកម្លាំងប៉ូលិស និងមន្ត្រីកងរាជអាវុធហត្ថប្រហែលជិត ១០០នាក់ ការពារយ៉ាងតឹងរ៉ឹង។ មន្ត្រីសាលាខេត្តអនុញ្ញាតឲ្យប្រជាពលរដ្ឋចំនួន ២នាក់នាំញត្តិចូលជួបពិភាក្សារយៈពេលប្រមាណ ១ម៉ោង នៅខាងក្នុងសាលាខេត្តស្វាយរៀង។
តំណាងប្រជាពលរដ្ឋនាំញត្តិចូលពិភាក្សាជាមួយមន្ត្រីសាលាខេត្តស្វាយរៀង លោក ស៊ុម ម៉ាណែត ថ្លែងបញ្ជាក់នៅថ្ងៃទី៩ កុម្ភៈ ថា មូលហេតុដែលប្រជាពលរដ្ឋដាក់ញត្តិមកកាន់សាលាខេត្តស្វាយរៀង ដោយសារមន្ត្រីសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា ម្នាក់ ជាប់ពន្ធនាគារនៅខេត្តកំពង់ចាម ជាតំណាងសកម្មជនរបស់ប្រជាកសិករនៅខេត្តស្វាយរៀង។
លោកថ្លែងបន្តថា ប្រជាកសិករនាំញត្តិថ្ងៃនេះ ដើម្បីឲ្យគណៈអភិបាលខេត្តដែលជាតំណាងរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ផ្ញើសាររបស់ពួកគេទៅថ្នាក់ដឹកនាំរដ្ឋាភិបាល៖ «ញត្តិហ្នឹងខ្ញុំបានជួបជាមួយបងនាយករដ្ឋបាលរួចរាល់ហើយ ហើយគាត់បានមានប្រសាសន៍ថា ញត្តិហ្នឹងទាក់ទងជាមួយការចាប់ខ្លួនជាមួយអីហ្នឹង គឺគាត់បានពិនិត្យទៅគាត់ឃើញថា នៅដែនសមត្ថកិច្ចរាជធានីភ្នំពេញ។ ដូច្នេះគាត់បានសម្របសម្រួលហើយ ខ្ញុំបានដកញត្តិហ្នឹងចេញមកវិញ ហើយខ្ញុំនឹងទៅដាក់នៅឯរាជធានីភ្នំពេញ បន្តទៀត ជាមួយកម្មករ ក៏ដូចជាសមាជិក ក៏ដូចជាកម្មករអីផ្សេងៗហើយនិងប្រជាពលរដ្ឋ»។
លោក ស៊ុម ម៉ាណែត បញ្ជាក់បន្ថែមថា តាមគម្រោងដាក់ញត្តិថ្ងៃនេះនឹងមានប្រជាពលរដ្ឋចូលរួមប្រមាណ ១ពាន់នាក់ ប៉ុន្តែត្រូវបានខកខានទៅវិញ ដោយសារអាជ្ញាធររារាំងទប់ស្កាត់ក្បួនរថយន្តរបស់ប្រជាពលរដ្ឋ។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋដែលរួមដាក់ញត្តិនៅមុខសាលាខេត្តស្វាយរៀង ម្នាក់ទៀត អ្នកស្រី ឥន សូត្រ ថ្លែងបញ្ជាក់ថា អ្នកស្រីចូលរួមដាក់ញត្តិឲ្យដោះលែងអ្នកជាប់ពន្ធនាគារនៅគុកត្រពាំងផ្លុងទាំង ២១នាក់ ដោយយល់ឃើញថា អ្នកទាំងនោះពុំមានទោសអ្វីធ្ងន់ធ្ងរឲ្យជាប់ពន្ធនាគារឡើយ៖ «ខ្ញុំមកថ្ងៃហ្នឹងមកដាក់ញត្តិចង់ឲ្យគេដោះលែងកម្មករទាំង ២៣ គេចាប់ហ្នឹង។ ខ្ញុំយល់ថា នៅភ្នំពេញ គេថា នៅភ្នំពេញ មានតែបន្តិចបន្តួច អ៊ីចឹងគេថាតាមខេត្តមិនដែលអើពើ មិនដែលចេះជួយ ថាគេមិនដែលឈឺចាប់ម្ដងតាមខេត្តអ៊ីចឹង ដល់ហើយមានតែពួកខ្ញុំធ្វើនៅហ្នឹងទៀត ទៅដាក់នៅហ្នឹងទៀតទៅ»។
មនុស្សទាំង ២១នាក់ ដែលជាប់ក្នុងពន្ធនាគារត្រពាំងផ្លុង និងមាត់ឃ្មង់ ត្រូវបានកម្លាំងចម្រុះរដ្ឋាភិបាលចាប់ខ្លួននៅក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាទៅលើការប្រមូល ផ្តុំធ្វើបាតុកម្មទាមទារប្រាក់ខែគោល ១៦០ដុល្លារ របស់ក្រុមកម្មករនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ និងទី៣ ខែមករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
