សហព័ន្ធ សហជីព សមាគម និងកម្មករនិយោជិកចម្រុះវិស័យ នាំគ្នាដាក់ញត្តិទៅស្ថាប័នរដ្ឋាភិបាលមួយចំនួន និងគណបក្សជាប់ឆ្នោតទាំងពីរ ឲ្យដោះស្រាយបញ្ហារបស់ពួកគេទាក់ទងទៅនឹងការដំឡើងប្រាក់ឈ្នួលគោលកម្មករ និងការមិនចាត់ការចំពោះករណីបាញ់សម្លាប់កម្មករកាលពីដើមឆ្នាំ២០១៤។ គម្រោងដាក់ញត្តិនេះ គឺពួកគេមើលឃើញថា ដោយសារភាពជាប់គាំងនយោបាយកន្លងមក បញ្ហាទាំងនេះមិនត្រូវបានរដ្ឋាភិបាល លើកយកមកដោះស្រាយនោះ។
សហព័ន្ធ សហជីព សមាគម និងកម្មករនិយោជិកចម្រុះវិស័យ ចំនួន ១៨ស្ថាប័នគ្រោងនឹងដាក់ញត្តិទាមទារនៅថ្ងៃទី១៥ សីហា ដើម្បីស្វែងរកអន្តរាគមន៍លើបញ្ហារបស់កម្មករនិងសហជីពចំនួន ៦ចំណុច ដែលមិនត្រូវបានគេលើកយកមកដោះស្រាយនៅឡើយ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងនៅថ្ងៃទី១៤ សីហា ថា ពួកគាត់កំពុងរៀបចំញត្តិទាមទារដែលនឹងបញ្ជូនទៅកាន់ស្ថាប័នចំនួន៥ នៅថ្ងៃទី១៥ សីហា។ ស្ថាប័នទាំង៥នោះរួមមាន មន្ទីររដ្ឋសភា នាយករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណបក្សទាំងពីរគឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ។
លោក អាត់ ធន់ បញ្ជាក់ថា បញ្ហាទាំង ៦ចំណុចដែលទាមទារនោះ មានជាអាទិ រដ្ឋាភិបាល និងក្រុមហ៊ុន ត្រូវដំឡើងប្រាក់ឈ្នួលគោល ១៧៧ដុល្លារក្នុងមួយខែ។ រដ្ឋាភិបាល ក្រុមហ៊ុន និងតុលាការត្រូវស្វែងរកការចាប់ខ្លួនជនល្មើសបាញ់សម្លាប់និងប្រើអំពើហិង្សាលើកម្មករ កាលពីថ្ងៃទី២ និងទី៣ មករា យកមកផ្ដន្ទាទោស ហើយសងជំងឺចិត្តដល់ពួកគេ និងស្នើឲ្យរដ្ឋាភិបាលធានាថាច្បាប់ស្ដីពីសហជីព ត្រូវតែសមស្របទៅនិងរដ្ឋធម្មនុញ្ញ ច្បាប់ការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ (ILO) ហើយផ្ដល់ពេលវេលាគ្រប់គ្រាន់ដល់សង្គមស៊ីវិលផ្ដល់យោបល់ជាដើម។
លោក អាត់ ធន់៖ «ដោះស្រាយបញ្ហានយោបាយចប់ហើយ យើងចង់ឲ្យដោះស្រាយនូវបញ្ហារបស់កម្មករហ្នឹងដែរ ព្រោះរឿងកម្មករវាជារឿងជាតិជារឿងធំជាងការជាប់គាំងនយោបាយទៀត។ ឥឡូវបានដោះស្រាយចប់តែនយោបាយបញ្ហាទាំងអស់នៅតែជាបញ្ហា»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឆ្លើយតបទៅនឹងបញ្ហាដំឡើងប្រាក់ឈ្នួលរបស់កម្មករថា រដ្ឋាភិបាលបានរៀបចំយន្តការដើម្បីដោះស្រាយជាបន្តបន្ទាប់ ដើម្បីដំឡើងឲ្យកម្មករដល់ពេលណាមួយដែលគេយល់ឃើញថាវាសមស្រប៖ «ដោះស្រាយបញ្ហានយោបាយចប់ហើយ យើងចង់ឲ្យដោះស្រាយនូវបញ្ហារបស់កម្មករហ្នឹងដែរ ព្រោះរឿងកម្មករវាជារឿងជាតិជារឿងធំជាងការជាប់គាំងនយោបាយទៀត។ ឥឡូវបានដោះស្រាយចប់តែនយោបាយបញ្ហាទាំងអស់នៅតែជាបញ្ហា»។
ថ្វីត្បិតតែញត្តិមិនទាន់ដល់ដៃគណបក្សសង្គ្រោះជាតិក្ដី អនុប្រធានគណបក្សនេះ លោក កឹម សុខា គិតថា ស្ថានភាពបច្ចុប្បន្នហាក់ឆាប់ពេកដែលគណបក្សលោកនៅមិនទាន់រឹងដៃរឹងជើង ឬមិនទាន់ទទួលបានគណៈកម្មការជំនាញក្នុងសភានៅឡើយ។
យ៉ាងណាលោកអះអាងថា នៅតែបន្តរកយុត្តិធម៌ជូនពលរដ្ឋ៖ «បើបង្ខំឲ្យរាជរដ្ឋាភិបាលក៏ដូចជាភាគីចូលរួម ទាំងភាគីខាងទិញសំលៀកបំពាក់ជាមួយភាគីដែលជាម្ចាស់រោងចក្រហ្នឹង យើងមិនជឿថា នឹងអាចដោះស្រាយបានទេ ពីព្រោះការចរចាវាឋិតទៅលើការព្រមព្រៀងរួមគ្នាទាំងអស់គ្នាមិនមែនអ្នកណាមួយមានអំណាចជាងនរណាមួយទៅបង្ខិតបង្ខំឲ្យគេធ្វើតាមអ្វីដែលខ្លួនចង់បានទេ»។
កាលពីសប្ដាហ៍មុនសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានព្រមព្រៀងដំឡើងប្រាក់ខែឲ្យកម្មករក្នុងវិស័យកាត់ដេរចំនួន ១៥ដុល្លារបន្ថែមទៀតលើប្រាក់ខែបច្ចុប្បន្នសម្រាប់ឆ្នាំ២០១៥។ ប៉ុន្តែខាងសហជីពបដិសេធនិងទទូចទាមទារ ១៧៧ដុល្លារ។
លទ្ធផលស្រាវជ្រាវរបស់រដ្ឋាភិបាលបានសិក្សាកាលពីចុងឆ្នាំ២០១២ បានរកឃើញថា ប្រាក់ខែគោលរបស់កម្មករអាចនឹងទទួលបានពីចន្លោះ ១៥៧ដុល្លារ ទៅ ១៧៧ដុល្លារ ដើម្បីអាចរស់នៅបានសមរម្យ។ ប៉ុន្តែជាលទ្ធផលក៏សម្រេចដំឡើងឲ្យដល់កម្មករបានត្រឹម១រយដុល្លារតាំងពីខែកុម្ភៈ ឆ្នាំ២០១៤ មក។
ក្រសួងការងារបានកោះហៅសមាជិកក្រុមប្រឹក្សាការងារ នៅថ្ងៃទី២២ ខែសីហា ឲ្យចូលរួមប្រជុំទ្វេភាគីជាមួយភាគីរដ្ឋាភិបាល ដើម្បីពិភាក្សាលើទិន្នន័យមួយចំនួន ដើម្បីយកជាធាតុចូលក្នុងការកំណត់ប្រាក់ឈ្នួអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។