កម្មករ​រោងចក្រ​គ្រោង​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​នៅ​ថ្ងៃ​២៥​ឧសភា

កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ គ្រោង​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​មួយ នៅ​ថ្ងៃ​ទី​២៥ ឧសភា ក្រោម​ពាក្យ​ស្លោក ធាតុ​ពិត​នៃ​សម្លៀកបំពាក់​ដ៏​ស្រស់​ស្អាត ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ជាប់​គាំង​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​ការ​បន្ត​គាប​សង្កត់​របស់​រដ្ឋាភិបាល។

អ្នក​សម្រប​សម្រួល​ស្ដីទី​នៃ​មណ្ឌល​ព័ត៌មាន​កម្មករ កញ្ញា សុខ ថារ៉េត ថ្លែង​ថា កម្មវិធី​នេះ គឺ​ចង់​បង្ហាញ​អំពី​គម្លាត​ប្រាក់​ចំណូល​រវាង​កម្មករ​កាត់​ដេរ និង​ប្រាក់​ចំណូល​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ដែល​ជា​អ្នក​បញ្ជា​ទិញ ដើម្បី​ទាមទារ​ឲ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជាប់​គាំង​នៃ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​របស់​កម្មករ។ កញ្ញា​បន្ត​ថា កម្មវិធី​នេះ​ក៏​នឹង​ទាមទារ​ដល់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​គ្រប់​ទម្រង់ និង​បញ្ឈប់​ការ​ហាម​ប្រាម​នូវ​ការ​ជួប​ជុំ​គ្នា​ជា​សាធារណៈ​ជា​បន្ទាន់។

កញ្ញា សុខ ថារ៉េត៖ «ប្រាក់​ឈ្នួល​កម្មករ​ពេល​ដែល​យើង​ទាមទារ​ទៅ​វា​ច្រើន តែ​អត់​ទទួល​នូវ​អ្វី​ដែល​យើង​ចង់​បាន ១៦០ យើង​បាន​តែ ១០០ ការ​ទាមទារ​ហ្នឹង គឺ​យើង​ប្រឈម​មុខ​ខ្លាំង​មែន​ទែន។ គោល​បំណង​របស់​យើង គឺ​យើង​ធ្វើ​ម៉េច ចង់​បង្ហាញ​ទៅ​ម្ចាស់​ផ្លាក បង្ហាញ​ពី​គម្លាត​នៃ​ប្រាក់​ចំណូល​របស់​កម្មករ​ក្នុង​មួយ​ខែ​ហ្នឹង ដែល​រក​បាន​ត្រឹម​តែ ១០០ ទៅ​នឹង​គម្លាត​របស់​ម្ចាស់​ផ្លាក​មួយ​ចំនួន​ដែល​គាត់​កំពុង​តែ​ផលិត​ឲ្យ ហើយ​នាំ​ទៅ​ក្រៅ​ប្រទេស ហើយ​ល្បីៗ​ស្អាតៗ​ហ្នឹង គាត់​ចំណេញ​វាល់​លាន​ដុល្លារ។ ទាមទារ​ឲ្យ​ម្ចាស់​ផ្លាក​ទាំងអស់​ហ្នឹង ទទួល​ខុស​ត្រូវ​ទៅ​លើ​ស្ថានភាព​របស់​កម្មករ​ហ្នឹង។ ទី​២ ចង់​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​កម្មករ​ដែល​គាត់​ទទួល​រង​នូវ​ការ​បង្ក្រាប​កន្លង​មក មាន​ន័យ​ថា ចាប់​ពី​ថ្ងៃ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​ហ្នឹង​មក គាត់​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ខ្លះ ក៏​គាត់​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ឲ្យ​មាន​យុត្តិធម៌​ដែរ»

កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​នេះ គេ​គ្រោង​ធ្វើ​នៅ​ម៉ោង ៣​រសៀល ដល់​ម៉ោង ៧​យប់ ថ្ងៃ​អាទិត្យ ទី​២៥ ខែ​ឧសភា នៅ​ការិយាល័យ​មណ្ឌល​ព័ត៌មាន​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។