កម្មករកម្មការិនីរោងចក្រផលិតស្មាព្យួរខោអាវ អង្គរ សាញ (Angkor Sign) នៅក្រុងបាវិត ខេត្តស្វាយរៀង ប្រមាណជាង ១០០នាក់ នៅព្រឹកថ្ងៃទី១០ មីនា បានប្រមូលផ្ដុំគ្នានៅខាងមុខផ្លូវចូលរោងចក្រដើម្បីធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយកែលំអលក្ខខណ្ឌការងារមួយចំនួនរបស់កម្មករ។
ក្នុងការទាមទារនោះកម្មករស្នើឲ្យភាគីក្រុមហ៊ុនដោះស្រាយលក្ខខណ្ឌការងារមួយចំនួន មានដូចជា ស្នើឲ្យក្រុមហ៊ុនបើកប្រាក់ខែរបស់កម្មករឲ្យបានទៀងពេលវេលា។ ស្នើឲ្យដំឡើងប្រាក់ខែគោលកម្មករ ១០០ដុល្លារក្នុងមួយខែតាមគោលការកំណត់របស់ក្រសួងការងារ។ ចេញវិក្កយបត្របើកប្រាក់ខែកម្មករឲ្យបានមុនថ្ងៃបើកប្រាក់ខែមួយថ្ងៃ។ ក្រោយពីសាកល្បងការងារត្រូវគិតប្រាក់បំណាច់ឆ្នាំដល់កម្មករ រាល់ការងារបន្ថែមម៉ោងត្រូវជាការស្ម័គ្រចិតរបស់កម្មករ និងស្នើឲ្យក្រុមហ៊ុនគិតគួរប្រាក់អត្ថប្រយោជន៍ដល់កម្មករនៅពេលបញ្ឈប់ពីការងារជាដើម។
តំណាងសម្ព័ន្ធសហជីពចលនាកម្មករ លោក មាស សុណា ថ្លែងបញ្ជាក់នៅថ្ងៃទី១០ មីនា ថា កម្មករធ្វើកូដកម្មដោយសារពួកគេជួបការលំបាកផ្សេងៗក្នុងពេលបំពេញការងាររោងចក្រនាពេលកន្លងមក ព្រោះកន្លងទៅក្រុមហ៊ុនបើកប្រាក់ខែរបស់កម្មករមានការយឺតយ៉ាវ និងមិនទៀតទាត់ពេលវេលា។ជាងនេះទៅទៀតប្រាក់ខែរបស់កម្មករដែលទទួលបានក្នុងមួយខែត្រឹមតែ ៨០ដុល្លារប៉ុណ្ណោះ មិនអាចយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃរបស់កម្មករតាមភាពជាក់ស្ដែងរបស់ទំនិញទីផ្សារដែលឡើងខ្ពស់កប់ពពកបាននោះទេ។
លោក មាស សុណា៖ «បាទ! មានហ្នឹងហើយបានកម្មករគាត់រើបម្រាស់ហើយគាត់កូដកម្មគាត់ពឹងពាក់មកខាងសហជីពសម្ព័ន្ធចលនាកម្មករឲ្យជួយ ខាងក្រុមហ៊ុនអត់គោរពច្បាប់ការងារបង! រឿងប្រាក់ខែ ១០០ដុល្លារគាត់បើកឲ្យតែ ៨០ដុល្លារ អ៊ីចឹងកម្មករម៉េចសុខចិត្ត ហើយជាការថែមម៉ោងស្ម័គ្រចិត្ត ក៏ប៉ុន្តែក្រុមហ៊ុនបង្ខំឲ្យគាត់ថែមម៉ោងរហូតដល់ ១០យប់ បើអ្នកណាមិនបន្ថែមម៉ោង គាត់នឹងបញ្ឈប់ចោល»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ភាគីក្រុមហ៊ុនដើម្បីសុំការពន្យល់ពីបញ្ហានេះបានទេ នៅថ្ងៃទី១០ មីនា។
ប៉ុន្តែអនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុខឿន មានប្រសាសន៍បញ្ជាក់ថា ការធ្វើកូដកម្មរបស់កម្មករផ្ដើមឡើងពីខ្វែងគំនិតគ្នារឿងអត្ថប្រយោជន៍ការងាររវាងកម្មករនិងភាគីរោងចក្រ។
លោក អ៊ូ សុខឿន បញ្ជាក់ថា បញ្ហាប្រាក់ខែគោលរបស់កម្មករដែលក្រុមហ៊ុនផ្ដល់ឲ្យ ៨០ដុល្លារនោះ ដោយសារកន្លងមកក្រុមហ៊ុនមិនបានពិនិត្យមើលឯកសារបញ្ជាក់ពីប្រាក់ខែគោលរបស់កម្មករដែលផ្ដល់ដោយមន្ទីរការងារពីបញ្ហាដំឡើងប្រាក់នេះឲ្យច្បាស់លាស់៖ «ចំណុចហ្នឹងវាមាន ប៉ុន្តែមិនមានន័យថា គាត់កេងចំណេញទេ ដោយសារកន្លងមកគាត់ចេះតែថា គាត់មិនបានទទួលសេចក្ដីណែនាំជាផ្លូវការពីរដ្ឋាភិបាល។ ប៉ុន្តែខាងយើងខ្ញុំគឺថា បានបញ្ជូនសេចក្ដីណែនាំហ្នឹងទៅឲ្យគាត់ហើយ ប៉ុន្តែនាក់ធ្វើរបស់គាត់ហ្នឹងមិនបានចាប់អារម្មណ៍លើហ្នឹងម៉េចមិនដឹង បានគាតមិនដោះស្រាយប្រាក់ហ្នឹងឲ្យទៅតាមកំណត់របស់រដ្ឋាភិបាល ប៉ុន្តែដល់ពេលយើងពន្យល់ប្រាប់គាត់បង្ហាញឯកសារទៅគាត់ ក៏គាត់មិនមានការជំទាស់អីដែរ ដោយសារគាត់នៅក្រៅតំបន់រោងចក្រហ្នឹងមួយ»។
លោក អ៊ូ សុខឿន បញ្ជាក់បន្ថែមថា បន្ទាប់ពីកូដកម្មរបស់កម្មករប្រមាណជិត ២ម៉ោងមកនៅថ្ងៃទី១០ មីនា ចាត់ឲ្យមានកិច្ចប្រជុំសម្របសម្រួលដើម្បីរកដំណោះស្រាយរៀបចំឡើងក្នុងបរិវេណរោងចក្រ ក្នុងនោះមានមន្ត្រីការងារ អាជ្ញាធរមូលដ្ឋាន ភាគីរោងចក្រនិងតំណាងសម្ព័ន្ធសហជីពចលនាកម្មករចូលរួម។ បន្ទាប់ពីការប្រជុំចរចា គ្នារយៈពេលប្រមាណជិត ២ម៉ោង ភាគីទាំងសងខាងបានឯកភាពគ្នាយល់ព្រមតាមលក្ខខណ្ឌនៃការទាមទារចំណុចមួយចំនួនរបស់កម្មករ ដោយភាគីក្រុមហ៊ុនយល់ព្រមដំឡើងប្រាក់ខែគោល ១០០ដុល្លារអាមេរិក ក្នុងមួយខែសម្រាប់កម្មករម្នា និងសន្យាដោះស្រាយបញ្ហាមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
