កម្មករ​រោងចក្រ​ដំឡើង​កង់​នៅ​ក្រុង​បាវិត​បន្ត​ធ្វើ​កូដកម្ម​ទាម​ទារ​លក្ខខណ្ឌ​ការងារ

0:00 / 0:00

កម្មករ​កម្មការិនី​រោងចក្រ​ដំឡើង​កង់​ឈ្មោះ ស្មាត ថេក (Smart tech) ប្រមាណ​ ១​ពាន់​នាក់​​​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ មេសា បាន​ប្រមូល​ផ្ដុំ​គ្នា​បន្ត​ធ្វើ​កូដកម្ម​ជា​ថ្មី​នៅ​ខាង​មុខ​រោងចក្រ នា​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង (Tai Seng) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

ការ​ធ្វើ​កូដកម្ម​នេះ​ ដោយសារ​ថៅកែ​រោងចក្រ​មិន​បាន​ដោះស្រាយ​​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ តាម​ការ​ស្នើសុំ​របស់​កម្មករ។

​​នេះ​ជា​ថ្ងៃ​ទី​២​ហើយ​ដែល​ក្រុម​កម្មករ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ជា​ថ្មី​ ក្រោយ​ពី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រួច។ ក្រុម​កម្មករ​បញ្ជាក់​​ថា​ ការ​ធ្វើ​កូដកម្ម​ជា​ថ្មី​នេះ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ដែល​បាន​ទាមទារ​នា​​ពេល​កន្លង​មក។

តំណាង​កម្មករ​រោងចក្រ​ដំឡើង​កង់​ម្នាក់ លោក សុខ ជា ថ្លែង​នៅ​ថ្ងៃ​ទី​២១​ មេសា ថា លក្ខខណ្ឌ​ការងារ​សំខាន់​ដែល​ក្រុម​កម្មករ​ទាមទារ​នោះ គឺ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​កម្មករ​ដែល​បាន​បញ្ឈប់​ពី​ការងារ​ចំនួន ៤១​នាក់​ ពេល​កន្លង​ទៅ​ឲ្យ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ជា​ធម្មតា។ សុំ​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ឲ្យ​កម្មករ​ម្នាក់ ៥០​ដុល្លារ ដែល​បាន​​សន្យា​​ថា បើ​ក្រុម​​កម្មករ​មិន​ធ្វើ​កូដកម្ម​​កាល​ពី​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ កម្មករ​មិន​បាន​ធ្វើ​កូដកម្ម​ទេ ផ្ទុយ​ទៅ​វិញ​ថៅកែ​មិន​បាន​ប្រគល់​លុយ ៥០​ដុល្លារ​ដល់​កម្មករ​តាម​ការ​សន្យា​ឡើយ។

លោក សុខ ជា ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ហាក់​មាន​ចេតនា​មិន​ព្រម​ដោះស្រាយ​តាម​ការ​ស្នើ​សុំ​របស់​កម្មករ​ទេ៖ «ឲ្យ​លុយ ៥០​ដុល្លារ​ហ្នឹង គេ​ថា​បើ​អត់​​កូដកម្ម​គេ​ឲ្យ ៥០​ដុល្លារ​ បើ​៣​ខែ​អត់​កូដ​ទៀត​គេ​ឡើង​ឲ្យ ២៥​ដុល្លារ​ទៀត ទាំង​អស់ ៧០​ដុល្លារ។ ដល់​ហើយ​រោង​ចក្រ​ខ្ញុំ​នៅ​តំបន់​ហ្នឹង​ដែរ អត់​បាន ពួក​ខ្ញុំ​គ្រាន់តែ​​ថា ថៅកែ​រោងចក្រ​ដូច​គ្នា​គេ​បាន​ខ្ញុំ​អត់​បាន ខ្ញុំ​ធ្វើ​កូដកម្ម​ដែរ។ ឃើញ​តែ​អាជ្ញាធរ​ដែន​ដី​គេ​មក​ឈរ​មើល​ពួក​ខ្ញុំ​ធ្វើ​កូដកម្ម គេ​អត់​មាន​ថា ដោះ​ស្រាយ​អី​ផង ហើយ​ឥឡូវ​កម្មករ​ទាំង​អស់​ហ្នឹង​តាម​រោងចក្រ​គេ​កញ្ជ្រោល​ធ្វើ​កូដកម្ម​ទាំង​អស់​ហ្នឹង»

រីឯ​មន្ត្រី​សម្ពន្ធ​សហជីព​ចលនា​កម្មករ លោក មាស សុខណា គូស​បញ្ជាក់​​ថា​ ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​​​រយៈ​ក្រោយ​នេះ ជួប​ការ​លំបាក​ខ្លាំង។ លោក​បន្ត​ថា មន្ត្រី​សម្ពន្ធ​សហជីព​ក៏​ត្រូវ​ក្រុមហ៊ុន​និង​អាជ្ញាធរ​ រឹត​បន្តឹង​មិន​ឲ្យ​ចូល​រួម​ដោះស្រាយ​បញ្ហា​ជា​មួយ​កម្មករ​នោះ​ទេ​ គឺ​​ឲ្យ​កម្មករ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​ដោយ​ខ្លួន​ឯង។

លោក​ថា ក្រុមហ៊ុន​ធ្វើ​ដូច​នេះ​ដើម្បី​ងាយ​ស្រួល​គាប​សង្កត់​ទៅ​លើ​ក្រុម​កម្មករ​មិន​ឲ្យ​ងើប​​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​នា​ពេល​ខាង​មុខ៖ «គេ​អត់​មាន​ប្រើ​កាយវិការ​ទេ​បង គេ​ប្រើ​ចិត្តសាស្ត្រ គឺ​ថា ក្រុម​ហ៊ុន​សុខ​ចិត្ត​ឲ្យ​កម្មករ​ចរចា ក៏​ប៉ុន្តែ​គេ​មិន​ឲ្យ​សហជីព​ចូល​ចរចា​ទេ។ សមត្ថកិច្ច​ហ្នឹង ក្រុមហ៊ុន​គេ​ថា មាន​សហជីព​ដូច​មាន​ឆ្អឹង​ទទឹង​ក​របស់​ក្រុមហ៊ុន ពី​ព្រោះ​រោងចក្រ​គេ​គិត​ថា អត់​សហជីព​គេ​អាច​ជិះ​ជាន់​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលកម្ម​របស់​កម្មករ​បាន​គ្រប់​ពេល។ កាល​ណា​ដែល​មាន​សហជីព​ដោះស្រាយ​គឺ​វា​មិន​អាច​ធ្វើ​អី​តាម​អំពើ​ចិត្ត​វា​បាន»

ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក អ៊ូ សុខឿន មាន​ប្រសាសន៍​ថា ហេតុ​ដែល​​ក្រុមហ៊ុន​មិន​ឲ្យ​មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​កម្មករ ដោយសារ​ក្រុមហ៊ុន​ខ្លាច​មន្ត្រី​សហជីព​បង្ក​បញ្ហា​ដល់​កម្មករ​ក្នុង​ពេល​រក​ដំណោះ​ស្រាយ។ រី​ឯ​បញ្ហា​ ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ លោក អ៊ូ សុខឿន បញ្ជាក់​ថា ដោយសារ​ការ​ខ្វែង​គំនិត​គ្នា​រឿង​ប្រាក់​លើក​ទឹក​ចិត្ត ៥០​ដុល្លារ ដល់​ក្រុម​កម្មករ​ដែល​មិន​រួម​ធ្វើ​កូដកម្ម​ ហើយ​ក្រុមហ៊ុន​បដិសេធ​ថា មិន​បាន​សន្យា​ផ្ដល់​ប្រាក់ ៥០​ដុល្លារ​នោះ​ឲ្យ​ក្រុម​កម្មករ​ឡើយ។

លោក​ថា បញ្ហា​នេះ​នឹង​ដោះស្រាយ​បញ្ចប់​ដែល​អាច​ទទួល​យក​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៖ «អ៊ីចឹង​សំណូមពរ​ហ្នឹង​គាត់​មិន​អាច​ដោះស្រាយ​ជូន​បាន​ទេ។ ប៉ុន្តែ​គាត់​ហ្នឹង​មាន​គោលនយោបាយ​ថ្មី របស់​គាត់​សម្រាប់​ការ​លើក​ទឹក​ចិត្ត​ទៅ​ដល់​កម្មករ​ទៅ​ថ្ងៃ​ខាង​មុខ។ ឧទាហរណ៍​ថា ចាប់​ពី​ខែ​ប្រាំ​ទៅ​ខ្សែ​ផលិតកម្ម​ណា​ខិត​ខំ​ធ្វើការ​ទទួល​បាន​លទ្ធផល​ល្អ​មិន​មាន​កម្មករ​ឈប់​ច្រើន មិន​មាន​កូដកម្ម ផលិត​បាន​តាម​សេចក្ដី​ត្រូវ​ការ​របស់​ក្រុមហ៊ុន អ៊ីចឹង​ក្នុង​៣​ខែ​គេ​លើក​ទឹក​ចិត្ត​​ម្នាក់ ២៥​​ដុល្លារ។ ប៉ុន្តែ​ដោយ​ឡែក​លុយ​ដែល​បង​ប្អូន​ធ្វើ​កូដកម្ម​ទាម​ទារ​សុំ​ថ្ងៃ​មិន​ធ្វើ​កូដកម្ម ៥០​នោះ គាត់​មិន​ឲ្យ​បាន​ទេ ព្រោះ​គាត់​និយាយ​ថា​បងប្អូន​កំពុង​ធ្វើ​កូដកម្ម»

តែ​យ៉ាង​ណា​ក្រុម​កម្មករ​បញ្ជាក់​ថា​ ការ​សន្យា​​របស់​ក្រុម​ហ៊ុន​​កន្លង​មក​ភាគ​ច្រើន​ជា​ការ​សន្យា​ខ្យល់ គឺ​តែងតែ​បោក​ប្រាស់​មក​លើ​កម្មករ​ជា​និច្ច។ ក្រុម​កម្មករ​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​ថៅកែ​រោងចក្រ​នៅ​តែ​រឹង​រុះ​មិន​ដោះស្រាយ​តាម​ការ​ស្នើ​សុំ​របស់​កម្មករ​ទេ​ នោះ​ពួកគេ​នឹង​មិន​បោះ​បង់​ការ​ទាមទារ​របស់​ខ្លួន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។