កម្មករ​រោងចក្រ​ជិត​១​ពាន់​នាក់​នៅ​បាវិត​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ការងារ

កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​ ជីងខូ (Gingko Cambodia Co., LTD) ប្រមាណ​ជិត ១​ពាន់​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ​បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ នា​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ ក្រុម​កម្មករ​តវ៉ា​ទាមទារ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​​ដោះស្រាយ​កែលំអ​អត្ថប្រយោជន៍​ការងារ​មួយ​ចំនួន។

0:00 / 0:00

ក្រុម​កម្មករ​ប្រដាប់​ដោយ​គ្រឿង​បំពង​សំឡេង​ផង​នោះ ពួកគេ​​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​ការងារ បន្ទាប់​ពី​ស្នើ​សុំ​ក្រុមហ៊ុន​កន្លង​មក តែ​គ្មាន​ដំណោះ​ស្រាយ។ អត្ថប្រយោជន៍​ការងារ​ដែល​ក្រុម​កម្មករ​ទាមទារ​នោះ​រួម​មាន ស្នើ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ប្រាក់​ឈ្នួល​​សម្រាប់​កម្មករ​ធ្វើ​ការងារ​ថ្ងៃ​ឈប់​សម្រាក​​ពី​ជាង ៣​ដុល្លារ ទៅ​ជាង ៦​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដោយ​មិន​រាប់​បញ្ចូល​ប្រាក់​ខែ​គោល ៨១​ដុល្លារ​នោះ​ទេ។ ក្រៅ​ពី​នេះ​ទៀត ទាមទារ​ប្រាក់​ថ្លៃ​បាយ ១៣​ដុល្លារ ប្រាក់​ថ្លៃ​ឡាន​ធ្វើ​ដំណើរ ១៣​ដុល្លារ និង​ប្រាក់​រង្វាន់​ការងារ​ល្អ ១០​ដុល្លារ​ក្នុង​មួយ​ខែ និង​មិន​ឲ្យ​ក្រុមហ៊ុន​កាត់​ប្រាក់​ឈ្នួល​អំឡុង​ពេល​កម្មករ​ធ្វើ​កូដកម្ម​ជាដើម។

តំណាង​កម្មករ​រោងចក្រ​កាត់​ដេរ​ម្នាក់​ឈ្មោះ​លោក ពេញ ដា ថ្លែង​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​​ដោយសារ​ក្រុមហ៊ុន​និយាយ​បាតដៃ​ខ្នងដៃ ដោយ​ពុំ​បាន​គោរព​តាម​កិច្ចសន្យា​ដែល​បាន​យល់​ព្រម​គ្នា​ជាមួយ​កម្មករ​នៅ​ពេល​កន្លង​មក៖ «គាត់​វាយ​ត្រា​សន្យា​ជាមួយ​កម្មករ​ថា បើ​ធ្វើ​កូដកម្ម​ទៀត ឲ្យ​ដាច់​លុយ គេ​ក៏​យល់​ព្រម​ចេញ​លុយ។ គេ​ថា​បើ​សិន​រោងចក្រ​ក្រោយ​ទៀត​មាន​ការ​បើក​លុយ​មិន​ទាន់​ឲ្យ គេ​មាន​ដាក់​កង្ហារ​ដាក់​អី ធ្វើ​អ្វី​មួយ​ដែល​ក្រុមហ៊ុន​ធ្វើ​វា​មិន​បាន​គ្រប់​យ៉ាង​ឲ្យ​គេ គេ​នឹង​កូដកម្ម​ទៀត គាត់​ក៏​យល់​ព្រម​វ៉ៃ​ត្រា​ដែរ»

​កម្មការិនី​ម្នាក់​ទៀត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ និយាយ​ថា ដើម​ឡើយ​ក្រុមហ៊ុន​ធ្លាប់​បាន​​សន្យា​យល់​ព្រម​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ការងារ​សម្រាប់​កម្មករ​ធ្វើ​ការ​ថ្ងៃ​ឈប់​សម្រាក​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យ​ទាន ៦​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង ក្រុមហ៊ុន​បែរ​ជា​កេង​ចំណេញ​ពុំ​បាន​បើក​ឲ្យ​កម្មករ ៦​ដុល្លារ​ ដូច​ការ​សន្យា​ឡើយ៖ «គិត​ទៅ​បើ​ខ្ញុំ​មក​ធ្វើ​ការ​ថ្ងៃ​អាទិត្យ វា​ខាត​លុយ ហើយ​ប្រាក់​ខែ​គោល​រោងចក្រ​គេ​ផ្សេងៗ​វា​ដដែល។ ដល់​ពេល​រោងចក្រ​ហ្នឹង​គេ​មិន​អ៊ីចឹង​ណា គេ​ដក​ពី​ប្រាក់​ហ្នឹង​មក​បូក​ជាមួយ​ថ្ងៃ​អាទិត្យ ថ្ងៃ​បុណ្យ គេ​ដក​មក​គិត​ឲ្យ​យើង​អ៊ីចឹង​អត់​ត្រូវ»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​​ទាក់​ទង​ភាគី​រោងចក្រ​ដើម្បី​សុំ​ការ​បក​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា។ ប៉ុន្តែ​អនុ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង​ លោក អ៊ូ សុខឿន មាន​ប្រសាសន៍​ថា ភាគី​ទាំង​២ មាន​ការ​ខ្វែង​គំនិត​​គ្នា​រឿង​ប្រាក់​អត្ថប្រយោជន៍​ការងារ ហើយ​​ខាង​កម្មករ​ចង់​ឲ្យ​ភាគី​ក្រុមហ៊ុន​ដោះស្រាយ​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ការងារ​កម្មករ​ឲ្យ​បាន​ឆាប់។ ចំណែក​ឯ​ភាគី​ក្រុមហ៊ុន​កំពុង​នាំ​​យក​បញ្ហា​​របស់​កម្មករ​​ទៅ​ពិចារណា​ដោះ​ស្រាយ​នៅ​ឡើយ។

លោក អ៊ូ សុខឿន៖ «ប៉ុន្តែ​រឿង​ទាំង​នោះ​យើង​បាន​ដោះ​ស្រាយ​ត្រូវរ៉ូវ​គ្នា​អស់​ហើយ។ ប៉ុន្តែ​នៅ​ខុស​គ្នា​ពាក់ព័ន្ធ​រឿង​ថ្ងៃ​ធ្វើ​កូដកម្ម​ប៉ុន្មាន​ថ្ងៃ​ហ្នឹង។ បាទ! ជំហរ​កម្មករ​សុំ​ឲ្យ​កាត់​តែ ៥០​ភាគរយ​ ហើយ​ភាគី​រោងចក្រ​ហ្នឹង​គាត់​សុំ​អនុវត្ត​ច្បាប់​កាត់​ទាំង​អស់ អា​ហ្នឹង​នៅ​ខុស​គ្នា​តែ​ប៉ុណ្ណឹង​ទេ»

លោក សុ ខឿន បញ្ជាក់​បន្ថែម​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា នឹង​មាន​រៀបចំ​កិច្ច​ប្រជុំ​រក​ដំណោះ​ស្រាយ​នៅ​ខាង​ក្នុង​រោងចក្រ។ ក្នុង​ពិធី​រក​ដំណោះ​ស្រាយ​នោះ​​រួម​មាន​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង ភាគី​ក្រុមហ៊ុន និង​មន្ត្រី​សហជីព​តំណាង​កម្មករ​ចូល​រួម។

យ៉ាង​ណា​ក៏ដោយ​ កិច្ច​ប្រជុំ​ដែល​រៀប​ចំ​ឡើង​នៅ​ខាង​រោងចក្រ​នោះ​ ពុំ​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​ឡើយ។ ក្រុម​កម្មករ​អះអាង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ស្អែក​ទៀត ប្រសិន​បើ​ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​រឹង​រុះ​ដោយ​ពុំ​ព្រម​ដោះស្រាយ​ឲ្យ​បាន​សមស្រប​តាម​សំណើ​របស់​កម្មករ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។