សហជីព​​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​ចោទ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​បារាំង​បាន​រំលោភ​លើ​អនុសញ្ញា​ការងារ

0:00 / 0:00

ក្រុម​បុគ្គលិក និង​កម្មករ​នៃ​ព្រលាន​យន្តហោះ អន្តរជាតិ​ខេត្ត​សៀមរាប ជាង​១០០​នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ជា​ថ្មី​ទៀត ប្រឆាំង​និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អេស ស៊ី អេ ខេមស៍ (SCA/CAMS) កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៤ ខែ​វិច្ឆិកា។

ក្រុម​កម្មករ​ចោទ​អ្នកគ្រប់គ្រង​ជនជាតិ​បារាំង​ថា បាន​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​កម្មករ​ខ្មែរ ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​រួម​ជាច្រើន​ចំណុច។

សហជីព​កម្មករ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ព្រមាន​ថា គេ​នឹង​ដឹកនាំ​បុគ្គលិក​កម្មករ ធ្វើ​កូដកម្ម ចាប់​ពី​ពេល​នេះ​តទៅ​ដោយ​មិន កំណត់​ថ្ងៃ​បញ្ឈប់​ទេ ប្រសិនបើ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ អេស ស៊ី អេ ខេមស៍ (SCA/CAMS) នៅតែ​ប្រកាន់​ឥរិយាបថ​រឹងត្អឹង មិន​ចេញ​មក​ចរចា​រក​ដំណោះស្រាយ។

តាំងតែ​ពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ច័ន្ទ សហជីព បាន​ដឹកនាំ​បុគ្គលិក​កម្មករ​ប្រមាណ​ជាង​១០០​នាក់ ធ្វើ​កូដកម្ម នៅមុខ​ច្រក​ទ្វារ​ចូល​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប។

ប្រធាន​សហជីព​កម្មករ ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​នៃ​ព្រលាន​យន្តហោះ​សៀមរាប គឺ លោក រ៉ន រ៉ាវ៉ាន់ មាន​ប្រសាសន៍​ថា សហជីព​កម្មករ​ទាម​ទារ​ឱ្យ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ ដែល​ជា​ជនជាតិ​បារាំង គោរព​តាម​លក្ខខណ្ឌ​៧​ចំណុច ដូចជា​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការជួល​បុគ្គលិក​ពី​ខាងក្រៅ មក​ធ្វើការ ឱ្យ​ក្រុមហ៊ុន​ពិនិត្យមើល​ឡើងវិញ​លើ ប្រាក់​បៀរវត្ស របស់​បុគ្គលិក​ផ្នែក​បើកបរ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​បើក​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​អាហារ​ផ្សេង ពី​ប្រាក់ខែ ជៀសវាង​រដ្ឋ​កាត់​យក​ពន្ធ និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ម្នាក់​ឈ្មោះ និន កុសល មក​ត្រឡប់​ចូល​ធ្វើការ​វិញ​ជាដើម។

លោក រ៉ន រ៉ាវ៉ាន់ បញ្ជាក់ថា បញ្ហា​ទាំងនេះ​បាន​កើតមាន​តាំងតែ​ពី​អំឡុង​ឆ្នាំ​២០១៣​មក​ម្ល៉េះ។ កាលណោះ​កម្មករ​ធ្លាប់​ធ្វើ​កូដកម្ម​ម្ដង​មក​ហើយ។ នៅ​ពេល​កម្មករ​តវ៉ា អាជ្ញាធរ​ខេត្ត​សៀមរាប ធ្លាប់​ចេញមុខ​ជួយ​សម្របសម្រួល ឱ្យ​ដាក់បញ្ចូល​បញ្ហា​ទាំងអស់​ទៅ​ក្នុង​អនុសញ្ញា​រួម​ថ្មី រវាង​ក្រុមហ៊ុន​និង​កម្មករ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​សហជីព​យក​បញ្ហា​ទាំងអស់ ដាក់បញ្ចូល​ទៅ​ក្នុង​អនុសញ្ញា​រួម​ថ្មី​បែរជា​ក្រុមហ៊ុន មិន​គោរព​តាម​ដដែល។ លោក រ៉ន រ៉ាវ៉ាន បញ្ជាក់​ថា​ការ​ធ្វើ​កូដកម្ម​ពេលនេះ គឺជា​ការ​ដាក់​សម្ពាធ​ឱ្យ​តំណាង​ក្រុមហ៊ុន​ត្រូវតែ​ចេញមុខ​មក​ចរចា៖ «បើ​សិន​ណា​ខាង​ភាគី​ក្រុមហ៊ុន​មិន​មាន​ចេតនា​ដោះស្រាយ គឺ​យើង​នឹង​បន្ត​ធ្វើ​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ ពីព្រោះ​លើក​នេះ​មិន​អាច​ផ្អាក​នៅ​កណ្ដាល​ទី​បានទេ»។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ការចោទប្រកាន់​នេះ បាន​ថា​យ៉ាងណា​នៅឡើយ។

បន្ទាប់ពី​កូដកម្ម​ចាប់ផ្ដើម នៅមុខ​ព្រលាន​យន្តហោះ ក្រុមហ៊ុន និង​អាជ្ញាធរ​បាន​រាយ​បណ្ដាក់​កម្លាំង​សន្តិសុខ​ឯកជន កង​ទាហាន និង​ប៉ូលិស​ប្រដាប់​ដោយ​ខែល​និង​ដំបង​ជាច្រើន ដើម្បី​ចាំ​រារាំង​នៅ​ច្រក​ខ្លោងទ្វារ​ចូល។

ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​សៀមរាប លោក ច័ន្ទ សុខុមចិត្តា មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០១៣ ទំនាស់​រវាង​កម្មករ និង​អ្នកគ្រប់គ្រង​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ត្រូវ​បាន​អាជ្ញាធរ​ប្រឹងប្រែង​ដោះស្រាយ ឱ្យ​សុខ​និង​គ្នា​ម្ដង​មក​ហើយ តាមរយៈ​ឱ្យ​ដាក់​បញ្ចូល​បញ្ហា​ទាំងឡាយ​ទៅ​ក្នុង​អនុសញ្ញា​រួម។ ក៏​ប៉ុន្តែ​ថ្មីៗ​នេះ​លោក ទទួល​បាន​លិខិត​ជូនដំណឹង​ពី​សហជីព​ធ្វើ​កូដកម្ម ដោយ​ថា ក្រុមហ៊ុន​មិនបាន​គោរព​តាម​អនុសញ្ញា​រួម។ លោក ច័ន្ទ សុខុមចិត្តា បញ្ជាក់​ថា មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អាជ្ញាធរ​ខេត្ត​សៀមរាប ក៏​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ ដោយ​មិន​ចង់​ឱ្យ​ធ្វើ​កូដកម្ម​ទេ៖ «គាត់​បាន​ស្នើ​ឱ្យ​ដក​លោក ភួង សុជាតិ និង​លោក សា រ៉ុម ចេញពី​អ្នកគ្រប់គ្រង​អាហ្នឹង ជា​ចំណុច​ថ្មី។ បើ​និយាយ​ទៅ​គាត់​សុំ​ធ្វើ​កូដកម្ម​នេះ​មាន​៧​ចំណុច ប៉ុន្តែ​៥​ចំណុច​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​កាត់​ហើយ គាត់​ធ្វើ​កូដកម្ម។ ២​ចំណុច​ទៀត​ថ្មី​អត់​អាច​ធ្វើ​កូដកម្ម ទាមទារ​២​ចំណុច​ហ្នឹង​ទេ។ គឺ​ពហុ​ជំនាញ​នេះ​មួយ​ដែរ​ត្រូវតែ​បញ្ជូន​ទៅទៀត ខ្ញុំ​អត់​ដោះស្រាយ​កើត​ទេ»។

កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ច័ន្ទ ក្រុម​កម្មករ​បាន​បញ្ជូន​តំណាង​របស់​គេ​៥​នាក់ ឱ្យ​ចូល​ទៅ​ក្នុង​ព្រលាន​យន្តហោះ ដើម្បី​ជួប​ចរចា​ជាមួយ​ប្រធាន​អាកាសចរណ៍​ស៊ីវិល ក៏ប៉ុន្តែ​ការ​ជួប​ជជែក​ជាង​២​ម៉ោង​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។

អ្នកស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​សៀមរាប ដែល​តាម​ឃ្លាំ​មើល​កូដកម្ម​នោះ លោក សួស ណារិន សំដែង​ការ​ព្រួយបារម្ភ ខ្លាច​ក្រែង​មានការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ​ដែល​ធ្វើ​កូដកម្ម ជាមួយ​និង​កម្លាំង​ប៉ូលិស ទាហាន និង​សន្តិសុខ​ឯកជន​ជាច្រើន​នាក់ ដែល​រាយ​បណ្ដាក់​នៅ​ខាង​មុខ​នោះ។ លោក សួស ណារិន ផ្ដល់​អនុសាសន៍​ថា ខេត្ត​សៀមរាប គឺជា​តំបន់​ទេសចរណ៍ មិន​អាច​ឱ្យ​សមត្ថកិច្ច​ប្រើ​ហិង្សា បង្ក្រាប​ទៅលើ​អ្នក​តវ៉ា ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​បានទេ យក​ល្អ​គឺ​អាជ្ញាធរ​ត្រូវតែ​ប្រញាប់​ចេញមុខ​ដោះស្រាយ ដើម្បី​បញ្ចប់​បញ្ហា​ទាំងឡាយ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។