មន្ត្រីទទួលបន្ទុកដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញារបស់ក្រសួងការងារ សន្យាថា នឹងយកសំណើរបស់ក្រុមកម្មករទៅដោះស្រាយ បន្ទាប់ពីពិនិត្យសំណុំរឿងទាំងនេះរួច។
នៅព្រឹកថ្ងៃទី២៧ ខែមករា កម្មករមកពីរោងចក្រ ២ផ្សេងគ្នា បានប្រមូលផ្ដុំនៅមុខក្រសួងការងារ ក្នុងពេលតែមួយជាមួយគ្នា។ បាតុកម្មដែលមានទិសដៅប្រហាក់ប្រហែលគ្នានេះ គឺក្រុមកម្មករទាមទារឲ្យក្រសួងការងារ ធ្វើអន្តរាគមន៍ទៅភាគីរោងចក្រ ឲ្យព្រមទទួលយកសំណើរបស់កម្មករ ហើយទទួលយកតំណាងរបស់ពួកគេចូលធ្វើវិញ។
ការប្រើពេលស្ទើរពេញមួយព្រឹក នៅនាទីចុងក្រោយ មន្ត្រីទទួលបន្ទុកដោះស្រាយរាល់បាតុកម្ម និងកូដកម្ម ដែលជាសេនាធិការរបស់ក្រសួងការងារ យល់ព្រមទទួលដោះស្រាយទៅតាមសំណើរបស់ក្រុមកម្មករ ដូចការទាមទាររបស់ពួកគេ។
ថ្លែងក្រោយកិច្ចប្រជុំត្រីភាគីកាលពីព្រឹកថ្ងៃទី២៧ ខែមករា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ត្រីសហជីពសេរីកម្មករ អ្នកស្រី យ៉ុង លាភ ឲ្យដឹងថា អ្វីដែលក្រុមកម្មកររបស់រោងចក្រសេរី ទាមទារគឺស្នើសុំឲ្យក្រុមហ៊ុន ព្រមទទួលយកមេដឹកនាំសហជីពមូលដ្ឋាន ចូលធ្វើការវិញ ព្រមទាំងផ្ដល់លុយចាប់ពីថ្ងៃបញ្ឈប់រហូតថ្ងៃចូលធ្វើការវិញ និងសំណើចុងក្រោយគឺ រក្សាលុយក្នុងអំឡុងពេលកម្មករតវ៉ា។ អ្នកស្រី យ៉ុង លាភ ថ្លែងថា ការយល់ព្រមដោះស្រាយបញ្ហានេះ គឺភាគីខាងក្រសួងមិនទាន់បានកំណត់ពេលពេលវេលាជាក់លាក់នៅឡើយទេ។ លើសពីនេះទៀត អ្នកស្រីក៏ព្រមានតវ៉ាទៅរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធផ្សេងដែរ ប្រឆាំងការមិនចាត់វិធានការទៅតាមសំណើរបស់ក្រុមកម្មករនេះ៖ «ការដែលគាត់និយាយ គាត់អត់និយាយថា ប៉ុន្មានថ្ងៃទេ ព្រោះថា យើងជំរុញធ្វើម៉េចឲ្យលឿន។ ការកូដកម្មរបស់កម្មករមកដល់ពេលនេះមានរយៈពេលជិត១ខែហើយ។ ថ្ងៃនេះទី២៧ ហើយនៅសល់តែប៉ុន្មានថ្ងៃទៀត ដាច់ខែហើយ»។
រោងចក្រសេរី (CERIE) ដែលមានទីតាំងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គឺកម្មករធ្វើបាតុកម្មចាប់តាំងពីថ្ងៃទី៤ មករា មកម្ល៉េះ។ បាតុកម្មដែលផ្ទុះអស់ពេល ២៤ថ្ងៃមកហើយនេះ ក្រោយរោងចក្រផលិតសំលៀកបំពាក់បានបញ្ឈប់តំណាងកម្មករ ដោយពុំមានមូលហេតុ។ យ៉ាងណាក្រុមកម្មករបានស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ ជាច្រើនដងរួចមកហើយ ប៉ុន្តែនៅតែពុំទាន់មានដំណោះស្រាយ។ ការប្រមូលជាថ្មីទៀតនៅពេលនេះ គឺជាការជំរុញឡើងឲ្យក្រសួងការងារ ពិនិត្យទៅតាមសំណើរបស់ពួកគេ។
តំណាងកម្មកររបស់រោងចក្រសេរី ដែលត្រូវបានរោងចក្របញ្ឈប់ គឺលោកស្រី ជួប សុខលាភ ថ្លែងថា មូលហេតុដែលភាគីរោងចក្រសម្រេចបញ្ឈប់លោកស្រីពីការងារនេះ ដោយចោទប្រកាន់ថា ប៉ុនប៉ងបង្កើតសហជីពនៅក្នុងរោងចក្រ ពុំមានច្បាប់អនុញ្ញាត។ ជាងនេះទៀត ភាគីរោងចក្រ មិនត្រឹមតែមិនអនុញ្ញាតឲ្យលោកស្រីចូលធ្វើឡើងវិញទេ ថែមទាំងប្ដឹងលោកស្រីទៅតុលាការទៀតផង៖ «ពួកខ្ញុំបង្កើតសហជីពត្រូវរោងចក្របញ្ឈប់ចោល ហើយឥឡូវមិនត្រូវបញ្ឈប់ចោលទេ ត្រូវរោងចក្រប្ដឹងខ្ញុំទៀត។ ប្ដឹងពួកខ្ញុំថា បង្កើតសហជីពខុសច្បាប់»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការបំភ្លឺពីបញ្ហានេះ ពីភាគីរោងចក្រសេរី បាននៅឡើយទេ នៅថ្ងៃទី២៧ ខែមករា។
ស្របពេលកម្មកររោងចក្រសេរី ប្រមាណ ២០នាក់ ធ្វើបាតុកម្មនៅមុខក្រសួងការងារ ក្នុងពេលជាមួយគ្នានោះ កម្មកររោងចក្រមួយផ្សេងទៀត គឺរោងចក្រ ហេង លី វិញ ក៏បានប្រមូលផ្ដុំគ្នាក្នុងពេលតែមួយដែរ។
តំណាងកម្មករដែលត្រូវបានភាគីរោងចក្របញ្ឈប់ពីការងារចាប់តាំងថ្ងៃទី១ មករា មកគឺលោក ឈុន ភាព និយាយថា លោករកពីមូលហេតុមិនឃើញថា តើភាគីរោងចក្របញ្ឈប់លោកពីការងារដោយផ្អែកលើភស្តុតាងណាមួយឡើយរហូតមកដល់ពេលនេះ។ ម្យ៉ាងវិញទៀត ការតវ៉ារបស់ក្រុមកម្មករ គឺស្នើសុំឲ្យក្រសួងការងារជួយអន្តរាគមន៍ទៅភាគីរោងចក្រដើម្បីផ្ដល់លទ្ធភាពឲ្យលោកបានចូលធ្វើការឡើងវិញ៖ «ពួកខ្ញុំមិនទាមទារ ពួកខ្ញុំមិនចង់បានប្រាក់ខែទេ។ ពួកខ្ញុំចង់ទាមទារធ្វើការវិញ ប៉ុន្តែខាងក្រុមហ៊ុនមកបញ្ឈប់ពួកខ្ញុំ អត់ដឹងពីមូលហេតុ»។
រោងចក្រ ហេង លី ដែលមានទីតាំងនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវរងការចោទប្រកាន់ពីក្រុមកម្មករថា បានបញ្ឈប់តំណាងរបស់ពួកគេដោយខុសច្បាប់ និងពុំមានហេតុផលសមរម្យ។ ចំណែកតំណាងរោងចក្រ ហេង លី វិញ បដិសេធក្នុងការអត្ថាធិប្បាយជុំវិញការតវ៉ារបស់ក្រុមកម្មករនៅពេលនេះ។
អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានដោះស្រាយបាតុកម្ម និងកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក ហែម ហឿន បញ្ជាក់យ៉ាងខ្លីថា ស្ថាប័នជំនាញនឹងដោះស្រាយបញ្ហានេះ ទៅតាមសំណើ ក្រោយពីពិនិត្យសំណុំរឿងរួច៖ «ហ្នឹងហើយខ្ញុំនឹងសិក្សាមើល ហើយនិងពន្លឿនការដោះស្រាយ មានអីលើសពីហ្នឹងទេ?»។
ពាក់ព័ន្ធរឿងនេះ ប្រធានសហព័ន្ធសហជីពស្មារតីកម្មករឯករាជ្យ លោក អ៊ុន ដារ៉ា អះអាងថា ការប្រមូលផ្ដុំនៅពេលនេះរបស់ក្រុមកម្មករពុំមានអ្វីក្រៅពីទទូចឲ្យក្រសួងការងារ កោះហៅភាគីក្រុមហ៊ុនមកឆ្លើយបំភ្លឺពីច្បាប់ ដែលសំអាងថា កម្មករមានកំហុស។ ម្យ៉ាងវិញទៀត ការចោទប្រកាន់របស់រោងចក្រប្រឆាំងកម្មករនេះ គឺផ្ទុយពីច្បាប់ថែមទៀងផង៖ «គាត់ ត្រូវតែនាំមកមុខក្រសួងការងារ ដើម្បីឲ្យក្រសួងការងារ ហៅនាយកក្រុមហ៊ុនមកសួរឲ្យបានច្បាស់ថា តើច្បាប់ហ្នឹងមានមែនអត់? ហើយការចេញនឹងចេញរបៀបម៉េច?»។
ក្រុមសហជីពព្រមានថា បើភាពយឺតយ៉ាវនេះ នៅតែពុំអាចដោះស្រាយ និងបន្តអូសបន្លាយទៀត ពួកគេនឹងដឹកនាំក្រុមកម្មករតវ៉ានៅមុខរដ្ឋសភាវិញម្ដង និងដាក់ពាក្យបណ្ដឹងទៅតុលាការថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។