កម្មករកម្មការិនីប្រមាណជា ២ពាន់នាក់ នៅខេត្តកំពង់ឆ្នាំង សម្រេចបើកកំណាត់ផ្លូវជាតិលេខ៥ ឲ្យរថយន្តក្រុង និងឡានដឹកទំនិញធំៗ បានធ្វើចរាចរឡើងវិញនៅម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែសីហា បន្ទាប់ពីនាំគ្នាបិទផ្លូវអស់ជាច្រើនម៉ោង ដើម្បីទាមទារឲ្យដកប្រធានរដ្ឋបាលរោងចក្រ និងទាមទារអត្ថប្រយោជន៍ការងារមួយចំនួនទៀត។
ការសម្រេចបើកផ្លូវនេះ គឺដោយមានការសម្របសម្រួល និងសន្យាលើកយកបញ្ហាទៅជជែកដោះស្រាយនៅលើតុ រវាងតំណាងកម្មករ និងភាគីក្រុមហ៊ុន នៅព្រឹកថ្ងៃទី២០ ខែសីហា ដោយមន្ត្រីក្រសួងការងារ។
ក្រុមកម្មករសម្រេចបើកផ្លូវជាតិលេខ៥ ឲ្យរថយន្តធ្វើចរាចរឡើងវិញ ប៉ុន្តែមិនព្រមចូលធ្វើការតាមការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលតម្រូវឲ្យកម្មករផ្អាកជាបន្ទាន់ នូវការធ្វើកូដកម្ម ហើយនាំគ្នាចូលធ្វើការវិញនៅរសៀលថ្ងៃទី១៩ ខែសីហា ទេ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល សុំកម្មករឲ្យចូលធ្វើការវិញ រង់ចាំរហូតដល់នីតិវិធីនៃអាជ្ញាកណ្ដាលត្រូវបានបញ្ចប់សព្វគ្រប់តាមនីតិវិធីច្បាប់ ប៉ុន្តែខាងកម្មករទាមទារឲ្យមានការដោះស្រាយបញ្ហាជាមុន ទើបពួកគាត់ព្រមចូលធ្វើការវិញ។
អគ្គលេខាធិការរងនៃសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ លោក សួស សុខា មានប្រសាសន៍ថា ចំពោះគោលជំហររបស់កម្មករ កុំថាឡើយការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ទោះចេញដោយតុលាការ ក៏កម្មករមិនព្រមចូលធ្វើការវិញដែរ ប្រសិនបើគ្មានដំណោះស្រាយជាមុន។ លោកបន្តថា នៅថ្ងៃទី២០ សីហា តំណាងកម្មករ និងសហជីពជាង ២០នាក់ នឹងចូលរួមប្រជុំដោះស្រាយបញ្ហាជាមួយភាគីក្រុមហ៊ុន និងមន្ត្រីថ្នាក់ក្រសួង នៅមន្ទីរការងារខេត្តកំពង់ឆ្នាំង។ ចំណែកក្រុមកម្មករ នឹងប្រមូលផ្ដុំគ្នានៅខាងមុខរោងចក្រ ដើម្បីរង់ចាំស្ដាប់លទ្ធផលចរចា ប៉ុន្តែគ្មានគម្រោងបិទផ្លូវនោះទេ។
លោក សួស សុខា៖ «នៅថ្ងៃទី១៤ ហ្នឹង គាត់បានហៅខាងពួកខ្ញុំដែលជាតំណាងឲ្យទៅដោះស្រាយនៅមន្ទីរការងារមែន ប៉ុន្តែវាអត់ជោគជ័យត្រង់ថា មួយសុំស្នើសុំអី ហើយបែរជាមិនត្រូវគេអង្គុយចាំសរសេររបាយការណ៍ ដើម្បីធ្វើរឿងហ្នឹងផុតពីដៃខាងមន្ទីរការងារនោះណា។ បងប្អូនគាត់បានធ្វើការសម្រេចចិត្ដច្បាស់ហើយ បើសិនជាមិនមានដំណោះស្រាយណាមួយទេ គាត់នៅតែបន្តធ្វើ កុំថាឡើយការបង្គាប់បញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ទោះតុលាការចេញមក ឧទាហរណ៍យកសិទ្ធិបិទរោងចក្រ ក៏គាត់អត់ខ្លាចដែរមែនអ៊ីចឹងបងប្អូន»។
ប្រធានរដ្ឋបាលរោងចក្រ ជីន យី ហ្គាមេន (Cin Yi Garment) លោក ង៉ែត រស្មី ថ្លែងបញ្ជាក់ថា ភាគីក្រុមហ៊ុនមានគោលជំហរចង់ដោះស្រាយបញ្ចប់បញ្ហាឲ្យស្របទៅតាមនីតិវិធីច្បាប់ ប៉ុន្តែការទាមទាររបស់កម្មករទាំង ១៧ចំណុច មានចំណុចមួយចំនួន ខាងក្រុមហ៊ុនបានអនុវត្តរួចហើយ។ លោកបន្តថា ខាងរោងចក្របានអានសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងកំណត់ហេតុប្រជុំបកស្រាយលើការទាមទាររបស់កម្មករ ប៉ុន្តែកម្មករនៅតែបន្តការតវ៉ា ដោយមានការដឹកនាំពីសហព័ន្ធសហជីពស្មារតីកម្មករខ្មែរ ដែលលោកអះអាងថា មិនទាន់ចុះបញ្ជីការក្នុងរោងចក្ររបស់លោកនៅឡើយនោះ។
លោក ង៉ែត រស្មី៖ «អង្គការសង្គមស៊ីវិល ហើយនិងរដ្ឋាភិបាល សុំឲ្យជួយមើលនូវទង្វើរបស់សហជីពដែលគាត់ធ្វើបែបនេះ ព្រោះអ្នកវិនិយោគគាត់ចូលមកវិនិយោគនៅស្រុកខ្មែរ ជាធម្មតានរណាក៏ចង់ចំណេញដែរ ហើយគាត់ចូលមក គឺឆន្ទៈចង់ឲ្យកម្មករស្រុកខ្មែររស់នៅបានស្រួល ប៉ុន្តែបើសិនជាគាត់ខ្លួនឯងមិនទាន់រកប្រាក់ចំណូលបានផង ដល់ពេលកម្មករចេះតែទាមទារដោយគ្មានហេតុផល ហើយមិនស្របតាមនីតិវិធីបែបនេះ ជាបញ្ហាធំមួយសម្រាប់សង្គមជាតិយើង»។
លោកបន្ថែមទៀតថា នៅអំឡុងពេលនៃការធ្វើកូដកម្មជាង១សប្ដាហ៍នេះ ខាងក្រុមហ៊ុនបានខាតបង់គិតជាទឹកប្រាក់ចន្លោះពី ៣០ ទៅ ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទង លោក សោម និស្ស័យ ដែលជាតំណាងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមលើបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៩ សីហា។
ឯកសារកំណត់ហេតុដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី១៩ ខែសីហា បង្ហាញថា ភាគីក្រុមហ៊ុនបានបកស្រាយ និងឯកភាពលើចំណុចទាមទាររបស់កម្មករភាគច្រើន ដោយចំណុចខ្លះ គឺជាគម្រោង និងជាចំណុចទាមទារដែលក្រុមហ៊ុនបានអនុវត្តរួចហើយ។ ការគូសបញ្ជាក់នេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ដោយមានភាគីក្រុមហ៊ុន តំណាងអាជ្ញាធរ និងតំណាងក្រសួងការងារ កាលពីរសៀលថ្ងៃទី១៨ ខែសីហា។ ការទាមទារដែលក្រុមហ៊ុនបដិសេធនោះ គឺមានដូចជា ការទាមទារផ្ដល់ប្រាក់ព្រីមចំនួន ៥ដុល្លារបន្ថែមទៀតដល់កម្មករ និងការទាមទារផ្ដល់អាវការងារបន្ថែម ដែលក្រុមហ៊ុនបានផ្ដល់អាវចំនួន៣ក្នុងម្នាក់រួចហើយ ជាដើម។
កម្មករកម្មការិនីរោងចក្រ ជីន យី ហ្គាមេន (Cin Yi Garment) ប្រមាណជា ២ពាន់នាក់ បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំនួនពីរថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែសីហា ត្រង់ចំណុចភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីធ្វើកូដកម្មនៅមុខរោងចក្ររយៈពេលមួយសប្ដាហ៍គ្មានលទ្ធផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
