សហជីព​អង់គ្លេស​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ការ​គោរព​សិទ្ធិ​កម្មករ​កម្ពុជា

0:00 / 0:00

សហជីព​សភា​ពាណិជ្ជកម្ម​អង់គ្លេស សុំ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​សំលៀកបំពាក់​អង់គ្លេស ធ្វើ​ការ​ស៊ើប​អង្កេត​រោងចក្រ​កាត់ដេរ​​នៅ​កម្ពុជា មួយ​ចំនួន ថា​តើ ​ថៅកែ​រោង​ចក្រ​ទាំង​នោះ​បាន​គោរព​សិទ្ធិ​កម្មករ និង​លក្ខខណ្ឌ​ការងារ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​ហើយ​ឬ​នៅ?

សារព័ត៌មាន​អង់គ្លេស​ឈ្មោះ ឌឹ អ៊ិនដែភិនឌិន (The Independent) ផ្សាយ​នៅ​ថ្ងៃ​ទី​៣ សីហា​ ថា អគ្គលេខាធិការ​សហ​ជីព​សភា​ពាណិជ្ជកម្ម​អង់គ្លេស អ្នកស្រី ហ្វ្រាណ្សិស អូហ្គ្រេឌី (Frances O'Grady) បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋ​លេខាធិការ​ពាណិជ្ជកម្ម​អង់គ្លេស គឺ​លោក វិន ឃេបល (Vince Cable) ថា «ការ​បង្ក្រាប​លើ​កម្មករ​ដែល​ធ្វើ​សកម្មភាព​បាតុកម្ម» កំពុង​តែ​កើន​ឡើង​នៅ​តាម​រោង​ចក្រ​នានា​នៅ​កម្ពុជា ខណៈ​ដែល​ការ​ផ្គត់ផ្គង់​ទំនិញ​ទៅ​អង់គ្លេស និង​សហគមន៍​អឺរុប​កំពុង​កើន​ឡើង​ខ្លាំង។

លិខិត​អ្នកស្រី ហ្វ្រាណ្សិស អូហ្គ្រេឌី បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​និង​សហគមន៍​អឺរ៉ុប លើក​ឡើង​អំពី​បញ្ហា​លក្ខខណ្ឌ​ការងារ ការ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ ជា​មួយ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បាន​ច្បាស់លាស់ ដោយ​អ្នកស្រី​បញ្ជាក់​ថា សហគមន៍​អឺរ៉ុប​គឺ​ជា​អ្នក​ធានា​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​កម្មករ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​បាន​នៅ​ថ្ងៃ​ទី​៣ សីហា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​នេះ។

ក៏​ប៉ុន្តែ​ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក ជួន មុំថុល ដែល​អះអាង​ថា ​ជាទូទៅ​ស្ថានភាព​រោងចក្រ​កាត់ដេរ​បាន​ប្រសើរ​ជាង​មុន​នោះ​ បាន​ឆ្លើយ​បក​វិញ​ថា ក្រុម​ហ៊ុន​បញ្ជាទិញ​របស់​អង់គ្លេស​ទាំង​អស់​នោះ ក៏​មាន​កំហុស​ធ្វើ​ឲ្យ​កម្មករ​ខ្មែរ​មិន​អាច​ឡើង​ប្រាក់​ខែ​បាន​ដែរ ព្រោះ​ក្រុមហ៊ុន​បញ្ជា​ទិញ​របស់​អង់គ្លេស​ទាំង​នោះ ឲ្យ​តម្លៃ​ទំនិញ​កាត់ដេរ​ថោក​ពេក ដែល​ធ្វើ​ឲ្យ​ថៅកែ​រោងចក្រ​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​អាច​ដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ​បាន៖ «សំឡេង»។

ទាក់ទង​ការ​ទាមទារ​ប្រាក់ខែ​គោល​កម្មករ​វិញ លោក​សន្យា​ថា នឹង​ធ្វើការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ឲ្យ​កម្មករ​ឲ្យ​បាន​ជាង ១៧០​ដុល្លារ នៅ​ចុង​សប្ដាហ៍​នេះ នៅ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា៖ «សំឡេង»។
ក៏ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក ជាតិ ខេមរា បញ្ជាក់​ថា លោក​មិនទាន់​ដឹង​អំពី​គម្រោងការ​តវ៉ា​របស់​សហជីព​លោក ជួន ម៉ុំថុល នៅ​ឡើយ​ទេ។

កម្ពុជា​បាន​នាំ​ចេញ​សំលៀក​បំពាក់​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ចំនួន ១,១ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល ១១​ខែ​ដើម​ឆ្នាំ​២០១៣ គឺ​កើន​ឡើង ៣១​ភាគរយ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១២។

ទោះ​យ៉ាង​ណា បញ្ហា​លក្ខខណ្ឌ​ការងារ ប្រព័ន្ធ​សុវត្ថិភាព និង​បរិស្ថាន​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ។ ជា​រឿយៗ កម្មករ​តែង​តែ​ដួល​​សន្លប់​ពេល​បំពេញការងារ​ព្រោះ​មិន​មាន​បំពាក់​ប្រព័ន្ធ​ខ្យល់​និង​បរិស្ថាន​នៅ​ក្នុង​រោង​ចក្រ​ត្រឹមត្រូវ ជួល​កាល​មាន​ភ្លើង​ឆេះ​រោងចក្រ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ទៀត​ផង ដែល​ការ​ធ្វេសប្រហែស​នេះ ធ្វើ​ឲ្យ​សហជីព​កម្មករ​នានា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការធានា​សុវត្ថិភាព​កម្មករ​រាប់​សែន​នាក់​ដែល​បំពេញ​ការងារ​ប្រចាំថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។