សហព័ន្ធសហជីពវិស័យវាយនភណ្ឌចំនួន២ ក្នុងចំណោម៨ បានសម្រេចយកថ្ងៃទី១២ មីនា ដើម្បីធ្វើកូដកម្មដាក់គំនាបទៅរដ្ឋាភិបាល និងថៅកែរោងចក្រ ឲ្យដោះលែងមនុស្ស ២១នាក់ និងទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារក្នុងមួយខែ។
កម្មកររោងចក្រមួយចំនួន ស្ម័គ្រចិត្តធ្វើកូដកម្មមិនធ្វើការរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ មីនា នេះតទៅ តាមការស្នើសុំរបស់សហព័ន្ធសហជីពចំនួន២ ដែលនៅប្រកាន់ជំហរធ្វើកូដកម្មតាមផែនការដែលបានគ្រោងទុក។
កម្មការិនីម្នាក់ កញ្ញា ឈាង ធីតា ធ្វើការនៅរោងចក្រគីនតាយ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានឲ្យដឹងថា កម្មករផ្នែកដេរជិត ១ពាន់នាក់ នៅរោងចក្រគីនតាយ បានឈប់សម្រាកនៅផ្ទះ ដើម្បីជាការចូលរួមធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ និងទាមទារដោះលែងមនុស្ស ២១នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
កម្មការិនីរូបនេះបន្តថា តាមគម្រោងកូដកម្មអត់ធ្វើការនោះ មានរយៈពេល ៣ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែកម្មករនៅរោងចក្រគីនតាយ បានមូលមតិគ្នា និងសម្រេចឈប់ធ្វើការបណ្ដោះអាសន្នរហូតទៅដល់ ៥ថ្ងៃ ដោយមិនខ្វល់ពីការបាត់បង់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ការធ្វើដូច្នេះ ដើម្បីបង្ហាញ និងផ្តល់សារទៅកម្មករឯទៀត កុំគិតពីការខាតបង់បន្តិចបន្តួច ហើយមិនហ៊ានធ្វើកូដកម្ម៖ «២ ឬ ៣ថ្ងៃ ខាតយ៉ាងខ្លាំងអស់ជាង ១០ដុល្លារទេ ហើយបើខ្ញុំធ្វើបានជោគជ័យ បានរហូត ១៦០ដុល្លារ សួរថាមួយណាចំណេញជាង? ខ្ញុំគិតថា មិនខាតទេ គឺចំណេញទៅថ្ងៃមុខ ហើយដូចជាអ្នកឃុំខ្លួន ២១នាក់ បើគាត់រួចមក ខ្ញុំពិតជាសប្បាយចិត្តណាស់»។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលប្រកាន់ជំហរធ្វើកូដកម្មនៅថ្ងៃទី១២ មីនា ព្យាយាមចុះទៅដល់រោងចក្រមួយចំនួន ដើម្បីអំពាវនាវឲ្យកម្មករចូលរួមធ្វើកូដកម្ម។ លោកបន្តថា តាមព័ត៌មានដែលលោកទទួលបានពីក្រុមការងារ មានរោងចក្រចំនួន២០ នៅភ្នំពេញ នៅខេត្តកណ្តាល កំពង់ស្ពឺ ព្រៃវែង និងខេត្តកំពង់ចាម ចាប់ផ្ដើមធ្វើកូដកម្ម ដោយកម្មករភាគច្រើនបានឈប់សម្រាកនៅផ្ទះ ហើយខ្លះមកកន្លែងធ្វើការដែរ តែមិនបំពេញការងារ។ លោកបន្តថា កូដកម្មនេះជាការធ្វើសាកល្បង ដើម្បីរារាំងសង្វាក់ផលិតកម្មរោងចក្រ។
ប្រធានសមាគមកាត់ដេរកម្ពុជា លោក វ៉ាន់ ស៊ូអៀង ប្រាប់ថា មានកម្មករតិចតួចដែលអវត្តមាននៅកន្លែងធ្វើការ ហើយវាមិនធ្វើឲ្យគាំងសង្វាក់ផលិតកម្មរោងចក្រទេ។ លោកបញ្ជាក់ថា ពួកគេទាំងនោះមានសិទ្ធិចូលរួមធ្វើកូដកម្មនៅផ្ទះ តាមការអំពាវនាវរបស់សហព័ន្ធសហជីព ហើយថៅកែរោងចក្រនឹងមិនបើកប្រាក់ថ្ងៃដែលពួកគេឈប់សម្រាកឡើយ៖ «គេមានសិទ្ធិធ្វើការ ហើយអត់ធ្វើការ បើអត់ធ្វើការ នៅផ្ទះ ទៅមាននរណាបង្ខំ។ ប៉ុន្តែកុំមកទារប្រាក់ខែ ព្រោះអត់មកធ្វើការ គឺអត់ប្រាក់ខែ»។
ក្រុមសហជីពមួយចំនួនបានបដិសេធមិនធ្វើកូដកម្មនៅថ្ងៃទី១២ មីនា និងបានលើកពេលធ្វើកូដកម្មមិនចូលធ្វើការរហូតដល់ពិធីបុណ្យចូលឆ្នាំខ្មែររួច។ ក្រុមសហជីពទាំង៦ ក្នុងចំណោមសហព័ន្ធសហជីព៨ បានជ្រើសយកថ្ងៃទី១៧ មេសា ជាថ្ងៃចាប់ផ្ដើមធ្វើកូដកម្មនេះ ដើម្បីដាក់សម្ពាធឲ្យដោះលែងមនុស្ស ២១នាក់ និងទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារក្នុងមួយខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។