កម្មករនៅរោងចក្រកាត់ដេរឈ្មោះ អូសេអង់ (Ocean Garment Co. Ltd) ជាង ១ពាន់នាក់ នាំគ្នាធ្វើកូដកម្មទាមទារប្រាក់ខែក្នុងអំឡុងពេលរោងចក្រផ្អាកការងារបណ្ដោះអាសន្ន។ រោងចក្រនេះស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្មករចំនួនជាង ១.៥០០នាក់នៃរោងចក្រកាត់ដេរ អូសេអង់ (Ocean Garment Co. Ltd) នាំគ្នាបន្តធ្វើកូដកម្ម ចាប់តាំងពីថ្ងៃសៅរ៍ ២៤ ឧសភា មក។ ភាគីកម្មករឱ្យដឹងថា ការធ្វើកូដកម្មរបស់ពួកគាត់ គឺព្រោះតែខាងរោងចក្រអស់ការងារធ្វើ ហើយមិនអាចបើកប្រាក់ខែពាក់កណ្ដាល តាមការទាមទាររបស់កម្មករ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បញ្ជាក់ថា មូលហេតុនៃការធ្វើកូដកម្មរបស់កម្មករ-កម្មការិនី គឺបន្ទាប់ពីការចរចាគ្នាមួយកាលពីថ្ងៃសុក្រ ទី២៣ ឧសភា មិនត្រូវគ្នា នៅពេលដែលភាគីរោងចក្រសម្រេចផ្ដល់ឱ្យលុយថ្លៃជួលផ្ទះ ៧ដុល្លារក្នុងមួយខែ។
លោកថា នៅថ្ងៃទី២៦ ឧសភា ខាងរោងចក្រសម្រេចដំឡើងបាន ១៥ដុល្លារ ប៉ុន្តែកម្មករមិនព្រម៖ «ដោយសារតែអ្វីដែលក្រុមហ៊ុនព្យួរហ្នឹង អត់មានការជជែកគ្នាឱ្យបានស៊ីជម្រៅនៅកម្រិតមូលដ្ឋាន។ មានន័យថា គាត់ដាក់ព្យួរទៅក្រសួង ហើយបានមកជជែកគ្នាក្រោយ។ អ៊ីចឹងយើងត្រូវជជែកគ្នាមុនអំពីលទ្ធភាព ដែលត្រូវផ្ដល់គ្នាទៅវិញទៅមក។ អ៊ីចឹងគាត់ដាក់ព្យួរទៅហើយបានមកជជែកពីផលប្រយោជន៍ ស្របពេលដែលកម្មករគាត់អត់បានត្រៀម ព្រោះអីកាលណាអស់ឥវ៉ាន់ គាត់តែជូនដំណឹងអំពីការព្យួរហ្នឹងមកដល់កម្មករនិយោជិក ក៏ដូចជាពិភាក្សាជាមួយតំណាងសហជីព។ ក៏ប៉ុន្តែគាត់អត់ធ្វើអីទាំងអស់។ អ៊ីចឹងពួកគាត់អត់ព្រមទេ ណាមួយ ៧ដុល្លារក៏ដោយ ១០ ជាងក៏ដោយ វាមានតាំងពី ១០ឆ្នាំមុនម្ល៉េះ ហើយមកស្ថានភាពនេះឱ្យគ្នាប៉ុណ្ណឹងវាពិបាកបត់បែន ព្រោះថាខែហ្នឹងគ្នាមិនមកឯណា គាត់ត្រូវមកបង្ហាញខ្លួនដែរ។ អ៊ីចឹងគាត់មកតែពីរបីដង គាត់អស់សោហ៊ុយធ្វើដំណើរហ្នឹងអស់បាត់ទៅហើយ»។
កម្មករផ្នែកជាងម៉ាស៊ីនមួយរូប គឺលោក ហួត វណ្ណា ថ្លែងថា មូលហេតុដែលពួកលោកមិនយល់ព្រមនឹងទឹកប្រាក់ចំនួន ១៥ ដុល្លារ ព្រោះតែទំនិញ ថ្លៃឈ្នួលផ្ទះបច្ចុប្បន្នឡើងថ្លៃ ដែលមិនអាចទ្រទ្រង់ជីវភាពក្នុងពេលព្យួរការងារនេះបាន៖ «១៥ដុល្លារ តែកម្មករអត់ព្រមទទួលយកទេ។ អត់សមស្រប ព្រោះតម្លៃផ្ទះជួលមួយៗ សុទ្ធតែ ៣០ជាង ហើយនៅការហូបចុក? អ៊ីចឹងវាអត់គ្រប់គ្រាន់។ អ៊ីចឹងបើបាន ៥០% ទៅ វាអាចទប់ទល់បានថ្លៃផ្ទះជួល។ រោងចក្រព្យួរការងារមួយខែ អ៊ីចឹងបារម្ភខ្លាចតែមួយខែហ្នឹង ចូលមកវិញអត់មានការងារទៀត រោងចក្រហ្នឹងខ្លាចបិទទ្វារ។ ឥឡូវមានខាងកម្មករហ្នឹងមួយចំនួន ដាក់វេនគ្នាដេកចាំ ខ្លាចវាចេញម៉ាស៊ីន»។
លោក ហួត វណ្ណា បន្តថា ក្រុមកម្មករកំពុងព្រួយបារម្ភថា ការព្យួរការងាររោងចក្រនេះ អាចបន្លាយពេលយូរ ហើយកម្មករអាចបាត់បង់អតីតភាពការងារដែលពួកគាត់ធ្វើបានពី ៧ ទៅជាង ១០ឆ្នាំមកហើយ។
តំណាងរោងចក្រ អូសេអង់ មួយរូបបញ្ជាក់ថា ខាងរោងចក្រអាចនឹងព្យួរការងាររហូតដល់ពីរខែ ហើយការដែលកម្មករទាមទារប្រាក់ខែ ៥០% នោះ ខាងរោងចក្រមិនមានលុយទេ៖ «ចង់បិទក្រុមហ៊ុន អត់មានលុយ។ អត់មានការងារធ្វើ។ ពីរខែទៀតការងារមកមានធ្វើ»។
លោក ប៉ាវ ស៊ីណា ឱ្យដឹងថា រោងចក្រ អូសេអង់ គឺជារោងចក្រចាក់អាវ និងដេរខោអាវឱ្យក្រុមហ៊ុនអ្នកបញ្ជាទិញម៉ាក ហ្គែប (GAP) ដែលធ្លាប់ចេញទំនិញច្រើន។ ប៉ុន្តែការបញ្ជាទិញថយចុះរហូតឱ្យរោងចក្រព្យួរការងារ។ លោក ហួត វណ្ណា ថ្លែងថា រោងចក្រ អូសេអង់ ធ្លាប់មានកម្មករជាង ៣ពាន់នាក់ ប៉ុន្តែឥឡូវនេះ ចំនួនកម្មករបានថយចុះពាក់កណ្ដាល ដោយសារតែការបញ្ជាទិញថយចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
