គណៈកម្មការ​នៃ​រដ្ឋសភា​សន្យា​លើក​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​ទៅ​ពិភាក្សា​ជា​មួយ​ក្រសួង​ការងារ

0:00 / 0:00

មន្ត្រី​សហជីព​ឲ្យ​ដឹង​ថា គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ដែល​ទទួល​បន្ទុក​ពាក្យ​បណ្ដឹង​សន្យា​ថា​នឹង​លើក​បញ្ហា​ប្រាក់​ឈ្នួល តាម​ការ​ទាមទារ របស់​កម្មករ ទៅ​ពិភាក្សា​លម្អិត​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ពេល​ជួប​គ្នា​នៅ​វិមាន​រដ្ឋសភា។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ អះអាង​ថា​ការ​ចរចា​រឿង​ប្រាក់​ខែ​គោល​សមរម្យ ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ទាំង​ពីរ​គណបក្ស​នយោបាយ មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​នៅ​ឡើយ​ទេ ក្រៅ​ពី​ការសន្យា​ថា​នឹង​យក​ការ​សន្ទនា​ទ្វេ​ភាគី​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៣ តុលា ទៅ​ជជីក​ដេញដោល​ជា​មួយ​ស្ថាប័ន​ជំនាញ​នៃ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី ១៤ តុលា បន្ត​ទៀត។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ឲ្យ​ដឹង​ក្រោយ​ជួប​ជាមួយ សមាជិក​សភា ថា​ការ​ចរចា​រឿង​ប្រាក់​ខែ​គោល​ដូច​ការ​ទាមទារ​របស់​កម្មករ​នោះ នូវ​មិន​ទាន់​បាន​សម្រេច​អ្វី​ទាំង​អស់​នៅ​ឡើយ​ទេ។ លោក​ថ្លែង​បន្ត​ថា គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ទាំង​ពីរ​គណបក្ស​នយោបាយ បាន​អះអាង​ថា​ការ​ដំឡើង​បាន ឬ​ថា​មិន​បាន​យ៉ាង​ណា​នោះ នឹង​ត្រូវ​លើក​ឡើង​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ក្នុង​ការ​ជជែក​ដេញដោល​នៅ​វិមាន​រដ្ឋសភា។ លោក​បន្ត​ថា៖ «ទាក់ទង​ទៅ​នឹង​កិច្ច​ប្រជុំ​នៅ​ការិយាល័យ​ទី​មួយ​នៃ​រដ្ឋសភា​មិញ គឺ​យើង​បាន​ពិភាក្សា​ទៅ​លើ​សំណើ​របស់​សហព័ន្ធសហជីព ដែល​បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី​ម្សិល​មិញ។ ទី​មួយ​គណៈកម្មការ​រដ្ឋសភា​គាត់​នឹង​ធ្វើ​ការ​កោះហៅ ឯកឧត្ដម​រដ្ឋមន្ត្រី ដើម្បី​មក​ធ្វើ​ការ​ពិភាក្សា​ជុំវិញ​សំណើ​របស់​សហជីព។ ក្នុង​នោះ​គាត់​ក៏​បាន​ត្រៀម​អញ្ជើញ​ខាង​ភាគី​និយោជិក​ឲ្យ​ចូលរួម​ក្នុង​ការ​ពិភាក្សា​នេះ​ដែរ»។

យ៉ាង​ណា​ក៏​ដោយ​ក្រុម​មេដឹកនាំ​សហជីព​ព្រមាន​ថា បើ​រដ្ឋាភិបាល​នៅ​មិន​អាច​ដំឡើង​ប្រាក់​ខែ​បាន​ដូច​ការ​ចង់​បាន​របស់​កម្មករ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី ១៤ តុលា កម្មករ​នឹង​បន្ត​តវ៉ា​ឡើង​វិញ​ហើយ​ក្នុង​ទ្រង់ទ្រាយ​ធំ​ថែម​ទៀត​ផង។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី១៤ តុលា បើ​តាម​គម្រោង​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ចូល​ទៅ​រដ្ឋសភា ដើម្បី​ឆ្លើយ​សំណួរ​ពី​លទ្ធភាព​នៃ​ការ​ដំឡើង​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ។ ការ​ចូល​ទៅ​ឆ្លើយ​របស់ លោក​រដ្ឋមន្ត្រី​នេះ ជា​ភាព​កម្រ​មួយ ក្នុង​ពេល​៤អាណត្តិ​កន្លង​ទៅ គឺ​ជា​ការ​ឆ្លើយ​តប​តាម​ការ​កោះ​អញ្ជើញ​ពី​គណៈកម្មការ​ទី​ប្រាំ​បី​នៃ​រដ្ឋសភា។

ដោយ​ឡែក​អនុប្រធាន​គណៈកម្មការ​ទី១០ និង ជា​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក សិទ្ធ ប៊ុនហុក ថ្លែង​នៅ​ចំពោះ​មុខ​មេដឹកនាំ​សហជីព​ទាំង​៦ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៣ តុលា ថា ទុក្ខ​របស់​ប្រជាពលរដ្ឋ​គឺ​ជា​ទុក្ខ​របស់​អ្នក​តំណាងរាស្ត្រ​ដែរ។ លោក​អះអាង​ថា ហេតុ​នេះ​ចាំបាច់​ណាស់ ត្រូវ​រួម​គ្នា​​ដោះស្រាយ​ក្នុង​រឿង​នេះ។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ទាក់ទង​លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ទេ​ដោយ​ទូរស័ព្ទ មិន​អាច​ហៅ​ចូល​បាន​នៅ​ថ្ងៃ​ទី ១៣ តុលា។

បើ​ទោះ​ជា​បែប​ណា​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង​អង្កេត និង ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា អះអាង​ដោយ​មុតមាំ​ថា​ក្នុង​នាម​ជា​សមាជិក​សភា​នឹង​ចាត់វិធានការ​ក្នុង​រឿង​នេះ តាម​មធ្យោបាយ​នានា ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នេះ។ លោក​បន្ត​ថា «យើង​នឹង​យក​កម្មករ​ដែល​គាត់​លើក​ឡើង​នេះ ទៅ​ជជែក​ពិភាក្សា​ជាមួយ​ពួក​គាត់​បាទ ហើយ​នៅ​ការងារ​មួយ​ចំនួន​ទៀត។ យើង​នឹង​ធ្វើ​អន្តរាគមន៍ តាម​សមត្ថកិច្ច​របស់​រដ្ឋសភា ដូច​ជា​យើង​អាច​ធ្វើ​សំណើ​ទៅ​នាយករដ្ឋមន្ត្រី ឬ​ទៅ​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ»។

លោក ប៉ាវ ស៊ីណា និយាយ​ថា​សំណូមពរ​របស់​សហជីព គ្មាន​អ្វី​ក្រៅ​ពី​ស្នើ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​ប្រាក់​ខែ​គោល​ដល់​កម្មករ​ឲ្យ​បាន​សមរម្យ និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​សហជីព។ លើស​ពី​នេះ​ទៀត លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​លើសលប់ ជាពិសេស​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស។ ក្នុង​ន័យ​នេះ​លោក​ចាត់​ទុក​ថា ជា​កម្លាំង​ដែល​ទុក​បម្រើ​ឲ្យ​ឈ្មួញ​ហើយ​ប្រឆាំង​កម្មករ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។