កម្មកររោងចក្រហុងកុង (Hong Kong) ប្រមាណ ៤០០នាក់ មានទីតាំងនៅសួនកាណាឌីយ៉ា ម្ដុំផ្លូវវ៉េង ស្រេង បានជួបជុំគ្នាតវ៉ាទាមទារសំណង ហើយមានគម្រោងបន្តធ្វើបាតុកម្មនៅព្រឹកថ្ងៃទី៣០ មិថុនា។ ការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនេះ គឺដើម្បីជំរុញឲ្យម្ចាស់សួនកាណាឌីយ៉ា ដែលធានាចេញមុខដោះស្រាយជំនួសរោងចក្រហុងកុង ដូចការសន្យាក្នុងពេលថ្មីៗកន្លងទៅនេះ។ ចំណែកភាគីខាងសួនកាណាឌីយ៉ា វិញ បដិសេធមិនឆ្លើយបំភ្លឺជុំវិញបញ្ហានេះទេ។
កម្មករផ្នែកសំលៀកបំពាក់ប្រចាំរោងចក្រហុងកុង នៅក្នុងសួនកាណាឌីយ៉ា ក្បែរផ្លូវវ៉េង ស្រេង ព្រមានធ្វើបាតុកម្មនៅក្នុងសួនកាណាឌីយ៉ា នៅបំណាច់ខែមិថុនា នេះ ប្រឆាំងការពន្យារពេលមិនដោះស្រាយប្រាក់ខែគោល និងប្រាក់អត្ថប្រយោជន៍មួយចំនួនទៀត។
មូលហេតុដែលនាំឲ្យភាគីរោងចក្រសួនកាណាឌីយ៉ា ជាប់ពាក់ព័ន្ធជាមួយរោងចក្រហុងកុង នេះ ដោយហេតុថា ក្រោយពីម្ចាស់រោងចក្រដែលជាជនជាតិជប៉ុន វិនិយោគផ្នែកសំលៀកបំពាក់ក្ស័យធន ហើយរត់ចោលរោងចក្រ ក្រោយមកភាគីសួនកាណាឌីយ៉ា ចូលទៅវាយតម្លៃរបស់របរ និងសម្ភារៈដែលនៅមាននៅក្នុងរោងចក្រ រួចសន្យាជាមួយកម្មករថា នឹងធានាសងជំនួសភាគីរោងចក្រវិញ។ ហេតុនេះហើយ ទើបកម្មករងាកមកទាមទារសំណងពីម្ចាស់សួនកាណាឌីយ៉ា វិញម្ដង។
ប្រធានផ្នែកជាងម៉ាស៊ីនដេរប្រចាំរោងចក្រហុងកុង លោក ប៊ុត កុសល ឲ្យដឹងថា ក្រុមកម្មករនឹងប្រមូលម្ដុំគ្នាជាថ្មីម្ដងទៀតចាប់ពីព្រឹកថ្ងៃទី៣០ មិថុនា នៅខាងមុខរោងចក្រផ្នែកខាងក្នុងសួនកាណាឌីយ៉ា។ លោកបន្តថា មូលហេតុដែលកម្មករជួបជុំគ្នាជាថ្មីទៀតនៅពេលនេះ ដោយសារតែភាគីសួនកាណាឌីយ៉ា បដិសេធការទាមទាររបស់ក្រុមកម្មករក្រោយពីកិច្ចប្រជុំកាលពីថ្ងៃទី២៨ មិថុនា៖ «ស្អែកនឹងខ្ញុំមានវិធានការ ព្រោះអីខ្ញុំនៅក្នុងហ្នឹង ខ្ញុំជាផ្នែកមេនៅក្នុងហ្នឹងមួយដែរ។ ខ្ញុំមេមេកានិចនៅក្នុងហ្នឹង។ ខ្ញុំប្រមូលប្រធានៗមកដើម្បីរកដំណោះស្រាយ បើពួកខាងសួនមិនមានដំណោះស្រាយឲ្យពួកខ្ញុំ ពួកខ្ញុំនឹងធ្វើមួយ មិនមែនធ្វើអំពើហិង្សាទេ។ ធ្វើអហិង្សានៅច្រកចូលខាងក្នុងសួនកាណាឌីយ៉ា ដូចថ្ងៃមុនទៀត»។
នៅមុនបើកប្រាក់ខែមួយថ្ងៃកាលពីថ្ងៃទី៩ មិថុនា ថៅកែរោងចក្រជនជាតិជប៉ុន បានរត់ចោលរោងចក្រ។ ភ្លាមៗក្រោយពីរោងចក្រមិនដំណើរការ ចំណែកភាគីសួនកាណាឌីយ៉ា បានធានាចេញមុខសងគ្រប់យ៉ាងដល់កម្មករ បូករួមទាំងប្រាក់ខែគោល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតផង។ ប៉ុន្តែក្រោយពីកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយដែលមានតំណាងសួនកាណាឌីយ៉ា តំណាងកម្មករ និងសហជីព កាលពីថ្ងៃទី២៨ មិថុនា បានបិទបញ្ចប់ និងដោយពិនិត្យឃើញថា ការទាមទាររបស់កម្មករមានចំនួនច្រើនលើសលប់ និងមិនអាចចំណេញណាមួយនោះ ភាគីសួនកាណាឌីយ៉ា បានច្រាលវិញភ្លាមៗដែរ។
តំណាងសួនកាណាឌីយ៉ា និងជាអ្នកទទួលបន្ទុកដោះស្រាយលើវិវាទនេះ លោក ប៊ុន ឃីម បដិសេធមិនបកស្រាយឡើយ ដោយលោកឲ្យសួរអ្នកផ្សេងវិញមុននឹងដាក់ទូរស័ព្ទចុះ៖ «អូ! អាហ្នឹងទាល់តែទាក់ទងទៅបង កុសល។ ទាក់ទងទៅជាមួយបង កុសល ណោះទៅ។គាត់ឥតនៅទេ ចាំបងឯងទាក់ទងគាត់ហ្មងទៅ»។
អគ្គនាយករងរោងចក្រហុងកុង លោក អ៊ឹង ដារ៉ា អះអាងថា មូលហេតុដែលរោងចក្រសម្រេចបិទទ្វារនេះ ដោយសាររោងចក្រក្ស័យធន៖ «បាទ! មូលហេតុចម្បងហ្នឹងគឺដោយសារថៅកែហ្នឹង គាត់ខ្វះទុន។ ដល់អ៊ីចឹងទៅគាត់ដល់ថ្ងៃទី១០ បើកប្រាក់ខែគឺគាត់គ្មានលទ្ធភាពបើក គាត់ក៏រត់ចោលតែម្ដងទៅ»។
ចំណែកអនុប្រធានរដ្ឋបាលនៃរោងចក្រហុងកុង លោក គឹម ស៊ីល និយាយថា ហេតុផលដែលភាគីទាំងពីរនៅបន្តខ្វែងគំនិតគ្នានេះ គឺភាគីសួនកាណាឌីយ៉ា ព្រមផ្ដល់ជូនកម្មករលើគោលការណ៍ពីរចំណុច គឺប្រាក់ខែបំណាច់ឆ្នាំ និងប្រាក់ ៥ភាគរយ។ ចំណែកចំណុចដែលមិនចុះសម្រុងគ្នានេះគឺលើប្រាក់អត្ថប្រយោជន៍កុងត្រារយៈពេលខ្លី៖ «កម្មករយើងទាមទារបីចំណុច គឺប្រាក់អត្ថប្រយោជន៍ កុងត្រា ២ខែ ហើយនិងប្រាក់បំណាច់ឆ្នាំ និង ៥ភាគរយ។ ទាមទារបីចំណុចហ្នឹង ប៉ុន្តែខាងតំណាងសួនកាណាឌីយ៉ា គាត់ឲ្យតែ ២ចំណុចទេ គឺប្រាក់ ៥ភាគរយ ហើយនិងប្រាក់បំណាច់ឆ្នាំ»។
កម្មករឲ្យដឹងថា នៅពេលពួកគេប្រមូលម្ដុំ កាលពីថ្ងៃទី២៨ មិថុនា កងកម្លាំងប្រដាប់ដោយខែល ដំបងឆក និងអាវុធគ្រប់ដៃ ត្រូវគេដាក់ពង្រាយរាប់រយនាក់ប្រឆាំងការជួបជុំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។