Opens in new windowពលការិនីនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសម៉ាឡេស៊ី ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ចាត់វិធានការលើក្រុមហ៊ុននាំពលករ និងភ្នាក់ងារទទួលពលករនៅប្រទេសម៉ាឡេស៊ី។ ការស្នើនេះ បន្ទាប់ពីពួកគាត់ទៅធ្វើការនៅទីនោះជាច្រើនឆ្នាំ ប៉ុន្តែពួកគេមិនបានផ្តល់ប្រាក់ខែឲ្យឡើយ។
ក្រោយពីទៅធ្វើការជាពលការិនីតាមផ្ទះនៅប្រទេសម៉ាឡេស៊ី បានរយៈពេល ៤ឆ្នាំ ពលការិនីម្នាក់នៅឃុំបាធាយ ស្រុកបាធាយ បានសម្រេចដាក់ពាក្យប្ដឹងក្រុមហ៊ុននាំពលករមួយឈ្មោះ ហ្សិត.អ៊ី.អិន (ZEN) និងភ្នាក់ងារទទួលពលករនៅប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣១ សីហា ទៅស្នងការដ្ឋាននគរបាលជាតិ ហើយគ្រោងនឹងប្ដឹងទៅក្រសួងការងារ ទៀត ព្រោះមិនបានទទួលប្រាក់ខែ។
អតីតពលការិនីម្នាក់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កញ្ញា ផូ ពិសី ឲ្យដឹងថា ទឹកប្រាក់ប្រមាណ ៧ពាន់ដុល្លារដែលកញ្ញាបានខិតខំធ្វើការស្ទើរគ្មានពេលសម្រាកសោះនៅប្រទេសម៉ាឡេស៊ី រយៈពេល ៤ឆ្នាំ ប៉ុន្តែលទ្ធផលចុងក្រោយ នៅពេលមកដល់ស្រុកកំណើតនៅខែធ្នូ ឆ្នាំ២០១៤ វិញ ប្រាក់ខែស្ទើរតែទាំងអស់ គឺគេមិនទាន់បើកឲ្យទេ។ កញ្ញាបន្តថា មូលហេតុដែលយល់ព្រមទៅធ្វើការនៅប្រទេសម៉ាឡេស៊ី គឺដោយសារដំបូងឡើយគិតថា ក្រុមហ៊ុន ហ្សិត.អ៊ី.អិន គឺជាក្រុមហ៊ុនត្រឹមត្រូវ ហើយកញ្ញាទៅធ្វើការទីនោះ គឺស្របច្បាប់ ប៉ុន្តែចុងក្រោយ ក្រុមហ៊ុនក៏បិទដំណើរការ ចំណែកភ្នាក់ងារនៅប្រទេសម៉ាឡេស៊ី ក៏បោកប្រាស់ទៀត៖ «ពិបាកណាស់បង គេវ៉ៃធាក់ ហើយហូបបាយជាមួយអំបិលទេបង។ ខ្ញុំសុំពងទាគេ ក៏គេមិនឲ្យដែរ»។
កញ្ញា ផូ ពិសី បានសម្រេចចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០១០ ដោយក្រុមហ៊ុននេះទាក់ទងការងារនៅទីនោះក្នុងមួយខែ ៨០ម៉ឺនរៀល ឬស្មើ ២០០ដុល្លារ ហើយមានអាណត្តិ ២ឆ្នាំ។ ក្រោយមក ភ្នាក់ងារនៅប្រទេសម៉ាឡេស៊ី គេបានបន្តអាណត្តិឲ្យកញ្ញាដោយខ្លួនឯងមួយអាណត្តិទៀត ស្របពេលប្រាក់ខែ ខាងក្រុមហ៊ុននៅម៉ាឡេស៊ី មិនទាន់បើកឲ្យនៅឡើយ។
ដោយឡែកម្តាយ កញ្ញា ផូ ពិសី គឺអ្នកស្រី នាង វី ដែលមកដាក់ពាក្យបណ្ដឹងតាមកូននោះ មានប្រសាសន៍ថា ដោយសារជីវភាពគ្រួសារក្រីក្រ ទើបអ្នកស្រីអនុញ្ញាតឲ្យកូនទៅធ្វើការនៅក្រៅប្រទេស។ អ្នកស្រីបន្តថា ចុងក្រោយទើបទទួលព័ត៌មានថា កូនអ្នកស្រីរងទុក្ខវេទនាសព្វបែបយ៉ាងក្នុងអំឡុងទៅធ្វើការនៅប្រទេសម៉ាឡេស៊ី នោះ។ មិនតែប៉ុណ្ណោះ ប្រាក់ខែក៏មិនបានទទួលទៀត៖ «ចា៎! ធ្វើហ្នឹងប្ដឹងដើម្បីបានប្រាក់ កូនដែលខំទៅធ្វើហ្នឹង។ ចា៎! ធ្វើបាបធ្វើទោសគ្នាចង់ងាប់ចង់រស់ហើយ មកអត់ឲ្យលុយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុន ហ្សិត.អ៊ី.អិន និងភ្នាក់ងារទទួលពលករនៅប្រទេសម៉ាឡេស៊ី ព្រមទាំងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទេនៅថ្ងៃទី៣១ សីហា។
ទាក់ទងបញ្ហានេះ ប្រធានកម្មវិធីអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ពលការិនីដែលជួបបញ្ហា ពួកគេអាចទៅស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងសាមី គឺក្រសួងការងារ។ លោកបន្តថា នៅពេលក្រុមហ៊ុនមួយបើកអាជីវកម្មរបស់ខ្លួន គឺគេមានប្រាក់តម្កល់នៅក្នុងក្រសួងមួយនេះ។ ដូច្នេះ នៅពេលក្រុមហ៊ុនបិទដំណើរការ គេអាចយកប្រាក់តម្កល់ទៅដោះស្រាយជូនពលករបាន៖ «ប្រហែលជាបិទមណ្ឌល តែការទទួលខុសត្រូវ គឺក្រុមហ៊ុនហ្នឹង។ ហើយបើសិនពលរដ្ឋដាក់ពាក្យទៅក្រសួងការងារ គឺក្រសួងប្រាកដជាដឹងលេខទំនាក់ទំនងក្រុមហ៊ុន»។
លោកយល់ថា បញ្ហាទាំងនេះនៅតែកើតមានឡើង អាចដោយសារតែរដ្ឋាភិបាលនៅមិនទាន់មានយន្តការច្បាស់លាស់ ដើម្បីតាមដានលើបណ្ដាក្រុមហ៊ុននាំពលករទៅក្រៅប្រទេសទាំងនោះ។ ម្យ៉ាង សមត្ថកិច្ចរបស់មន្ត្រីទូតនៅប្រទេសម៉ាឡេស៊ី នៅមានកម្រិត។ លើសពីនេះ ពលរដ្ឋមិនសូវមានឱកាសបង្កើត និងស្វែងរកការងារនៅក្នុងស្រុកបាន។ លោក មឿន តុលា បន្តថា ដើម្បីកាត់បន្ថយបញ្ហាប្រឈមរបស់ពលករ ស្ថាប័នពាក់ព័ន្ធ គប្បីធ្វើការងារនេះដោយតម្លាភាព ពង្រឹងយន្តការតាមដានភាពត្រឹមត្រូវរបស់ក្រុមហ៊ុននាំពលករឲ្យបានច្បាស់លាស់ កាត់បន្ថយអំពើពុករលួយ និងបក្ខពួកនិយមរវាងមន្ត្រីរដ្ឋាភិបាលជាមួយម្ចាស់ក្រុមហ៊ុន ពង្រឹងការយកចិត្តទុកដាក់របស់មន្ត្រីទូត។ ចំណែកពលរដ្ឋ ក៏ត្រូវសិក្សាឲ្យច្បាស់ពីក្រុមហ៊ុន ដែលខ្លួនបម្រុងនឹងទៅធ្វើការជាមុនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
