ពលករខ្មែរចំនួន ៣នាក់ បានដាក់ពាក្យបណ្ដឹងទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តបាត់ដំបង និងអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) សុំអន្តរាគមន៍ឲ្យជួយរំដោះពួកគាត់ចេញពីប្រទេសម៉ាឡេស៊ី និងសុំឲ្យចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុននាំពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដែលមិនទទួលខុសត្រូវចំពោះកិច្ចសន្យារបស់ខ្លួន។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែកញ្ញា អាណាព្យាបាលពលករខ្មែរទាំងនោះ បញ្ជាក់ថា ក្រុមហ៊ុននោះមានឈ្មោះ ញូមែន ផៅវឺ (Human power) និងក្រុមហ៊ុនមួយទៀតឈ្មោះ ឌីខេម រួមទាំងក្រុមមេខ្យល់ជាច្រើននាក់ទៀត។ ពួកគេបានឃុបឃិតគ្នាក្លែងបន្លំឯកសារ កែអាយុ និងដូរឈ្មោះ ដើម្បីនាំយកកូនស្រីរបស់ពួកគាត់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី៖ «ខាងម៉ាឡេស៊ី គេធ្វើបាបគ្នាធ្វើការលើសកម្លាំង ហើយការហូបចុកអត់គ្រប់គ្រាន់ បង្ខំពលកម្មពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១យប់ បានសម្រាកពីការងារ ធ្វើការមិនមែនមួយផ្ទះទេ ច្រើនផ្ទះ»។
ពលការិនីខ្មែរទាំងបីនាក់នោះមានឈ្មោះ ព្រឿន សុជាតិ រស់នៅភូមិចុងចំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវគេប្ដូរទៅជាឈ្មោះ ឡាយ តាំងអេង រស់នៅខេត្តកំពង់ធំ ឈ្មោះ ស៊ត សុធា មានអាយុ ១៦ឆ្នាំ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ត្រូវបានមេខ្យល់នាំទៅធ្វើសំបុត្រកំណើតដំឡើងអាយុទៅដល់ ២១ឆ្នាំ និងប្ដូរទៅជាឈ្មោះ តូ គន្ធា។ បច្ចុប្បន្ន ពលការិនីទាំងពីរនាក់កំពុងនៅប្រទេសម៉ាឡេស៊ី។ រីឯពលការិនីម្នាក់ទៀតឈ្មោះ យ៉ង ស្រីនាង អាយុ ២២ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានរួចខ្លួនមកដល់ស្រុកខ្មែរវិញទាំងលំបាក។
យ៉ង ស្រីនាង បញ្ជាក់ថា នាងបានបម្រើការនៅប្រទេសម៉ាឡេស៊ី ផុតកិច្ចសន្យាហើយ ប៉ុន្តែថៅកែមិនបានឲ្យគាត់វិលត្រឡប់មកផ្ទះទេ សូម្បីតែទូរស័ព្ទក៏មិនឲ្យប្រើដែរ ហើយរូបនាងត្រូវគេវាយធ្វើទារុណកម្មជាំពេញខ្លួន៖ «ធ្វើការតាំងពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ៣ ម៉ោង ៤ទៀបភ្លឺ ពេលខ្លះអត់បានហូបបាយទេ បើសិនធ្វើការមិនទាន់ហើយ»។
នៅក្នុងពាក្យបណ្ដឹង ៣ច្បាប់ដាច់ដោយឡែកពីគ្នា ដែលប្ដឹងទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្តបាត់ដំបង និងសមាគមអាដហុក បង្ហាញថា ពលការិនីខ្មែរទាំងបីនាក់ ទទួលរងការធ្វើទារុណកម្មការបង្ខំឲ្យធ្វើការលើសម៉ោង ហូបចុកមិនគ្រប់គ្រាន់ និងពុំទទួលបានប្រាក់ខែគ្រប់ចំនួននោះឡើយ។ ទន្ទឹមគ្នានេះ អាណាព្យាបាលពលការិនីពួកគេបានតវ៉ាករណីនេះទៅក្រុមហ៊ុន ឌីខេម និងក្រុមហ៊ុន ញូមែន ផៅវឺ ប៉ុន្តែខាងក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ ទោះបីកូនៗរបស់ពួកគាត់បានបម្រើនៅតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី នោះ ហួសកិច្ចសន្យាហើយក៏ដោយ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងភាគីក្រុមហ៊ុន ដើម្បីសុំការបញ្ជាក់ជុំវិញបញ្ហានេះបានទេ។
អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា សមាគមអាដហុក នឹងធ្វើកិច្ចសហការជាមួយស្ថាប័នជំនាញរបស់រដ្ឋាភិបាល ដើម្បីនាំយកពលករទាំងនោះមកស្រុកខ្មែរវិញ៖ «ពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី មិនមែនជាទាសករទេ ពួកគាត់មានសិទ្ធិគ្រប់គ្រាន់ទាំងអស់ មិនមែនជាការលក់ដាច់ថ្លៃទេ ក្រុមហ៊ុនពេលដែលចុះកិច្ចសន្យា ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវយកពលករមកស្រុកវិញ ហើយបើមានការធ្វើទុក្ខវាយធ្វើបាបពលករខ្មែរ ក្រុមហ៊ុនត្រូវចេញមុខធ្វើអន្តរាគមន៍»។
លោក យិន ម៉េងលី ក៏បានជំរុញឲ្យក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល ពិនិត្យសើរើទៅលើកិច្ចសន្យារបស់ក្រុមហ៊ុន។ បើសិនក្រុមហ៊ុនរំលោភលើកិច្ចសន្យានោះ ក្រសួងត្រូវដកហូតយកអាជ្ញាប័ណ្ណ បិទក្រុមហ៊ុននោះឈប់ឲ្យធ្វើអាជីវកម្មនាំពលករចេញទៅក្រៅប្រទេស និងពិនិត្យមើលលើទោសទណ្ឌនានា តាមគោលការណ៍ច្បាប់ដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ដើម្បីរកយុត្តិធម៌ជូនពលករខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
