ធនាគារពិភពលោក (World Bank) បានប្រកាសរបាយការណ៍វាយតម្លៃភាពក្រីក្ររបស់កម្ពុជា នៅថ្ងៃទី២០ កុម្ភៈ ថាមានការថយចុះមកត្រឹម ២០% នាពេលបច្ចុប្បន្ន។ ការថយចុះនេះ ដោយសារតែកត្តាសំខាន់មួយចំនួន ដូចជាថ្លៃកសិផលមានតម្លៃខ្ពស់ កំណើនអត្រាប្រាក់ឈ្នួលនៅជនបទ និងកំណើនចំណូលមុខរបរតូចតាច។ ប៉ុន្តែ អត្រាភាពក្រីក្រនឹងកើនទ្វេដងវិញ នៅពេលប្រជាពលរដ្ឋនោះបាត់បង់ចំណូលប្រមាណ ១.២០០រៀលក្នុងមួយថ្ងៃ។
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលអនុវត្តបានល្អ ក្នុងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោកនាប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។
របាយការណ៍វាយតម្លៃភាពក្រីក្រចុងក្រោយរបស់ធនាគារពិភពលោក ប្រចាំកម្ពុជា បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី២០ កុម្ភៈ រកឃើញថា ប្រជាពលរដ្ឋកម្ពុជា មានជីវភាពកាន់តែប្រសើរជាងមុន ដោយសារតែពួកគាត់មានទ្រព្យសម្បត្តិប្រើប្រាស់ក្នុងផ្ទះបានកើនឡើង ដូចជាទូរទស្សន៍ ម៉ូតូ និងមានទូរស័ព្ទប្រើប្រាស់។
បច្ចុប្បន្ន គ្រួសារមានទូរទស្សន៍ប្រើប្រាស់បានកើនឡើងប្រមាណ ៤ដង គ្រួសារអ្នកមានម៉ូតូកើនឡើងចំនួនពីរដង បើប្រៀបធៀបនឹងឆ្នាំ២០០៧។
ប្រធានធនាគារពិភពលោក ប្រចាំកម្ពុជា លោក អាឡាសសានេ សូ (Alassane Sow) មានប្រសាសន៍នៅក្នុងការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃភាពក្រីក្រនោះថា កំណើនសេដ្ឋកិច្ចកម្ពុជា រឹងមាំ និងមានកំណើនខ្លាំង បានជួយជំរុញឲ្យអត្រាភាពក្រីក្របានថយចុះ គួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន៖ «សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវកំណើនគួរឲ្យកត់សម្គាល់ ដែលជាលទ្ធផលឈានដល់ការកាត់បន្ថយភាពក្រីក្របានចំនួនពាក់កណ្ដាល ដែលថយចុះពីចំនួន ៥០% នៅឆ្នាំ២០០៤ ដល់ ២០% នាពេលបច្ចុប្បន្ន»។
មានមូលហេតុជាច្រើនដែលជំរុញឲ្យអត្រាភាពក្រីក្រនៅកម្ពុជា បានថយចុះ។ របាយការណ៍វាយតម្លៃភាពក្រីក្រ បានរកឃើញកត្តាសំខាន់បំផុតចំនួនពីរ គឺតម្លៃស្រូវ និងផលិតកម្មស្រូវបានកើនឡើង ដែលជំរុញឲ្យចំណូលកសិករកើនឡើង។ ទីពីរ ការកើនឡើងប្រាក់ឈ្នួលលើវិស័យកសិកម្ម។
បន្ថែមលើនេះ ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៣លាន ៥សែននាក់ ធ្វើចំណាកស្រុក ដើម្បីរកចំណូលពីតំបន់មួយទៅតំបន់មួយ។ ចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងនោះ បានកើនឡើងរហូតដល់ ៦.២០០រៀលនាពេលបច្ចុប្បន្ន ដែលនៅឆ្នាំ២០០៧ មានចំនួនតែ ៤.១០០រៀលតែប៉ុណ្ណោះ។ ប៉ុន្តែរបាយការណ៍របស់ធនាគារពិភពលោក ដដែលនោះ ក៏បានគូសបញ្ជាក់ទៀតថា ចំពោះការចំណាយជាមធ្យមរបស់ប្រជាពលរដ្ឋនៅជនបទវិញបានកើនឡើងដល់ចំនួន ៨.២០០ក្នុងមួយថ្ងៃ។
ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ មានប្រសាសន៍ថា គ្រួសារភាគច្រើនដែលរួចចាកផុតពីភាពក្រីក្រ ក៏នៅតែងាយរងគ្រោះ និងអាចធ្លាក់ចូលទៅក្នុងអន្ទាក់ភាពក្រីក្រវិញសាជាថ្មី។ ក្រុមអ្នកងាយរងគ្រោះទាំងនោះមានប្រមាណ ៣លាននាក់។ លោកបញ្ជាក់ទៀតថា ដើម្បីការពារដល់អ្នករងគ្រោះទាំងនោះ រដ្ឋាភិបាលនឹងបន្តយុទ្ធសាស្ត្រគាំពារសង្គមរបស់ខ្លួន។
«សំឡេង»
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ១០នាក់ មានពីរនាក់ជាអ្នកក្រ ដោយផ្អែកលើនិយមន័យ ១ដុល្លារ ១៥សេនក្នុងមួយថ្ងៃ។
បន្ថែមលើនេះ ធនាគារពិភពលោក ប្រចាំកម្ពុជា បានរកឃើញថា ចំនួនប្រជាពលរដ្ឋដែលស្ថិតនៅក្បែរបន្ទាត់ភាពក្រីក្រ ដែលរស់មានចំណូលតិចជាង ២ដុល្លារ ៣០សេនក្នុងមួយថ្ងៃ មានចំនួនជាង ៨លាននាក់។ ក្រុមនេះជាអ្នកងាយនឹងធ្លាក់ចូលភាពក្រីក្រវិញ នៅពេលដែលចំណូលរបស់គាត់បាត់បង់ប្រមាណ ១.២០០រៀលក្នុងមួយថ្ងៃ ដែលបញ្ហានេះនឹងធ្វើឲ្យអត្រាភាពក្រីក្រកើនឡើងដល់ ៤០% វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។