កម្មករ​រោងចក្រ​ស៊ីនហ្វាង​ទាមទារ​ឲ្យ​រោងចក្រ​អនុវត្ត​សាលក្រម​តុលាការ

តំណាង​កម្មករ​រោងចក្រ ស៊ីន ហ្វាង (Xin Fang) លោក ឆុន រិនដា អះអាង​ថា កម្មករ​រោងចក្រ ស៊ីន ហ្វាង ប្រមាណ ១០០​នាក់ ប្រមូល​ផ្ដុំ​មុខ​តុលាការ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣ កញ្ញា ដើម្បី​តវ៉ា​ជំទាស់​ទៅ​នឹង​ភាគី​រោងចក្រ ដែល​មិន​ព្រម​អនុវត្ត​តាម​សាល​ក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ។

កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក យ៉េត ប៉ូលិន ចេញ​ដីកា​បង្គាប់​ឲ្យ​កម្មករ​រោងចក្រ ស៊ីន ហ្វាង ដែល​បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង ១០​ថ្ងៃ​មក​ហើយ​នោះ ចូល​ធ្វើ​ការ​វិញ​ដោយ​ដាក់​កំណត់​រយៈពេល ៤៨​ម៉ោង។

ក៏ប៉ុន្តែ លោក ឆុន រិនដា បន្ត​ថា នៅ​ពេល​កម្មករ​ព្រម​ចូល​ធ្វើ​ការ​ហើយ បែរ​ជា​ថៅកែ​រោងចក្រ​មិន​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​ទៅ​វិញ ដោយ​អនុញ្ញាត​ឲ្យ​កម្មករ​មួយ​ចំនួន​តូច​បាន​ចូល​ធ្វើ​ការ​តែ​ប៉ុណ្ណោះ។

ដោយឡែក អ្នកស្រី ឆេន សុវណ្ណ តំណាង​កម្មករ​មួយ​រូប ដែល​ត្រូវ​ថៅកែ​រោងចក្រ​បណ្ដេញ​ចេញ ក្នុង​ចំណោម​បុគ្គលិក​២ នាក់​ទៀត​នោះ ឲ្យ​ដឹង​ក្រោយពេល​ចូល​ជួប​មន្ត្រី​តុលាការ​នៅ​រសៀល​ថ្ងៃ​ដដែល​បញ្ជាក់​ថា អ្នកស្រី​បាន​សុំ​ឲ្យ​មន្ត្រី​តុលាការ​ភ្នំពេញ ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​ឲ្យ​អ្នកស្រី​បាន​ចូល​ធ្វើការ​វិញ តែ​មន្ត្រី​តុលាការ​បាន​ជំរុញ​ឲ្យ​អ្នកស្រី​បន្ត​ប្ដឹង​ទៅ​ឧទ្ធរណ៍។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក វង់ ថារិន តំណាង​ភាគី​រោងចក្រ​បាន នៅ​រសៀល​ថ្ងៃ​ទី​៣ សីហា ដើម្បី​សុំ​បញ្ជាក់​ព័ត៌មាន​បន្ថែម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។