កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​បន្ត​ធ្វើ​កូដកម្ម​ដុត​កង់ឡាន

0:00 / 0:00

កម្មករ​រោងចក្រ ស៊ីងហ្វាង (Xing Fang) ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ប្រមាណ ៣០០​នាក់ បន្ត​ធ្វើ​បាតុកម្ម​ដុត​កង់ឡាន​ទាមទារ​លក្ខខណ្ឌ​ការងារ​នៅ​ខាង​មុខ​រោងចក្រ។ រយៈពេល ១០​ថ្ងៃ​ហើយ ដែល​កម្មករ​រោងចក្រ​នេះ​ធ្វើ​បាតុកម្ម ដោយ​ភាគី​រោងចក្រ មិន​បាន​ចេញ​មក​ដោះស្រាយ​ជាមួយ​អ្នក​តវ៉ា​ឡើយ បើ​ទោះ​បី​ជា​មន្ត្រី​ក្រសួង​ការងារ​បាន​ចុះ​ទៅ​ទី​នោះ​ដើម្បី​ជួយ​រក​ដំណោះស្រាយ​ក៏ដោយ។

កម្មករ​តវ៉ា​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​មិន​បាន​ផ្ដល់​ចម្លើយ​អ្វី​សោះ​ឲ្យ​ពួកគាត់ ក្រោយ​បាន​ជួប​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​អស់​មួយ​ព្រឹក​រួច​មក។ បន្ទាប់​ពី​ធ្វើ​បាតុកម្ម​ដុត​កង់ឡាន​ជាប់​គ្នា​រយៈពេល ១០​ថ្ងៃ​រួច​មក មន្ត្រី​ក្រសួង​ការងារ​ជា​ច្រើន​នាក់​បាន​ចុះ​ទៅដល់​រោងចក្រ​ស៊ីងហ្វាង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា។

តាម​ការ​អះអាង​របស់​មន្ត្រី​ចងក្រង​និង​ដោះស្រាយ​វិវាទ​កម្មករ​នៃ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​ថា ស៊ីខាវឌូ (C-CAWDU) លោក ឆុន រិនដា ឲ្យ​ដឹង​ថា បន្ទាប់ពី​ចូល​ជួប​ជាមួយ​ភាគី​ក្រុមហ៊ុន​រួច មន្ត្រី​ក្រសួង​ការងារ​ទាំងនោះ​មិន​បាន​ផ្ដល់​ដំណឹង ឬ​ដំណោះស្រាយ​ណា​មួយ​ដល់​កម្មករ​ដែល​ទន្ទឹង​រង់ចាំ​លទ្ធផល​នៅ​ខាង​មុខ​រោងចក្រ​ទាំង​អន្ទះសា។

លោក ឆុន រិនដា៖ «អត់​មាន​ព័ត៌មាន​អី​បន្តិច​សម្រាប់​កម្មករ គឺ​ទទេ គាត់​ឡើង​ទៅ​ហើយ ចុះ​មក​វិញ​នាំ​គ្នា​ទៅ​អស់ អ៊ីចឹង​កម្មករ​ម្នាក់ៗ​ខក​បំណង​ខ្លាំង​ណាស់។ អ្នក​ខ្លះ​ថា មិន​ដឹង​ចូល​ស្អី​ទេ រហូត​អ្នក​ខ្លះ​ទៀត​ថា ពួក​ហ្នឹង​មក​យក​តែ​លុយ នេះ​មិន​មែន​ជា​សម្ដី​របស់​ខ្ញុំ​ទេ គឺ​ជា​សម្ដី​របស់​កម្មករ»

​វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ​ជា​ច្រើន​លើក​ដើម្បី​សួរ​នាំ​ពី​លទ្ធផល​ដែល​ក្រសួង​បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន។ ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​លើក​ទូរស័ព្ទ​ទេ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៨ សីហា។

តាម​គំនិត​លោក ឆុន រិនដា លោក​គិត​ខាង​ក្រុមហ៊ុន​ហាក់​មាន​ចេតនា​មិន​ចង់​ចរចា​បញ្ចប់​វិវាទ​ជាមួយ​កម្មករ។ លោក​បញ្ជាក់​ថា ការ​ចរចា​កន្លង​មក ខាង​ក្រុមហ៊ុន​បញ្ជូន​មន្ត្រី​តូចតាច គ្មាន​សិទ្ធិ​សម្រេច​អ្វី​សោះ​មក​ចរចា​ជាមួយ​កម្មករ។

ក្រុម​កម្មករ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ និង​អត្ថប្រយោជន៍​មួយ​ចំនួន រួម​មាន​សុំ​ប្រាក់​ថ្លៃ​បាយ ២​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ សុំ​ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​មួយ​ខែ ១៥​ដុល្លារ ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​និង​កម្មករ ៣​នាក់ ដែល​បញ្ឈប់​គ្មាន​មូលហេតុ​ឲ្យ​ចូល​ធ្វើ​ការ​វិញ និង​សូម​ឲ្យ​ក្រុមហ៊ុន​កុំ​កាត់​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​អំឡុង​ពេល​កម្មករ​ធ្វើ​បាតុកម្ម។

អ្នក​បកប្រែ​ភាសា​ចិន និង​ជា​ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ប្រចាំ​រោងចក្រ ស៊ីងហ្វាង លោកស្រី ឆេន សុវណ្ណា បញ្ជាក់​ថា រោងចក្រ​បាន​រំលោភច្បាប់​ការងារ​ជា​ច្រើន ដូចជា​ជេរ​ប្រមាថ​លើ​កម្មករ បង្ខំ​ឲ្យ​កម្មករ​ធ្វើ​ការ​ឲ្យ​បាន​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន ពិសេស​រើសអើង​សហជីព៖ «ធ្វើ​ទុក្ខបុកម្នេញ​នាង​ខ្ញុំ​ជាពិសេស ព្រោះ​នាង​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​សហជីព​មួយ​នៅ​ក្នុង​រោងចក្រ​នោះ បន្ទាប់​មក​នរណា​គាំទ្រ​ខ្ញុំ គឺ​បញ្ចប់​កុងត្រា បញ្ឈប់​ដោយ​គ្មាន​លក្ខខណ្ឌ​គំរាមកំហែង ព្យួរ​ការងារ»

​រោងចក្រ ស៊ីងហ្វាង ផលិត​សម្លៀក​បំពាក់​ម៉ាក​ល្បី អាឌីដាស (Adidas) ភាគ​ច្រើន​អ្នក​បញ្ជា​ទិញ​មក​ពី​ប្រទេស​វៀតណាម។ តាម​ការ​អះអាង​របស់​តំណាង​កម្មករ​បញ្ជាក់​ថា រោងចក្រ​នេះ​រំលោភ​ច្បាប់ និង​បាន​ជួល​កម្មករ​ស៊ី​ប្រាក់​ថ្ងៃ និង​ស៊ី​ម៉ោង​ជា​ច្រើន​នាក់​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ដែល​ខុស​នឹង​ច្បាប់​ការងារ។

​ប្រធាន​រដ្ឋបាល​រោងចក្រ ស៊ីងហ្វាង លោក វង្ស ថាវិន ធ្លាប់​ប្រាប់​ថា ភាគី​រោងចក្រ​បាន​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​កម្មករ​ជា​ច្រើន ហើយ​មាន​កម្មករ​តិចតួច​ប៉ុណ្ណោះ ដែល​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​រោងចក្រ។

​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ក្រសួង​ការងារ​និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​កាត់​ឲ្យ​កម្មករ​ឈ្នះ​ក្ដី​ចំនួន ៩​ចំណុច​ក្នុង​ចំណោម ១៤​ចំណុច​ដែល​កម្មករ​បាន​ទាមទារ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​ការ​ដោះស្រាយ​ឡើយ។ កម្មករ​ដែល​តវ៉ា​ទាំង​នោះ ប្តេជ្ញា​ថា​នឹង​ធ្វើ​បាតុកម្ម​ដុត​កង់​ឡាន រហូត​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។