កម្មកររោងចក្រស៊ីងហ្វាង (Xing Fang) ប្រមាណ ៣០០នាក់ នៅព្រឹកថ្ងៃទី២៧ សីហា បានធ្វើកូដកម្មដុតកង់ឡានទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត ដែលថៅកែរោងចក្រនៅមិនទាន់ដោះស្រាយ។ ការធ្វើកូដកម្មនេះឈានចូលដល់ថ្ងៃទី១០ ហើយ តែថៅកែរោងចក្រនៅតែធ្វើព្រងើយកន្តើយ។
ក្រុមកម្មករតវ៉ាថា លក្ខខណ្ឌការងារមួយចំនួននោះ ត្រូវបានភាគីរោងចក្រមិនព្រមអនុវត្តន៍តាមការទាមទារ ដូចជាកម្មករសុំប្រាក់ថ្លៃបាយ ២ពាន់រៀលក្នុងមួយថ្ងៃ សុំប្រាក់ថ្លៃធ្វើដំណើរក្នុង១ខែ ១០ដុល្លារ និងសុំឲ្យថៅកែរោងចក្រទទួលបុគ្គលិក និងកម្មករ ៣នាក់ ដែលបានបណ្ដេញចេញឲ្យចូលធ្វើការវិញ រួមទាំងសុំឲ្យក្រុមហ៊ុនកុំកាត់ប្រាក់ឈ្នួលកម្មករដែលមិនចូលធ្វើការដោយសារជាប់ដៃធ្វើកូដកម្មកន្លងមក។
អ្នកបកប្រែភាសា និងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) ប្រចាំរោងចក្រ ស៊ីងហ្វាង អ្នកស្រី ឆេន សុវណ្ណា បានឲ្យដឹងនៅថ្ងៃទី២៧ សីហា ថា ចៅកែរោងចក្រមិនបានចេញមុខដោះស្រាយទេ គឺមានតែមន្ត្រីរដ្ឋបាលចេញមុខដោះស្រាយជាមួយកម្មករដែលមិនហ៊ានសម្រេចអ្វីបានជាដុំកំភួន៖ «នៅរោងចក្រស៊ីងហ្វាងកម្មករកូដកម្មថ្ងៃនេះជាថ្ងៃទី១០ ហើយ ដោយសារពុំមានដំណោះស្រាយពីក្រុមហ៊ុន ពីព្រោះអ្នកដែលចេញមុខដោះស្រាយគឺរដ្ឋបាល គាត់បានឆ្លើយថា គាត់អត់មានសិទ្ធិដោះស្រាយ។ គាត់ហ៊ានត្រឹមតែ៥០ភាគរយ ហើយ ៥០ភាគរយដែលគាត់បានដោះស្រាយឲ្យកម្មករនោះ គឺអត់មានផលប្រយោជន៍ទេ កម្មករមិនអាចទទួលបាន អ៊ីចឹង! ចំណុចសំខាន់ៗ ដែលពួកគាត់ទាមទារគឺនៅ ៥ ទៅ ៦ ចំណុចទៀត»។
កន្លងមកកម្មករបានទាមទារលក្ខខណ្ឌការងារចំនួន ១៤ចំណុច ក្នុងនោះទាក់ទងទៅនឹងការរៀបចំអនាម័យ ការដាក់ប្រព័ន្ធខ្យល់អុកហ្ស៊ីសែន សុំឲ្យមានលក្ខខណ្ឌការងារអនុគ្រោះចំពោះអ្នកមានផ្ទៃពោះ និងអ្នកសម្រាលកូនជាដើម។ ចំណែកចំណុចខ្លះត្រូវបានដោះស្រាយ បន្ទាប់ពីភាគីទាំងពីរបានជួបចរចាគ្នានៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាបន្តបន្ទាប់រយៈពេលកន្លងមក។
ក៏ប៉ុន្តែមន្ត្រីចងក្រងនិងដោះស្រាយវិវាទកម្មករ នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ លោក ឆុន រិនដា ដែលចូលរួមកូដកម្មនោះដែរ បញ្ជាក់ថា ការដោះស្រាយទាំងនោះ កម្មករហាក់មិនទាន់អាចទទួលយកបានទេ ព្រោះថាការដោះស្រាយនោះមិនចំចំណុចសំខាន់ៗ ដែលកម្មករទាមទារ។ ជាងនេះទៅទៀតនោះ ចំណុចមួយចំនួនដែលក្រសួងសម្រេចហើយ បែរជាភាគីរោងចក្រមិនអនុវត្តតាមទៅវិញ ៖ «អាចំណុចផ្សេងៗហ្នឹង កម្មករទទួលទុកសិន។ ក៏ប៉ុន្តែចំណុចដែលសេសសល់គឺបងប្អូនកម្មករគាត់កំពុងតែទាមទារបន្ថែមទៀត»។
កម្មកររោងចក្រស៊ីងហ្វាង ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងភាគីតំណាងរោងចក្រ លោក វង់ ថារិន បានភ្លាមៗនៅល្ងាចថ្ងៃទី២៧ សីហា ដើម្បីសុំការឆ្លើយតបទៅនឹងការអះអាងរបស់កម្មករធ្វើកូដកម្មនេះ។ ក៏ប៉ុន្តែលោកធ្លាប់បញ្ជាក់ថា ភាគីរោងចក្របានដោះស្រាយតាមការទាមទាររបស់កម្មករបានច្រើនណាស់ហើយ ចំណែកកម្មករដែលកំពុងធ្វើកូដកម្មប្រឆាំងរោងចក្រនោះ មានចំនួនភាគតិចបំផុត បើប្រៀបធៀបទៅនឹងចំនួនកម្មករដែលលោកថា មានចំនួនច្រើនលើសលប់ សុកចិត្តចូលធ្វើការ មិនធ្វើកូដកម្ម។
ទោះយ៉ាងណា កម្មករដែលធ្វើកូដកម្មប្ដេជ្ញាថា នឹងធ្វើកូដកម្មបន្តទៀតលុះមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។