រឿងរ៉ាវទំនាស់ដីធ្លី និងបញ្ហាសង្គម ត្រូវប្រជាសហគមន៍ និងសង្គមស៊ីវិលលើកមកលាតត្រដាងប្រាប់ឲ្យយុវជនបានដឹង ដើម្បីស្វែងយល់ និងរកដំណោះស្រាយ។ សង្គមស៊ីវិលធ្វើការទាក់ទងយុវជន យល់ថា ការចូលរួមរបស់យុវជន នឹងធ្វើឲ្យសង្គមមានការអភិវឌ្ឍមួយដ៏ត្រឹមត្រូវ។
អ្នកធ្វើការទាក់ទងយុវជន នៅតែឲ្យតម្លៃថា យុវជនជាផ្នែកសំខាន់មួយនៅក្នុងសង្គមប្រជាធិបតេយ្យ។ កម្លាំងយុវជន អាចជំរុញឲ្យរដ្ឋាភិបាលអនុវត្តការងារដែលផ្តល់សេវាដល់ពលរដ្ឋកាន់តែប្រសិទ្ធភាព។
នាយកអង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP) លោក បូ ពៅ ដែលរៀបចំវេទិកាយុវជន និយាយថា ដើម្បីឲ្យយុវជនធ្វើការងារផ្តល់ប្រយោជន៍ដល់សង្គម លុះត្រាតែយុវជនបានដល់ដឹងពីបញ្ហាសង្គម។ លោកថា ប្រសិនបើយុវជនមិនបានចូលរួមតាមដានការងារសង្គម នឹងធ្វើឲ្យអ្នកនយោបាយ ឬអ្នកដឹកនាំប្រទេស បំពេញការងារមិនបានល្អនោះទេ៖ « គាត់ចាប់ផ្ដើមមានការងារធ្វើនៅក្នុងសង្គម។ គាត់ចាប់ផ្ដើមយល់អំពីសង្គម ជាជាងទុកឲ្យអ្នកនយោបាយធ្វើការងារតែឯង បើអ្នកនយោបាយហ្នឹងមានឧត្តមគតិ អ្នកនយោបាយហ្នឹងអ្នកជាអ្នកនយោបាយល្អ មិនសូវអីទេ»។
ការជជែកពីបញ្ហាសង្គមនេះក្នុងសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ស្ដីពីរឿងរ៉ាវសហគមន៍ និងតួនាទីរបស់យុវជននៅក្នុងសង្គម ថ្ងៃទី២៩ ខែមេសា ដោយមានក្រុមយុវជន និងអ្នកពាក់ព័ន្ធជាង ១០០នាក់ចូលរួម។
ពលរដ្ឋមានបញ្ហាដីធ្លីមកពីខេត្តកំពង់ស្ពឺ លោកស្រី ឈួន ស៊ុំ ឲ្យដឹងថា ដីនៅសហគមន៍របស់លោកស្រី ត្រូវក្រុមយោធាមករំលោភបំពាន ហើយមូលហេតុដែលលោកស្រីចង់ឲ្យយុវជនដឹង ព្រោះរំពឹងថា រឿងនេះនឹងអាចធ្វើឲ្យស្ថាប័នមានសមត្ថកិច្ចអាចដឹងរឿងនេះ តាមរយៈការផ្សាយបន្តរបស់ក្រុមយុវជន។ លោកស្រីបន្តថា ក្រុមពលរដ្ឋមិនដឹងថា ពេលនេះត្រូវរកអ្នកណាឲ្យជួយនោះទេ ខណៈដែលអាជ្ញាធរភូមិ-ឃុំ ត្រូវរ៉ូវគ្នាជាមួយក្រុមយោធា៖ « ពួកខ្ញុំចេះតែខំប្រឹងប្រែងចឹងទៅ ហើយដូចជាអាជ្ញាធរភូមិ-ឃុំអ៊ីចឹងទៅ គេខឹងពួកខ្ញុំចឹងទៅ គេបន្លាចថាចាប់ដាក់គុកអ៊ីចឹងទៅ»។
ជំរឿនឆ្នាំ២០០៨ បង្ហាញថា យុវជនកម្ពុជា មានចំនួន ៣៣% នៃពលរដ្ឋសរុប។ តាមគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា ឆ្នាំ២០១១ ឲ្យដឹងថា យុវជនជាភ្នាក់ងារដ៏សំខាន់សម្រាប់ការងារផ្លាស់ប្ដូរសង្គមឲ្យមានការអភិវឌ្ឍ និងប្រជាធិបតេយ្យ។
យុវជនធ្វើកិច្ចការងារការពារព្រៃឈើ លោក រ័ត្ន សុវណ្ណ ឲ្យដឹងថា ការស្វែងយល់ពីបញ្ហាសង្គម គឺជាការបង្កើនការយល់ដឹងបន្ថែមទៀតដល់យុវជន ហើយថែមទាំងផ្តល់ភាពក្លាហានដល់យុវជនចូលរួមការងារសង្គម។ លោកថា ប្រសិនបើក្រុមយុវជនផ្តល់សារនៃបញ្ហាសង្គមដល់រដ្ឋាភិបាល នឹងជំរុញឲ្យអ្នកពាក់ព័ន្ធដោះស្រាយបញ្ហានៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព៖ « ឲ្យយុវជនបានឃើញអំពីសកម្មភាពទាំងឡាយណាដែលយុវជនជំនាន់គាត់បានធ្វើ ហើយគាត់កំពុងស្ថិតក្នុងការសិក្សារៀនសូត្រកាន់តែខិតខំបន្តទៀត»។
ឯកសារជំនួយស្មារតីទាក់ទងនឹងការបោះឆ្នោតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) ឲ្យដឹងថា យុវជនគឺជាអ្នកដែលមានសក្ដានុពលក្នុងការធ្វើឲ្យសំឡេងឆ្នោតមានការប្រែប្រួល។ យុវជនត្រូវបង្ហាញដល់ថ្នាក់ដឹកនាំថា ខ្លួនមានឥទ្ធិពលទៅលើក្រុមមនុស្សដទៃទៀត ដូចជាមនុស្សជំទង់ ឬមនុស្សចាស់ ព្រោះខ្លួនគឺជាយុវជនដែលមានចំណេះដឹង និងកម្លាំងកាយរឹងមាំ ហើយអាចធ្វើការអប់រំ និងជួយដល់មនុស្សដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។