អាណានិគមបារាំង បានកាត់ទឹកដីកម្ពុជាក្រោម ចំនួន ២១ខេត្តក្រុង ដែលមានផ្ទៃដីទំហំជាង ៦ម៉ឺន ៨ពាន់គីឡូម៉ែត្រក្រឡា (៦៨.៩៦៥) ទៅឲ្យយួន កាន់កាប់ខុសច្បាប់ដោយគ្មានការឯកភាពពីពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ នេះ គឺមានរយៈពេល ៦៥ឆ្នាំគត់ ដែលខ្មែរកម្ពុជាក្រោមជាង ១០លាននាក់ ជាម្ចាស់ទឹកដីម្ចាស់ស្រុក បានរស់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម។
ក្នុងទិវារំលឹកខួប ៦៥ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម ធ្វើពិធីបុណ្យសាសនារំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី ដោយមានព្រះសង្ឃនិមន្តចូលរួមចំនួន ១.៩៤៩អង្គ។ ជាការកត់សម្គាល់នៅឆ្នាំនេះ យុវជនជាច្រើនបានសម្ដែងទឹកចិត្តកាន់ទុក្ខ និងរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោមជាចំហ តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ខុសប្លែកពីរាល់ឆ្នាំ។
យុវជនជាច្រើនបានសម្ដែងការកាន់ទុក្ខថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម នៅតាមបណ្ដាញសង្គមហ្វេសប៊ុក។ ពួកគេបានផ្លាស់ប្ដូររូប ឬ Profile របស់ខ្លួន ដោយដាក់ទង់ជាតិខ្មែរក្រោម អ្នកខ្លះមានពាក់អាវយឺតសដូចៗគ្នាមានរូបទង់ជាតិកម្ពុជាក្រោម និងសរសេរពាក្យថា យើងមិនដែលភ្លេចខ្មែរក្រោម។ អ្នកខ្លះទៀតថតបង្ហោះរូបថតរបស់ខ្លួនឯង ឈរកាន់ទង់ជាតិខ្មែរក្រោម ហើយអ្នកខ្លះមានលើកបដាសរសេរថា ខ្ញុំស្រឡាញ់ខ្មែរក្រោម។
យុវជនម្នាក់ឈ្មោះ សាវណា យុត្តពង្ស និស្សិតសកលវិទ្យាល័យបញ្ញាសាស្ត្រ បានបង្ហោះបដាដែលសរសេរថា ខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើ គឺខ្មែរតែមួយ។ យុវជនរូបនេះបានបង្ហោះទង់ជាតិកម្ពុជាក្រោមមានលេខ ៦៥ពណ៌ខ្មៅ នៅពីលើជាសម្គាល់ថា ថ្ងៃកាន់ទុក្ខរបស់ជាតិ ដែលបាត់បង់ទឹកដីកម្ពុជាក្រោម តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤។
យុវជនរូបនេះបញ្ជាក់ថា កន្លងមកពលរដ្ឋខ្មែរ ពិសេសយុវជន មិនបានដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន និងមិនបានដឹងថា ខ្មែរក្រោមជានរណា? យុវជនដដែលបន្តថា ក្រុមយុវជនជាមិត្តភ័ក្ដិរបស់គេជាច្រើន បានស្ម័គ្រចិត្តបង្កើតពិធីមួយសម្រាប់រំលឹកខួបកាន់ទុក្ខនៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ ដោយមានពាក់អាវយឺតស និងមានរូបសញ្ញាទង់ជាតិកម្ពុជាក្រោម។
«សឡេង»
រូបទង់ជាតិខ្មែរក្រោមជាច្រើន ត្រូវបាន share ឬចែករំលែកពីម្នាក់ទៅម្នាក់ពេញបណ្ដេញសង្គមហ្វេសប៊ុក តាំងពីថ្ងៃអាទិត្យ ទី១ ខែមិថុនា។ អ្នកមានដើមកំណើតរស់នៅកម្ពុជាក្រោមខ្លះ ដែលផ្លាស់មករស់នៅខ្មែរកណ្ដាលយូរឆ្នាំ ហើយខំលាក់ប្រវត្តិរបស់ខ្លួននោះ ក៏បានលាតត្រដាងការពិតនៅចំថ្ងៃរំលឹកខួបនៃការឈឺចាប់បាត់បង់ទឹកដីកម្ពុជាក្រោមនេះដែរ។ ពួកគេទាំងនោះបានបង្ហោះចម្រៀងជាច្រើន រៀបរាប់ពីការឈឺចាប់នៃការបាត់បង់ទឹកដីកម្ពុជាក្រោម។
«ចម្រៀង»
បទចម្រៀងនេះមានចំណងជើងថា យំស្ដាយដីកម្ពុជាក្រោម ច្រៀងដោយ កញ្ញា ទូច ស្រីនិច។ ចម្រៀងនេះត្រូវបាន share ឬចែករំលែកជិត ៣០០ដង។
យុវតីម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុកថា គន្ធា ឡូនលី គើល (Kunthea lonely girl) ឲ្យដឹងថា នាងបានព្យាយាមចូលក្នុងក្រុមយុវជនមួយក្រុមដែលប្រារព្ធពិធីរំលឹកខួបនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅប្រាសាទអង្គរវត្ត។ ប៉ុន្តែ ពិធីនោះត្រូវរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដែលរារាំងពួកគេមិនឲ្យឈរតម្រៀបគ្នាជារូបទង់ជាតិខ្មែរកម្ពុជាក្រោម។ កញ្ញាបន្តថា យុវជនជាច្រើនដែលគាំទ្រឲ្យមានពិធីនោះ ខឹងសម្បារនឹងអាជ្ញាធរ ហើយងាកមកផ្គើនរំលឹកខួបនេះជាចំហវិញតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយយល់ឃើញថា បណ្ដាញសង្គមមួយនេះអាចនឹងជួយចែករំលែកការឈឺចាប់ និងជាសារមួយដល់ពលរដ្ឋខ្មែរទាំងអស់ កុំឲ្យភ្លេចនូវប្រវត្តិសាស្ត្ររបស់ខ្លួន។
«សំឡេង»
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ និងជាប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន ចាប់អារម្មណ៍ថា ក្រុមយុវជនជាច្រើន ទាំងយុវជនខ្មែរក្រោម និងមិនមែនខ្មែរក្រោម ភាគច្រើនសុទ្ធតែបានផុសផុលឈឺឆ្អាលថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមខុសពីរាល់ឆ្នាំ។
«សំឡេង»
អាជ្ញាធរសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រារព្ធពិធីរាប់បាត្រព្រះសង្ឃ ១.៩៤៩អង្គ នៅវត្តសាមគ្គីរង្សី នៅថ្ងៃទី៤ ខែមិថុនា ដើម្បីរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម។ ប៉ុន្តែ បានដាក់លក្ខខណ្ឌមិនឲ្យសមាគមនេះរៀបចំវេទិកាសាធារណៈ ទាក់ទងនឹងការបាត់បង់ទឹកដីកម្ពុជាក្រោម ជាដាច់ខាត។
បម្រាមនេះ ខាងសាលារាជធានីភ្នំពេញអះអាងថា ការពារខ្លាចអ្នករៀបចំកម្មវិធី បង្កវេទិកានោះឲ្យក្លាយជាវេទិកាមួយអុចអាល ញុះញង់ធ្វើឲ្យមានការស្អប់ខ្ពើមប្រទេសជិតខាង ដែលទំនងសំដៅទៅប្រទេសវៀតណាម។
អ្នកវិភាគឯករាជ្យ លោកស្រី ជា វណ្ណាត យល់ឃើញថា អាជ្ញាធរកម្ពុជា ទំនងជាខ្លាចពេលឲ្យមានវេទិកាសាធារណៈនិយាយចំហពីប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបាត់បង់ទឹកដីកម្ពុជា និងពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម សព្វថ្ងៃនោះ អាចប៉ះពាល់ដល់លំនឹងនយោបាយរបស់រដ្ឋាភិបាល និងខូចទំនាក់ទំនងស្អិតល្មួតរវាងប្រមុខរដ្ឋាភិបាលជាមួយប្រទេសវៀតណាម។
«សំឡេង»
សហព័ន្ធ និងអង្គការសមាគមខ្មែរក្រោមនៅក្នុង និងក្រៅប្រទេស តែងផុសផុលទាមទារសិទ្ធិសេរីភាពដល់ខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។
អ្នកវិភាគឯករាជ្យ លោកស្រី ជា វណ្ណាត គិតថា ចលនាទាមទារសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម នោះមិនអាចធ្វើឡើងតែខ្មែរក្រោមតែឯងនោះបានទេ។ រដ្ឋាភិបាលកម្ពុជា ត្រូវមានកាតព្វកិច្ចជួយជ្រោមជ្រែងដល់ដំណើរការស្វែងរកសិទ្ធិស្របច្បាប់ដល់ជនជាតិដើមទាំងនោះ។ ផ្ទុយទៅវិញ លោកស្រីស្រាវជ្រាវឃើញថា ជនជាតិខ្មែរក្រោមខ្លះដែលស៊ូទ្រាំងរស់នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម មិនបាន និងបានរត់ភៀសខ្លួនមករស់នៅប្រទេសកម្ពុជា ត្រូវអាជ្ញាធររើសអើង បើទោះបីជារដ្ឋធម្មនុញ្ញបានចាត់ទុកខ្មែរក្រោមជាជនជាតិខ្មែរតែមួយ។
ជារឿយៗ អាជ្ញាធរកម្ពុជា គូសព្រំដែនឲ្យខ្មែរក្រោមនិយាយ ពិសេសហាមមិនឲ្យគាស់កកាយពីការធ្វើទុក្ខបុកម្នេញ រំលោភសិទ្ធិសេរីភាពពីសំណាក់អាជ្ញាធរវៀតណាម។ ការដាក់លិខិតណាមួយទៅស្ថានទូតវៀតណាម ត្រូវបានរារាំងរហូតមានការបង្ក្រាបវាយទៅលើព្រះសង្ឃខ្មែរក្រោមយ៉ាងដំណំ កាលពីជិត ១០ឆ្នាំមុន នៅពេលដែលព្រះសង្ឃព្យាយាមដាក់ញត្តិទាមទារសិទ្ធិសេរីភាពដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម។ ហើយថ្មីៗនេះ សូម្បីតែក្រុមយុវជនដែលពាក់អាវមានរូបទង់ជាតិកម្ពុជាក្រោម តាមទីសាធារណៈ ក៏អាជ្ញាធររារាំង និងតាមឃ្លាំមើលសកម្មភាពរបស់ពួកគេដែរ។
មន្ត្រីអង្គការសមាគមខ្មែរកម្ពុជាក្រោម និងសហព័ន្ធខ្មែរក្រោម នៅប្រកាន់ជំហរទាមទារឲ្យអាជ្ញាធរវៀតណាម ទទួលស្គាល់ និងគោរពសិទ្ធិសេរីភាពខ្មែរក្រោមជាជនជាតិដើម នៅលើដែនដីកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
