ក្រុមយុវជននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាង ២០០នាក់ នៅព្រឹកថ្ងៃទី៩ កក្កដា នាំគ្នាដាំដើមឈើ និងហែទៀនព្រះវស្សាទៅដាក់ក្នុងវត្តមួយនៅជាប់ព្រំដែនថៃ ក្នុងស្រុកអូរជ្រៅ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនលោកបណ្ឌិត កែម ឡី ក្នុងឱកាសពិធីបុណ្យខួបគម្រប់ ១ឆ្នាំ ដែលឃាតកបានបាញ់សម្លាប់លោក។ អង្គការសង្គមស៊ីវិលក្នុងខែត្របន្ទាយមានជ័យ លើកឡើងថា សកម្មភាពរបស់ក្រុមយុវជននេះ គឺជាគំរូល្អនៅក្នុងសង្គមជាតិ ដោយសារពួកគាត់ស្រឡាញ់បណ្ឌិត កែម ឡី។
ក្រុមយុវជននៅក្រុងប៉ោយប៉ែត អះអាងថា ការដាំដើមឈើ និងហែទៀនព្រះវស្សារបស់ពួកគាត់ ប្រព្រឹត្តទៅដោយរលូន និងមានភាពសប្បាយរីករាយ ព្រមទាំងមានការស្វាគមន៍ពីព្រះសង្ឃក្នុងវត្តយ៉ាងកក់ក្ដៅ។
តំណាងក្រុមយុវជនមកពីក្រុងប៉ោយប៉ែត លោក ស៊ី វា ថ្លែងថា ពួកគាត់បាននាំយកកូនឈើប្រភេទធ្នង់ ផ្ចឹក និងឈើគគីរ ជាដើមសរុបជាង ១០០ដើម ដាំក្នុងទីធ្លាវត្តទួលព្រះព្នៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។ លោកបន្ថែមថា ក្រៅអំពីដាំកូនឈើហើយ មានហែទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃក្នុងវត្តមួយនេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ក្នុងខួបគម្រប់ ១ឆ្នាំ ដែលឃាតកបានផ្ដាច់ជីវិតលោកកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
លោកសង្កត់ធ្ងន់ថា មូលហេតុដែលពួកគាត់ធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យជូនលោកបណ្ឌិត កែម ឡី ដោយសារសោកស្ដាយទង្វើល្អរបស់លោកបណ្ឌិត ដែលជាគំរូដល់មនុស្សលោកជាទូទៅ ហើយកាលពីលោកនៅរស់ តែងផ្ដល់គំនិតល្អៗដល់ក្រុងយុវជនឲ្យចេះស្រឡាញ់ប្រទេសជាតិ៖ « ធម្មតាពួកខ្ញុំជាយុវជនគោរពវីរបុរសស្នេហាប្រទេសជាតិ ហ៊ានលះបង់ជីវិតដើម្បីថែរក្សាបូរណភាពទឹកដី ហើយភាពដែលយើង មិនអាច បំភ្លេចបាន គឺហ៊ាននិយាយការពិត ។ គាត់ចង់ប្រទេស ទទួលបានសិទ្ធិសេរីភាព បើទោះជិតដល់ថ្ងៃគាត់បាត់បង់ជីវិត ក៏គាត់ នៅតែ ធ្វើការងារដើម្បីជាតិដែរ ។ ដូច្នេះ ពួកយើង មិនអាច បំភ្លេចគាត់ បានទេ »។

ចំណែកព្រះចៅអធិការវត្តទួលព្រះព្នៅ ព្រះតេជព្រះគុណ សាំង ប៊ុនសឿន មានថេរដីកាត្រេកអរយ៉ាងខ្លាំងដែលក្រុមយុវជនរាប់រយនាក់ សាមគ្គីគ្នាដាំដើមឈើ និងហែទៀនព្រះវស្សាដាក់ក្នុងវត្តរបស់ព្រះអង្គ។ ព្រះតេជព្រះគុណមានថេរដីកាបន្ថែមថា ផលបុណ្យដែលក្រុមយុវជនឧទ្ទិស នឹងទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ជាពិសេសលោកបណ្ឌិត កែម ឡី បានទៅកាន់សុគតិភពជាពុំខាន៖ « បានផលបុណ្យដូចជាជូនដល់ មាតាបិតា ដែលបានឡើងឋានសួគ៌ គាត់ ក៏បាន បុណ្យ បន្ថែមទៀត ហើយបើធ្លាក់ ចុះទៅ កន្លែង មិនល្អ បុណ្យនេះក៏ជួយឲ្យគាត់បាន រួចផុត ទុក្ខ »។
ព្រះតេជព្រះគុណចង់ឲ្យក្រុមយុវជនធ្វើបុណ្យដាំកូនឈើ និងបុណ្យផ្សេងៗទៀតទៅដាក់ក្នុងវត្តក្រីក្រនៅតាមព្រំដែនជាប់ប្រទេសថៃ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីធ្វើឲ្យទីធ្លារបស់វត្តមានម្លប់ត្រជាក់ ងាយស្រួលដល់ពុទ្ធបរិស័ទចតឡាន និងម៉ូតូ ធ្វើបុណ្យធ្វើទាននៅក្នុងវត្ត។
អាជ្ញាធរស្រុកអូរជ្រៅ មិនបានរារាំងដល់ការធ្វើបុណ្យឧទ្ទិសកុសលរបស់ក្រុមយុវជនទាំងនោះឡើយ។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុកអូរជ្រៅ លោក សាន ស៊ានហូ មានប្រសាសន៍ថា មូលហេតុដែលមិនហាមឃាត់ក្រុមយុវជនធ្វើបុណ្យ ដោយមើលឃើញថា ទង្វើរបស់ក្រុមយុវជនមិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅក្នុងសង្គម ពីព្រោះការដាំដើមឈើជាសកម្មភាពបម្រើប្រយោជន៍របស់មនុស្សក្នុងសង្គម៖ « ខ្ញុំ គិតថា ខែនេះ គឺជា រដូវហែទៀនព្រះវស្សាទៅដាក់តាមវត្តអារាម ដូច្នេះខ្ញុំមិនគិតជារឿងអ្វីផ្សេង។ ខ្ញុំ គិតថា នេះជាប្រពៃណីខាងព្រះពុទ្ធសាសនា ជារឿងមួយ ហើយ ការដាំ ដើមឈើ ក៏ស្របតាម ការណែនាំ របស់ ថ្នាក់ដឹកនាំ ដែរ »។
ក្រៅអំពីក្រុមយុវជននៅក្រុងប៉ោយប៉ែត ហើយ ក៏មានក្រុមពលករខ្មែរដែលធ្វើការងារនៅខេត្តឈុនបូរី ប្រទេសថៃ រាប់ពាន់នាក់ នៅព្រឹកថ្ងៃទី៩ កក្កដា ដែលបានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ឲ្យដឹងថា ពួកគេក៏នាំគ្នាធ្វើបុណ្យនៅក្នុងវត្តរបស់ថៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់លោកបណ្ឌិត កែម ឡី ដែរ ហើយក្នុងពិធីបុណ្យនោះ ថែមទាំងមានដាក់តាំងរូបលោកបណ្ឌិត កែម ឡី ទៀតផង។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ការធ្វើបុណ្យទានរបស់ក្រុមយុវជនទាំងនោះនៅព្រំដែន និងអ្នកធ្វើការនៅប្រទេសថៃ គឺជាសារមួយបញ្ជាក់ថា ពួកគាត់ស្រឡាញ់អ្នកចេះដឹងដែលមានគំនិតជួយឲ្យសង្គមជាតិរីកចម្រើន។ លោកសង្កត់ធ្ងន់ទៀតថា សកម្មភាពរបស់ក្រុមយុវជននេះ ក៏ជាសារមួយទៀតដើម្បីទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ ស្វែងរកឃាតកពិតប្រាកដដែលបានសម្លាប់លោកបណ្ឌិត កែម ឡី យកមកផ្ដន្ទាទោសដើម្បីផ្ដល់យុត្តិធម៌ជូនលោកបណ្ឌិត និងក្រុមគ្រួសារ៖ « នេះ ជាសកម្មភាពល្អ មួយដែរ ធ្វើឲ្យយុវជន ភ្ញាក់រលឹក ហើយខំប្រឹងប្រែងធ្វើការដោយយកគំនិតច្នៃប្រឌិតដូចលោកបណ្ឌិត កែម ឡី។ មួយវិញទៀត គឺជា ការ ឧទ្ទិសផលបុណ្យ ជូនដល់លោកបណ្ឌិត ដើម្បីឲ្យលោក ទៅកាន់ សុគតិភព ហើយក៏ ជាស ញ្ញាណមួយ គឺក្នុងបេះដូងប្រជាពលរដ្ឋ នាំយក ទ្រឹស្ដី របស់លោក បណ្ឌិត ទៅអនុវត្ត »។
ថវិកាដែលក្រុមយុវជនធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅវត្តទួលព្រះព្នៅ បានមកពីការរៃអង្គាសគ្នារបស់ក្រុមយុវជននៅក្រុងប៉ោយប៉ែត សរុបអស់ជាង ៦លានរៀល។ ក្រុមយុវជននៅក្រុងប៉ោយប៉ែត អះអាងថា ពួកគេនឹងប្រមូលថវិកាគ្នាធ្វើបុណ្យឧទ្ទិសដល់លោកបណ្ឌិត កែម ឡី ក្នុងកម្មវិធីផ្សេងៗនាពេលខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។