មនុស្សរាប់ម៉ឺននាក់បានជួបជុំគ្នានៅទីរួមខេត្តសៀមរាប ដើម្បីអបអរពិធីបុណ្យអង្គរសង្ក្រាន្ត រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១៤ មេសា គឺចំថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី។
លោក សោម រតនា អ្នកនាំពាក្យពិធីបុណ្យអង្គរសង្ក្រាន្ត បានឲ្យដឹងថា ការរៀបចំបុណ្យអង្គរសង្ក្រាន្តនេះ មានយុវជនជាអ្នករៀបចំ និងសម្ដែងក្នុងពិធីសិល្បៈ លេងល្បែងប្រជាប្រិយ និងបង្ហាញវប្បធម៌ខ្មែរចំនួន ៣.០០០នាក់ ទៅពីទីក្រុងភ្នំពេញ ចូលរួម និងមានយុវជននិងប្រជាពលរដ្ឋពីបណ្ដាខេត្តផ្សេងៗទៀតចូលរួមជាច្រើននាក់ទៀត។
ចំពោះសារប្រយោជន៍នៃការរៀបចំបុណ្យអង្គរសង្ក្រាន្តនេះ លោក សោម រតនា បានឲ្យដឹងថា ជាការជួបជុំបង្កការសប្បាយផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរបុរាណចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ៖ «គោលបំណងរបស់យើងនោះ គឺយើងចង់បង្កការសប្បាយរីករាយជារួមឲ្យប្រជាពលរដ្ឋខ្មែរយើងបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាលក្ខណៈមហាគ្រួសារតែមួយ។ យើងចង់ឲ្យយុវជនជំនាន់ក្រោយបានស្វែងយល់បន្តពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿងមក ហើយយើងបន្តថែរក្សាវាទៅអនាគត ហើយយើងចង់ឲ្យមានការលេងល្បែង របាំប្រជាប្រិយ ដើម្បីទាក់ទាញភ្ញៀវទេសចរ»។
ពិធីបុណ្យអង្គរសង្ក្រាន្តនេះ មានរយៈពេល ៣ថ្ងៃ។ ក្រៅពីការជួបជុំមនុស្សជាច្រើនម៉ឺននាក់ មានការដាក់តាំងបង្ហាញ និងកាត់លក់នំអន្សមជ្រូកយក្ស ដែលមានទម្ងន់ ២តោន នៅមុខប្រាសាទអង្គរវត្ត របស់សមាគមចុងភៅផងដែរ។
មានមនុស្សជាច្រើននាក់បានធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទបុរាណផង និងដើម្បីដើរលេងកម្សាន្តផង។ ប្រភពពីម្ចាស់ផ្ទះសំណាក់ និងម្ចាស់សណ្ឋាគារមួយចំនួនឲ្យដឹងថា បន្ទប់ជួលទាំងអស់ត្រូវភ្ញៀវកក់ដើម្បីស្នាក់នៅក្នុងរយៈពេលចូលឆ្នាំអស់ទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។