សហជីព​អន្តរជាតិ​និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ថ្ងៃ​ស្អែក

0:00 / 0:00

សហជីព​អន្តរជាតិ និង​ក្រុមហ៊ុន​អ្នក​បញ្ជាទិញ​ដែល​មាន​ម៉ាក​យីហោ​ល្បីៗ​មួយ​ចំនួន នឹង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ឧសភា។ ក្រៅ​តែ​ពី​បញ្ហា​ដ៏​ចម្រូងចម្រាស​ពាក់ព័ន្ធ​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​ហើយ​នោះ ក៏​មាន​របៀបវារៈ​នៃ​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង ២២​នាក់ ក៏​ត្រូវ​ដាក់​ចូល​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ។

សមាគម​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​អន្តរជាតិ ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អ្នក​បញ្ជាទិញ គឺ​ជា​ផ្នែក​មួយ​ដែល​សហជីព​ពិភពលោក​ចាត់​ទុក​ថា វា​គឺ​ជា​កិច្ច​ប្រជុំ​ជំនួប​កំពូល​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ស្ថានភាព​របស់​កម្មករ​ផ្នែក​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា។

កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​អំពើ​ហិង្សា​ប្រឆាំង​កម្មករ បាន​​ឡើង​កម្ដៅ​មួយ​កម្រិត​ទៀត​នៅ​ពេល​នេះ ខណៈ​សំណុំ​រឿង​សកម្មជន​សិទ្ធិមនុស្ស លោក វន់ ពៅ និង មនុស្ស ២២​នាក់​ទៀត កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។ ក្រៅ​ពី​នេះ មន្ត្រី​សហជីព​របស់​លោក អាត់ ធន់ ៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ចាប់​ខ្លួន ក្រោម​បទ​ចោទ​ថា បាន​ញុះញង់​កម្មករ និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ នៅ​ខេត្ត​តាកែវ ថែម​ទៀត​ផង។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក មើល​ឃើញ​ថា ហិង្សា​ផ្នែក​វិស័យ​វាយនភណ្ឌ​នៅ​ពេល​នេះ មិន​ថមថយ​ឡើយ។

ភ្ជាប់​នឹង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា អង្គការ​សហជីព​អន្តរជាតិ អ៊ិនដាសទ្រី អល (IndustriAll) បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ឲ្យ​ដឹង​ថា សហជីព​អន្តរជាតិ រួម​មាន ITUC, IndustriAll ព្រម​ទាំង Uni Global Union នឹង​ជួប​ប្រជុំ​ជា​មួយ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ របាយការណ៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ ផ្ដោត​សំខាន់​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​កម្មករ​ក្នុង​ពេល​បច្ចុប្បន្ន។ សហជីព​អន្តរជាតិ កត់​សំគាល់​ថា ក្នុង​រយៈពេល ២​ខែ​កន្លង​មក​នេះ​រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹម​តែ​ពុំ​បាន​ទប់​ស្កាត់​ការ​ប្រើ​ហិង្សា​ដែល​ធានា​ពី​សុវត្ថិភាព​ចំពោះ​កម្មករ​ទេ ក៏​ប៉ុន្តែ​ថែម​ទាំង​បាន​ឈរ​អោប​ដៃ​បណ្ដោយ​ឲ្យ​មាន​ហិង្សា​កាន់​តែ​ធ្ងន់ៗ​ឡើង ចំពោះ​ពួក​គេ​ថែម​​ទៀត​ផង។

អគ្គលេខាធិការ​នៃ​សហជីព​អន្តរជាតិ IndustriAll លោក ស៊ីរីគី រ៉ៃណា (Jyrki Raina) ឲ្យ​ដឹង​តាម​រយៈ​បក​ប្រែ​ក្រៅផ្លូវ​ការ​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា ​បាន​ធានា​រួច​​ហើយ​ចាប់​ពី​តាំង​ពី​ខែ​កុម្ភៈ មក​ថា នឹង​ពុំ​មាន​ទៀត​ទេ ការ​គំរាម​កំហែង និង​អំពើ​ហិង្សា ដែល​ជា​​ផ្នែក​មួយ​នៃ​ស្នូល​នីតិរដ្ឋ។ ក៏​ប៉ុន្តែ​យើង​ត្រូវ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​បន្ថែម​ទៀត ការ​ប្រើហិង្សា​លើ​កម្មករ។

លោក​បន្ត​ថា៖ «សារ​រួម​គ្នា​ពី​សហជីព​អន្តរជាតិ និង​ក្រុម​អ្នក​បញ្ជា​ទិញ ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា គឺ​យើង​ត្រូវ​ប្រាកដ​ណាស់​ថា រដ្ឋាភិបាល​គប្បី​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស ស្ថិរភាព​នយោបាយ និង​សិទ្ធិ​របស់​កម្មករ ជា​ពិសេស ក្នុង​ការ​កសាង​ផ្នែក​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា»

កិច្ច​ប្រជុំ​ដែល​រៀបចំ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​នេះ ក្រៅ​ពី​សហជីព​អន្តរជាតិ​ចូល​រួម​ហើយ​នោះ លើស​ពី​នេះ​ទៀត មាន​ក្រុម​អ្នក​បញ្ជា​ទិញ​ដែល​មាន​ម៉ាក់​យីហោ​ល្បីៗ មួយ​ចំនួន​ចូល​រួម​ដែរ ដូច​ជា H&M, Gap, Levi's, Puma, Inditex, Debenhams និង​សមាគម​អ្នក​បញ្ជា​ទិញ​មួយ​ចំនួន​ទៀត។ ចំណែក​របៀបវារៈ​ដែល​គ្រោង​នឹង​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ផ្ដោត​លើ​ការ​ប្រើ​ហិង្សា​ប្រឆាំង​កម្មករ សំណុំ​រឿង​អ្នក​ទាំង ២៣​នាក់ និង​មូលហេតុ​នៃ​ភាព​យឺត​យ៉ាវ​នៃ​ការ​ដំឡើង​ប្រាក់​ខែ​គោល ដូច​ការ​ចង់​បាន​​របស់​កម្មករ។

បញ្ហា​នេះ ត្រូវ​បាន​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចាត់​ទុក​ថា ជា​បរិយាកាស​មួយ​ដ៏​ល្អ​ដែល​ជំរុញ​ឲ្យ​គ្រប់​គូរ​ភាគី​អាច​ខិត​ជិត​រក​គ្នា ហើយ​បើក​ការ​ចរចា​ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នេះ។ បើ​ទោះ​ជា​បែប​​នេះ​ក៏​ដោយ​ចុះ ក៏​លោក ផៃ ស៊ីផាន យល់​ឃើញ​ថា កិច្ច​សន្ទនា​នៅ​ថ្ងៃ​ច័ន្ទ​នេះ ភាគី​នីមួយៗ នឹង​ពុំ​មាន​ខាង​ណា​ជា​ចំណាប់​ខ្មាំង​ឡើយ ជាពិសេស​រដ្ឋាភិបាល​គឺ​ជា​តួ​អង្គ​ក្នុង​ការ​សម្របសម្រួល​លើ​ផ្នែក​នេះ​ដ៏​សំខាន់ ហើយ​ថែម​ទាំង​ពុំ​មាន​ស្ថាប័ន​ណា​មួយ​អាច​ដាក់​សម្ពាធ​បាន​ទេ បើ​ទោះ​ជា​សហជីព​អន្តរជាតិ​ទាំង​នេះ បាន​លើក​យក​បញ្ហា​ដែល​កើត​ឡើង ហើយ​ដាក់​លើ​តុ​ចរចា​ក៏​ដោយ​ចុះ។

លោក ផៃ ស៊ីផាន៖ «អា​ហ្នឹង​ជា​រឿង​ដាច់​ដោយឡែក​ពី​ការ​ទាមទារ។ ដូច្នេះ មាន​ន័យ​ថា​ភាគី​ទាំង​អស់​ហ្នឹង​មាន​លក្ខណៈ​សមភាគី គ្មាន​អ្នក​ណា​បញ្ជា​អ្នក​ណា​បាន​​ទេ។ បើ​ទោះ​ជា​អ្នក​ហ្នឹង​ប្រើ​ផ្លាក​អន្តរជាតិ​យ៉ាង​ណា​ក៏ដោយ»

ពាក់ព័ន្ធ​បញ្ហា​នេះ ទាំង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា សុទ្ធ​តែ​បាន​អះអាង​ថា ពួក​គេ​ពុំ​បាន​ទទួល​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​ណា​មួយ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ទេ។ ក៏ប៉ុន្តែ​ពួក​គេ​បាន​លើក​បញ្ហា​រួច​អស់​ហើយ ជា​មួយ​សហជីព​អន្តរជាតិ និង​ក្រុម​អ្នក​បញ្ជាទិញ ដើម្បី​ឲ្យ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល ជុំវិញ​ការ​ប្រើ​ហិង្សា​ប្រឆាំង​កម្មករ និង​ការ​រឹត​ត្បិត​សេរីភាព​សហជីព​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ ពួក​គេ​បន្ត​ឃ្លាំមើល​កិច្ច​ប្រជុំ​នេះ ដោយ​យក​ចិត្ត​ទុក​ដាក់។

ពួក​គាត់​បន្ត​ថា៖ «យើង​នឹង​ចូល​រួម​តាម​ឃ្លាំមើល ទោះ​បី​មិន​មាន​ការ​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​រវាង​រដ្ឋាភិបាល និង​អ្នក​បញ្ជា​ទិញ​ក៏ដោយ។ អ្វី​ដែល​សហជីព​អន្តរជាតិ​យក​ទៅ​និយាយ ក៏​ដូច​ជា​អ្នក​បញ្ជា​ទិញ​យក​ទៅ​និយាយ​ហ្នឹង សុទ្ធ​តែ​ជា​សំណើ​របស់​កម្មករ។ សំណើ​របស់​កម្មករ​បាន​ស្នើ​ឡើង​តាម​រយៈ​សហជីព​យើង ដែល​បាន​ស្នើ​ឡើង​ទាំង​អស់។ មិន​មែន​ជា​ការ​ធ្វើ​ឡើង​ដោយ​សហជីព​អន្តរជាតិ ឬ​ក៏ Buyer (អ្នក​បញ្ជា​ទិញ) ទេ»

ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា គិត​មក​ដល់​មក​ពេល​នេះ​ទៅ​ហើយ រដ្ឋាភិបាល​បាន​ខកខាន​ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ រក​ឲ្យ​ឃើញ​ពី​ក្រុម​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម​រហូត​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់ និង​របួស កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤។ ជា​ពិសេស​សំណង​រដ្ឋប្បវេណី ពួក​គេ​ពុំ​ទទួល​បាន ហើយ​ថែម​ទាំង​ត្រូវ​រង​បណ្ដឹង​តាម​​ផ្លូវ​តុលាការ​​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។