កសិករ​ជីក​ស្រះ​ក្នុង​ស្រែ​ដើម្បី​សន្សំ​ទឹក​ធ្វើ​កសិកម្ម

0:00 / 0:00

ការ​ធ្វើ​កសិកម្ម​ដែល​រំពឹង​ទឹក​ភ្លៀង មិន​បាន​អំណោយ​ផល​ដល់​កសិករ​ដែល​មាន​ដី​ស្រែ​នៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​ទេ ខណៈ​អាកាសធាតុ​ប្រែប្រួល អាកាសធាតុ​ក្ដៅ​ហែង និង​មិន​សូវ​មាន​ភ្លៀង​ធ្លាក់​នៅ​ដើម​រដូវ​វស្សា មាន​ភាព​រាំង​ស្ងួត​នា​ពេល​បច្ចុប្បន្ន។

បញ្ហា​នេះ បាន​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​ដំណាំ​ដាំ​ដុះ​របស់​ប្រជា​កសិករ ប៉ុន្តែ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក (CEDAC) បាន​ណែនាំ​កសិករ​ឲ្យ​ជីក​ស្រះ​ក្នុង​ស្រែ ដើម្បី​សន្សំ​ទឹក​ទុក​ធ្វើ​កសិកម្ម និង​ជីក​ប្រព័ន្ធ​ប្រឡាយ​ក្បែរ​ស្រែ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​កសិកម្ម​អាច​ដាំ​ដុះ​បាន និង​មាន​ទឹក​គ្រប់គ្រាន់​អាច​ផ្គត់ផ្គង់​ដំណាំ​កសិកម្ម និង​មិន​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង។

ស្រះ​តូចៗ​បាន​ជីក​នៅ​ក្នុង​ដី​ស្រែ​មួយ​ចំនួន និង​ការ​បែង​ចែក​ដី​ស្រែ​ជា​ថ្នាល​តូចៗ ឃើញ​មាន​ការ​ធ្វើ​បែប​នេះ​ចាប់​ពី​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ទៅ​ខេត្ត​តាកែវ រហូត​ដល់​ស្រុក​ដងទង់ នៃ​ខេត្ត​កំពត។

ការ​ជីក​ស្រះ​នៅ​ក្នុង​ស្រែ និង​បែង​ចែក​ដី​ស្រែ​ជា​ចំណែក​តូចៗ​នេះ ត្រូវ​បាន​តំណាង​សហគមន៍​រតនៈ​ពលរដ្ឋ​សាមគ្គី លោក អ៊ួន សុផល រស់នៅ​ភូមិ​ខ្ជាយ​ខាង​លិច ឃុំ​ដំណាក់សុក្រំ ស្រុក​ដងទង់ ខេត្ត​កំពត ឲ្យ​ដឹង​ថា មក​ពី​បញ្ហា​ខ្វះ​ទឹក​ធ្វើ​ស្រែ។ លោក​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កម្ដៅ​ថ្ងៃ​ក្តៅ​ខុស​ពី​ធម្មតា​ធ្វើ​ឲ្យ​ដី​ស្រែ​កាន់​តែ​ស្ងួត​ទឹក បើ​កសិករ​មិន​ចេះ​បែង​ចែក​ដី​ជា​ផ្នែក​តូចៗ​ទេ ទឹក​ក្នុង​ស្រែ​មិន​អាច​បែង​ចែក​បាន​គ្រប់គ្រាន់​ក្នុង​ដី​ទំហំ​ធំ​នោះ​ឡើយ។ មូលហេតុ​នេះ ទើប​សហគមន៍​រតនៈ​ពលរដ្ឋ​សាមគ្គី នាំ​គ្នា​ជីក​ស្រះ​ក្នុង​ស្រែ និង​ជីក​ប្រព័ន្ធ​ប្រឡាយ​ខ្វាត់ខ្វែង​ជុំវិញ​ស្រែ ដើម្បី​សន្សំ​ទឹក​ទុក៖ «ការ​ជីក​ស្រះ​នេះ ដោយសារ​យើង​ជា​កសិករ សំខាន់​បំផុត​គឺ​ទឹក។ បើ​យើង​មាន​ទឹក យើង​អាច​ដាំ​ដំណាំ​ផ្សេងៗ​អី​បាន​ឈើ​ហូប​ផ្លែ យើង​ក៏​អាច​ដាំ​ឪឡឹក ត្រសក់ សណ្ដែក ជាដើម។ ហើយ​មួយ​ទៀត​យើង​ងាយ​ស្រួល​ក្នុង​ការ​យក​ទឹក​ស្រះ​នេះ​យក​មក​ស្ទូង​ទាន់​រដូវ​ដើម​ឆ្នាំ​ដែរ យក​ទឹក​នោះ​មក​សាប​ព្រោះ​នៅ​រដូវ​ដើម​ឆ្នាំ​ដែរ»

លោក អ៊ួន សុផល បន្ត​ថា ជីក​ស្រះ​ក្នុង​ស្រែ​មាន​ប្រយោជន៍​ច្រើន​យ៉ាង ដូចជា​អាច​សន្សំ​ទឹក​ទុក និង​រំដោះ​ទឹក​ពី​ស្រែ​ពេល​ទឹក​ជន់​ខ្លាំង ពិសេស​បើ​មាន​ទឹក គឺ​អាច​ចិញ្ចឹម​ត្រី កង្កែប​ក្នុង​ស្រះ ជួយ​បង្កើន​មុខ​ម្ហូប​ក្នុង​គ្រួសារ ហើយ​ទឹក​នោះ​ក៏​អាច​បូម​យក​ទៅ​ស្រោច​ដំណាំ​បន្លែ និង​ដើម​ឈើ​ហូប​ផ្លែ​ផ្សេង​ទៀត​បាន​មួយ​ចំនួន​ដែរ នៅ​ពេល​មាន​ស្រះ​ក្នុង​ស្រែ​បែប​នេះ៖ «នៅ​ពេល​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង ពេល​ដែល​យើង​កំពុង​ដាំ​ដំណាំ គឺ​យើង​អាច​បាច​ទឹក​ចេញ​ពី​ស្រែ​ឲ្យ​ចូល​ទៅ​ក្នុង​ស្រះ កុំ​ឲ្យ​វា​ជាំ​ទឹក។ ទី​៣ ទៀត នៅ​ពេល​ដែល​ទឹក​ជំនន់​ខ្លាំង បើ​សិន​ជា​ភ្លៀង​ល្មមៗ​គេ​គ្រប់​គ្នា​ដែល​អត់​មាន​ស្រះ មាន​ប្រព័ន្ធ​អ៊ីចឹង គឺ​វា​អាច​លិច ឬ​អាច​ជាំ​ទឹក​ដំណាំ​អ៊ីចឹង យើង​អាច​បើក​មក​ហូរ​ធ្លាក់​ចូល​អស់ គឺ​វា​ងាយ​ស្រួល​អ៊ីចឹង»

លោក អ៊ួន សុផល អះអាង​ថា គាត់​ចាប់​ផ្ដើម​ជីក​ស្រះ​ក្នុង​ស្រែ​នេះ​ក្រោម​ការ​ជួយ​ណែនាំ​ពី​អង្គការ​សេដាក តាម​រយៈ​ការ​បណ្តុះបណ្តាល​ផង និង​តាម​ការ​បញ្ជូន​ទៅ​ទស្សនកិច្ច​សិក្សា​យក​បទពិសោធន៍​ពី​កសិករ​នៅ​តំបន់​ផ្សេង មក​រៀបចំ​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ស្រែ​នេះ​ឡើង។ លោក​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​តាម​គ្រួសារ នៅ​តែ​អាច​ផ្គត់ផ្គង់​ស្បៀង​បាន​គ្រប់គ្រាន់ ទោះ​បី​អាកាសធាតុ​ប្រែប្រួល​ខ្លាំង​យ៉ាង​ណា​ក្តី។ ទន្ទឹម​នោះ ជា​ការ​ត្រៀម​លក្ខណៈ​ទប់ទល់​ការ​ឡើង​កម្ដៅ​ផែនដី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​ប្រសើរ​ដែរ នៅ​ពេល​មាន​ទឹក​ដក់​នៅ​ក្នុង​ដី៖ «យើង​ធ្លាប់​មាន​មេរៀន​ពី​មុន​មក​នៅ​ឆ្នាំ​២០០៤ ខ្ញុំ​អត់​ទាន់​មាន​ស្រះ មាន​ប្រព័ន្ធ​ប្រឡាយ​មាន​អី​ទាំងអស់​ទេ នៅ​ពេល​នោះ​ខ្ញុំ​ធ្វើ​ស្រែ​បាន​តិចតួច​បំផុត ហើយ​ពេល​ដែល​រាំង​ទៅ គឺ​ស្រូវ​វា​ស្កក​អត់​បាន​ផល​ទៀត។ ប៉ុន្តែ​ដល់​ក្រោយៗ​មក ខ្ញុំ​អត់​សូវ​មាន​បញ្ហា​រឿង​ទឹក​ទេ ព្រោះ​ទឹក​ខ្ញុំ​ជីក​នេះ គឺ​មាន​ជាប់​រហូត​តាំង​ពី​ចុង​ឆ្នាំ​រហូត​ដល់​ដើម​ឆ្នាំ​វិញ យើង​ប្រើ​សន្សំ​សំចៃ»

លោក អ៊ួន សុផល បន្ត​ថា ក្រៅ​ពី​ជីក​ស្រះ និង​ជីក​ប្រព័ន្ធ​ប្រឡាយ​ខ្វាត់ខ្វែង​ក្នុង​ស្រែ កសិករ​បាន​បែង​ចែក​ដី​ស្រែ​ជា​ថ្នាល​តូចៗ ងាយ​ស្រួល​ពង្រាប​ដី​ដាំ​ស្រូវ​តាម​បច្ចេកទេស ប.វ.ស ផង។ លោក​ថា ការ​បំប្លែង​ដី​ស្រែ​ពី​ធំ​មក​តូច​នេះ គឺ​ឲ្យ​ទឹក​ដក់​ក្នុង​ស្រែ​គ្រប់​តាម​គុម្ព​ស្រូវ​សម្រាប់​ការ​ដុះ​លូតលាស់​របស់​ដំណាំ​ស្រូវ ដែល​ដាំ​ក្នុង​ស្រែ​តូចៗ​ឲ្យ​មាន​ទឹក​គ្រប់គ្រាន់​ផង។ លោក​ថា ជីក​ស្រះ​ក្នុង​ស្រែ និង​បែង​ចែក​ដី​ស្រែ​ជា​ថ្នាល​តូចៗ​នេះ បាន​កើត​ឡើង​ពី​ឆ្នាំ​២០១៣-២០១៤ ហើយ​ពង្រីក​ដល់​ការ​អនុវត្ត​ត​គ្នា​មក​ដល់​ឆ្នាំ​២០១៥ កាន់​តែ​មាន​ច្រើន​ឡើង ព្រោះ​ការ​ធ្វើ​ស្រែ​កន្លង​ទៅ​ជួប​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ និង​ទឹក​ជន់​ខុស​ប្រក្រតី។ លោក​ថា វិធី​ទាំង​ពីរ​នេះ វា​ឆ្លើយ​តប​នឹង​ការ​ចូលរួម​បង្ការ​ការ​ប្រែប្រួល​អាកាសធាតុ។

បន្ថែម​លើ​នោះ ប្រធាន​អង្គការ​សេដាក បណ្ឌិត យ៉ង សាំងកុមារ ឲ្យ​ដឹង​ថា ផល​ប្រយោជន៍​នៃ​ការ​ជីក​ស្រះ​នាំ​ឲ្យ​កសិករ​ចំណេញ​ទឹក​ប្រើប្រាស់​ផង សត្វ​ចិញ្ចឹម​មាន​ប្រយោជន៍​កើត​ច្រើន​ផង ពិសេស​ទៅ​ទៀត កសិករ​អាច​ដាំ​បន្លែ​ក្នុង​ស្រះ​ដែល​ជីក​នោះ​បាន​ដែរ។ លោក​ថា ក្រៅ​ពី​ជីក​ស្រះ​ក្នុង​ស្រែ កសិករ​អាច​ជីក​ប្រព័ន្ធ​ប្រឡាយ​ទឹក​តូច​ព័ទ្ធ​ជុំវិញ​ដី​ស្រែ​របស់​ខ្លួន បង្ការ​ការ​ខ្វះ​ទឹក​ជាយថាហេតុ៖ «បើ​សិន​ជា​គាត់​ជីក​ប្រឡាយ​ជា​រឿង​ល្អ​មួយ វា​អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​ទឹក ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៀត បើ​សិន​មាន​ប្រឡាយ​នៅ​ជាប់​ជាមួយ​ស្រះ មាន​ប្រឡាយ​នៅ​ជុំវិញ​ស្រែ​ប្រឡាយ​ខ្វាត់ខ្វែង​នៅ​ក្នុង​ស្រែ ប៉ុន្តែ​ប្រឡាយ​នោះ​វា​នាំ​គ្នា​មក​ប្រសព្វ​ជាមួយ​នឹង​ស្រះ​អ៊ីចឹង ប្រឡាយ​ហ្នឹង​វា​ជួយ​នាំ​ទឹក​មក​ស្រះ ហើយ​វា​ជួយ​បញ្ចេញ​ទឹក​ពី​ស្រះ​វិញ​ដែរ ហើយ​ទន្ទឹម​ហ្នឹង ក៏​មាន​ប្រឡាយ​នៅ​ខ្វាត់ខ្វែង​ក្នុង​ស្រែ ដល់​ពេល​ខែ​ដែល​វា​មាន​ទឹក​ច្រើន​នោះ ដូចជា​ខែ​ភ្ជុំ​ខែ​អី ដល់​ពេល​វា​ភ្លៀង​ច្រើន វា​ធ្វើ​ឲ្យ​ទឹក​ពេញ​ស្រែ នោះ​ក៏​ជា​កន្លែង​ដែល​ត្រី​វា​ហែល​ចុះ​ឡើង​អ៊ីចឹង។ ហើយ​ក៏​មាន​អ្នក​ខ្លះ​គេ​ចិញ្ចឹម​ទា ក៏​គេ​អាច​លែង​ទា។ អ្នក​ខ្លះ​គេ​ចិញ្ចឹម​កង្កែប គេ​ឲ្យ​វា​រស់នៅ​តាម​ប្រឡាយ​ហ្នឹង»

លោក យ៉ង សាំងកុមារ បន្ត​ថា ការ​បណ្តុះបណ្តាល និង​ណែនាំ​ឲ្យ​កសិករ​បំប្លែង​ដី​ស្រែ​ដោយ​ជីក​ស្រះ​សន្សំ​ទឹក​ទុក គឺ​បាន​ណែនាំ​ពី​ឆ្នាំ​១៩៩៧ មក ប៉ុន្តែ​កសិករ​មិន​បាន​ទៅ​អនុវត្ត​ទេ ទើប​តែ​បច្ចុប្បន្ន​អាកាសធាតុ​ក្តៅ​ខ្លាំង បណ្ដាល​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​រាយប៉ាយ​តិច​ច្រើន​ដោយ​ដុំ ទើប​កសិករ​ចាប់​ផ្ដើម​ងាក​មក​ជីក​ស្រះ​ក្នុង​ស្រែ និង​ជីក​ប្រឡាយ​ខ្វាត់ខ្វែង​ក្បែរ​ស្រែ​របស់​ខ្លួន ដោយ​អនុវត្ត​តាម​គ្រួសារ​នៅ​ឡើយ។ លោក​ថា មាន​កន្លែង​ខ្លះ​ការ​ជីក​ស្រះ និង​ប្រឡាយ គេ​បាន​អនុវត្ត​តាម​សហគមន៍ ដើម្បី​គ្រប់គ្រង​ទឹក​បាន​ច្រើន​សម្រាប់​បម្រើ​ក្នុង​វិស័យ​កសិកម្ម តាម​សហគមន៍​របស់​គេ៖ «អ៊ីចឹង​យើង​រៀបចំ​ឲ្យ​វា​ទៅ​ជា​ប្រព័ន្ធ​ចម្រុះ​មួយ ហើយ​ក្រោយ​មក​យើង​ហៅ​វា​ថា​ប្រព័ន្ធ ស៤។ ទី​១ មាន​ស្រះ ទី​២​មាន​សួន ទី​៣ មាន​ស្រែ និង​ទី​៤ មាន​សត្វ យើង​បញ្ចូល​សត្វ​ក្នុង​ប្រព័ន្ធ​ចម្រុះ​ហ្នឹង។ ហើយ​អា​ហ្នឹង គឺ​វា​ឆ្លើយ​តប​នឹង​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ។ ប៉ុន្តែ​បើ​កសិករ​គាត់​ហ៊ាន​បំប្លែង​ដី​ស្រែ​របស់​គាត់​ទៅ​តាម​គោលការណ៍ ស៤ មាន​ស្រះ​មាន​អី​ហ្នឹង។ អ៊ីចឹង​វា​អាច​ជួយ​ឲ្យ​គាត់​ហ្នឹង​បន្ស៊ាំ​ក្នុង​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ ហើយ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​បន្ស៊ាំ​ក្នុង​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ​ទេ ក៏​វា​ជួយ​ក្នុង​បញ្ហា​ហ្នឹង​ដែរ ព្រោះ​វា​អាច​ជួយ​ឲ្យ​បរិយាកាស​ល្អ​ជុំវិញ ជួយ​ឲ្យ​មាន​ភាព​ត្រជាក់​អ៊ីចឹង»

លោក យ៉ង សាំងកុមារ បន្ត​ថា កសិករ​ដែល​បាន​បំប្លែង​ដី​ស្រែ​របស់​ខ្លួន​ដោយ​ជីក​ស្រះ​ក្នុង​ស្រែ និង​ជីក​ប្រឡាយ​ខ្វាត់ខ្វែង​ក្បែរ​ស្រែ​របស់​ខ្លួន ទើប​តែ​មាន​អ្នក​អនុវត្ត​ប្រមាណ​ជា ១​ពាន់​គ្រួសារ​ប៉ុណ្ណោះ។

ចំណែក លោក អ៊ួន សុផល កសិករ​អង្គការ​សេដាក និង​ជា​គ្រូ​ផ្សព្វផ្សាយ​កសិកម្ម​អាស៊ាន អះអាង​ថា ក្រៅ​ពី​ជីក​ស្រះ​ក្នុង​ស្រែ និង​ជីក​ប្រឡាយ​ព័ទ្ធ​ជុំវិញ​ស្រែ គាត់​ក៏​ត្រៀម​លូ​ច្រើន​កង់ ដើម្បី​ត្រង​ទឹក​ភ្លៀង​ដែល​ធ្លាក់​ពី​ដំបូល​ផ្ទះ​គាត់ ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។