សាច់ជ្រូកលក់ដាច់ខ្លាំងក្លានៅក្នុងពិធីប្រារព្ធបុណ្យទានរបស់ជនជាតិចិន។ ចំណែកកូនជ្រូក គេត្រូវការទិញយកទៅខ្វៃលក់ បម្រើពិធីបុណ្យរបស់ជនជាតិចិន សម្រាប់សែនផ្នូរដូនតា និងភ្ជុំចិន។ ក្នុងពេលនោះ កូនជ្រូកលក់បានថ្លៃជាងជ្រូកសាច់ធំៗទៅទៀត។
ដើម្បីបំពេញតម្រូវការកូនជ្រូកលក់ឲ្យទាន់រដូវ តើត្រូវចិញ្ចឹមមេជ្រូកបែបណា ដើម្បីឲ្យវាបង្កើតកូនបានច្រើន?
សូមស្តាប់សេចក្តីរាយការណ៍របស់ អ្នកស្រី អ៊ុក សាវបូរី៖
ឯកសារកសិកម្មប្រាប់ពីបច្ចេកទេសចិញ្ចឹមជ្រូកយកកូន ដោយឲ្យសម្គាល់លក្ខណៈសំខាន់ ៣យ៉ាងក្នុងការចិញ្ចឹមមេជ្រូក គឺត្រូវយកចិត្តទុកដាក់លើការជ្រើសរើសពូជ ចំណី និងបរិស្ថាន។ ពូជ ត្រូវរើសពូជដែលលូតលាស់លឿន ធន់ជំងឺ ផលិតផលកូន និងសាច់ច្រើន មិនជាន់ឈាមគ្នា។ រីឯចំណីសំដៅដល់ចំណីដែលមានគុណភាពខ្ពស់ ថាមពល និងជីវជាតិគ្រប់គ្រាន់។ ចំណែកបរិស្ថាន គឺកន្លែងចិញ្ចឹមត្រូវសង់ទ្រុងទទឹងថ្ងៃ ចាក់សាបបាតទ្រុង ហើយថែទាំសម្អាតទ្រុង និងសត្វជាប្រចាំ។ ក្រៅពីនេះ គេត្រូវចាក់វ៉ាក់សាំងការពារដល់មេជ្រូក ទើបវាចៀសរួចពីជំងឺរាតត្បាត។
បញ្ជាក់បន្ថែមលើឯកសារកសិកម្មនោះ លោក ស្រ៊ុន ពៅ ប្រធានស្តីទីសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា អះអាងថា ការរើសពូជមេជ្រូកជាកត្តាសំខាន់ ជាមេដែលបានបង្កាត់មិនជាន់ឈាមគ្នា ឬហៅថាបង្កាត់ឈាម២ ជាជ្រូកដែលត្រគាកក្រោយវាស្វិត សម្បុកពោះធំ កន្សោមដោះវាធំ មានដោះគត់គូចាប់ពី ១២ ឡើងទៅ ទើបវាបង្កើតកូនបានច្រើន ហើយកូននៅរស់ទាំងអស់៖ «បង្កាត់មក គឺយើងបានកូនច្រើនទី១។ ទី២ទៀត ពូជចិញ្ចឹមឆាប់ធំ។ ពូជល្អនេះ លន់ដ្រេស យ៉កសៀ ប៉ិនគ្រាន់ថាយើងយកឈាម២ ឲ្យចំឈាម២ ដើម្បីយកមកបង្កាត់ពូជ ចិញ្ចឹមកូនយកសាច់»។
ឯកសារកសិកម្មបង្ហាញថា ការជ្រើសរើសពូជមេជ្រូក ត្រូវរើសយកពូជជ្រូកណាដែលកូនច្រើន សម្បូរទឹកដោះ ឆ្អឹងសមរម្យល្មមនឹងទម្ងន់ដងខ្លួន ដោះគត់គូ មានសម្បុកពោះជាជ្រូកមេ ជាពិសេសតំណពូជចេញពីមេបាដែលប្រើ អ៊ីអ៊ិក្ស-អិម (EX-M) បង្កាត់បានមួយជំនាន់យ៉ាងតិច និងជាជ្រូកដែលបង្កាត់មិនជាន់ឈាមគ្នា។
លោក ស្រ៊ុន ពៅ ឲ្យដឹងថា រើសពូជមេជ្រូកហើយ ត្រូវសង់ទ្រុងសម្រាប់ចិញ្ចឹមវានៅកន្លែងស្រឡះ និងគ្មានភក់ជ្រាំនៅក្បែរ។ លោកណែនាំថា ទ្រុងត្រូវសង់នៅកន្លែងសម្បូរទឹក ហើយសង់ទ្រុងទទឹងថ្ងៃ កម្ពស់ទ្រុងលើក ១,៥ម៉ែត្រពីដី ប្រក់ដំបូលណាដែលធ្វើឲ្យជ្រូកត្រជាក់នៅពេលថ្ងៃក្តៅ។ បាតទ្រុង ត្រូវចាក់សាបឲ្យរាងជម្រាលទៅម្ខាង ងាយឲ្យទឹកនោម ឬទឹកចាក់លើជ្រូកវាហូរទៅម្ខាង កុំឲ្យទឹកដក់នៅកន្លែងវាដេក៖ «បើយើងធ្វើទ្រុងវែង បើធ្វើបណ្តោយថ្ងៃពន្លឺវាជះអត់ល្អទេ យើងត្រូវការកម្ដៅដែរ អ៊ីចឹងយើងសង់ល្អបំផុតត្រូវធ្វើទទឹងថ្ងៃ ព្រោះទ្រុងទទឹងថ្ងៃនេះ គឺពន្លឺវាជះចូលមកដល់ពីទ្រុងម្ខាងទៅទ្រុងម្ខាង។ ព្រឹកឡើងចាំងទៅ ល្ងាចឡើងថ្ងៃរៀបលិចក៏វាចាំងមកដែរ អ៊ីចឹងវាមានពន្លឺថ្ងៃ កាលណាមានពន្លឺថ្ងៃនេះ ក៏វាជួយអនាម័យយើងដែរ សម្លាប់មេរោគសម្លាប់អី។ បើយើងសង់ទ្រុងកើតលិចបានសេចក្តីថា ថ្ងៃរះពីម្ខាង លិចទៅម្ខាងអត់មានជះទៅដល់កណ្ដាលទ្រុងទេ អ៊ីចឹងយើងត្រូវធ្វើជើងត្បូង គឺទ្រុងយើងធ្វើទទឹងថ្ងៃអ៊ីចឹង»។
លោក ស្រ៊ុន ពៅ បន្តថា ក្រោយពីសង់ទ្រុងរួច ត្រូវយកមេជ្រូកទៅបង្កាត់ជាមួយបាដែលមានឈាមខុសពីមេ ទើបវាផ្តល់កូនច្រើន។ ក្រោយពីបង្កាត់ពូជរួច ត្រូវឲ្យវាស៊ីចំណីក្នុងមេជ្រូកមួយក្បាលតែ ២គីឡូក្រាមក្នុងមួយថ្ងៃ ការពារកុំឲ្យវាធាត់៖ «មូលហេតុអីបានអត់ឲ្យវាស៊ីឆ្អែតពេក ព្រោះវាធំធាត់ ទី១ ពិបាកកើតកូន ទី២ ធ្វើឲ្យកូនតិច ហើយចាក់វ៉ាក់សាំងតាមការណែនាំក្នុងសៀវភៅ បើកាលណាធ្វើវ៉ាក់សាំងអត់ត្រូវ កូនកើតមកក៏អត់ប្រយោជន៍ដែរ នេះសំខាន់»។
លោក ស្រ៊ុន ពៅ បន្តថា ការឲ្យចំណីមេជ្រូកផើមនេះតិច តែពេលវាកំពុងកកំណើតកូនទេ។ នៅពេលមេជិតកើតកូន គឺនៅសល់ ៣សប្ដាហ៍ទៀត វានឹងផ្តល់កំណើតកូន គឺចំណីត្រូវបង្កើនឲ្យវាស៊ីឲ្យឆ្អែត។ ក៏ប៉ុន្តែនៅពេលជិតដល់ថ្ងៃវាកើតកូនមែនទែន ចំណីវាត្រូវបន្ថយវិញ ដើម្បីកុំឲ្យវាធាត់ ហើយឲ្យវាងាយស្រួលក្នុងការកើតកូន។ នៅពេលវាកើតកូនរួចហើយ វានឹងស៊ីចំណីច្រើន នោះទឹកដោះវានឹងសម្បូរឲ្យកូនវាបៅបានច្រើន។ លោកឲ្យដឹងថា មេជ្រូកវានឹងផ្តល់កំណើតកូន ក្រោយពីបង្កាត់ពូជបាន ១១៥ថ្ងៃ៖ «មេជ្រូកដែលជិតកើត គេឲ្យវាស៊ីឧទាហរណ៍នៅខ្វះ ២០ថ្ងៃទៀតវាកើត គេឲ្យវាស៊ីច្រើន។ ដល់ខ្វះ ៥ថ្ងៃទៀតកើត គេឲ្យស៊ីតិចទៅៗ យើងថាវាគ្មានកម្លាំងបង្កើតកូន គឺមិនមែនទេ មូលហេតុអី? កាលណាវាកើតកូនមកវាឃ្លានបាយ វាឃ្លានបាយមេហ្នឹងវាប្រឹងស៊ី វាសម្បូរទឹកដោះឲ្យកូនហើយ។ បើសិនណាជាយើងឲ្យវាស៊ីឆ្អែតរហូត ពេលវាកើតកូនមកវាដេកអត់ប្រឹងស៊ីបាយទេ បើឲ្យស៊ីឆ្អែតៗកូនតិច មេជ្រូកធាត់ បើមេជ្រូកធាត់កូនតិច ហើយពិបាកកើតទៀត ការកើតកូនម្តងៗវេទនាណាស់ ជួនកាលងាប់មេទៀត នេះកត្តាសំខាន់បំផុត គឺបង្អត់មេតែម្តង»។
ឯកសារកសិកម្មណែនាំពីការថែទាំមេជ្រូកផើម ដើម្បីឲ្យជ្រូកមានសុខភាពល្អ ត្រូវធ្វើជារៀងរាល់ថ្ងៃ ដោយផ្តល់នូវ អ៊ីអ៊ិក្ស-អិម លាយទឹកឲ្យផឹកផង និងលាយជាមួយចំណីឲ្យស៊ីផង។
កម្រិតប្រើ៖
- យកមេ អ៊ីអ៊ិក្ស-អិម ១លីត្រលាយទឹក ១ម៉ឺនលីត្រ សម្រាប់ជ្រូកតូច និងធំ ផឹកជារៀងរាល់ថ្ងៃ អាចយកទឹកស្អាត ១០លីត្រលាយមេ អ៊ីអ៊ិក្ស-អិម ១សេសេ។ ទឹកដែលលាយឲ្យផឹកនេះ មិនត្រូវទុកលើស ២៤ម៉ោងទេ។ បើទឹកនោះវាផឹកនៅសល់ ត្រូវយកទឹកនោះទៅចាក់លាងសម្អាតទ្រុងក៏បាន ហើយបន្តលាយសាជាថ្មីឲ្យជ្រូកផឹក រហូតដល់ជ្រូកធំអាចចាប់លក់បាន។
- យកមេ អ៊ីអ៊ិក្ស-អិម ១លីត្រលាយជាមួយចំណីផ្សេងៗចំនួន ១០០ ទៅ ២០០គីឡូក្រាម ឲ្យជ្រូកស៊ីជារៀងរាល់ពេល ឬយកមេ អ៊ីអ៊ិក្ស-អិម ៣សេសេ លាយទឹក ៣លីត្រ និងលាយចំណីស្ងួត ១០គីឡូក្រាម ដាក់ឲ្យជ្រូកស៊ីសម្រាប់មួយពេល។
- បាញ់លាងសម្អាតជ្រូក និងទ្រុងរៀងរាល់ថ្ងៃ និងប្រយ័ត្នកុំឲ្យមេផើមលោតលេង ឬលោតដេញគ្នា។
- មុនមេជ្រូកកើតកូន ១សប្ដាហ៍ ត្រូវដឹកជ្រូកផើមទៅកន្លែងសម្រាប់កើត។ នៅពេលមេជ្រូកកើតកូនរួច ការថែរក្សាមេជ្រូកគួរធ្វើនៅពេលមុនកើត ត្រូវរៀបចំកន្លែងឲ្យត្រឹមត្រូវសម្រាប់ឲ្យវាបង្កើតកូន មិនគួរចាក់ទឹកលើមេជ្រូកដែលវាកំពុងដង្ហក់ ក្នុងពេលវាកំពុងឈឺពោះកើតកូននោះទេ ត្រូវលាងដៃ និងសម្ភារៈប្រើប្រាស់ជាមួយមេ អ៊ីអ៊ិក្ស-អិម ជាមុនសិន មុននឹងបង្កើតជ្រូក។
- ពេលកូនកើត ត្រូវចាប់ជើងក្រោយទាំងពីរយួរសំយុងក្បាលចុះក្រោម ដោយរលាក់ថ្នមៗ និងយកក្រណាត់ស្ងួតជូតខ្លួនកូនជ្រូក និងទឹកព្រៃនៅក្នុងមាត់។
- ករណីកូនជ្រូកកើតមកខ្សោយ ឬកើតមកសន្លប់ ត្រូវផ្លុំខ្យល់ចូលត្រចៀកឲ្យកូនជ្រូក។ បើកូនជ្រូកកើតមកឈ្លក់ទឹកព្រៃ ត្រូវយកមាត់បឺតទឹកចេញពីច្រមុះវា។
- កូនទើបកើតមកនោះ ទុកវានៅក្នុងទ្រុងផ្សេងដែលរៀបចំទុករួចស្រេច។
- ពេលកើតមកភ្លាម ត្រូវកាត់ផ្សិត ហើយកាត់កន្ទុយ។ ការកាត់កន្ទុយ ត្រូវលាបមេ អ៊ីអ៊ិក្ស-អិម រួចហើយ ទើបកាច់ធ្មេញចង្កូមលើក្រោមរបស់វាចេញ។
- ម្យ៉ាងទៀត មិនបាច់ចង ឬកាត់ផ្ចិតក៏បាន ត្រូវយកផ្ចិតកូនជ្រូកជ្រលក់មេ អ៊ីអ៊ិក្ស-អិម ឲ្យបាន ៣-៥វិនាទី រួចទុកវាមួយកន្លែង។
- ក្រោយពីបង្កើតកូនអស់ហើយ ត្រូវយកមេ អ៊ីអ៊ិក្ស-អិម ជ្រលក់សំឡីជូតក្បាលដោះមេជ្រូក ទើបចាប់កូនជ្រូកដាក់ឲ្យបៅ។ ការឲ្យកូនជ្រូកបៅមេ គឺមិនឲ្យលើសពី ៤ ទៅ ៨ម៉ោង ក្រោយកូនកើត។
- កន្លែងកូនជ្រូកដេកត្រូវស្ងួត និងកក់ក្តៅ ក្រោយមកនៅថ្ងៃទី៣ ត្រូវចាក់ថ្នាំហ្វែរីដិច ឲ្យកូនជ្រូក ២សេសេ គឺចាក់សាច់ដុំតែម្តងគត់។
- ត្រូវបង្ហាត់កូនជ្រូកឲ្យស៊ីចំណីនៅពេលវាមានអាយុបាន ៧ថ្ងៃ។
- គប្បីគ្រៀវកូនជ្រូកឈ្មោលនៅពេលជ្រូកមានអាយុ ២សប្ដាហ៍ បន្ទាប់ពីគ្រៀវហើយ ត្រូវលាបមេ អ៊ីអ៊ិក្ស-អិម ឲ្យបានញឹកញាប់។
- នៅពេលកូនជ្រូកមានអាយុ ២៥ ទៅ ២៨ថ្ងៃ ត្រូវផ្តាច់ដោះ ហើយបញ្ច្រកមេ អ៊ីអ៊ិក្ស-អិម ២សេសេឲ្យកូនជ្រូកក្នុង ១ក្បាល។
ក្នុងអំឡុងពេលមេជ្រូកទើបកើតកូនរួចភ្លាម វាបាក់កម្លាំង វាខ្សោយមិនសូវសម្បូរទឹកដោះ ត្រូវចាក់ថ្នាំអុកស៊ីតុកស៊ីន តាមសរសៃវ៉ែននៅស្លឹកត្រចៀកកន្លះសេសេ ចាក់ព្រឹកល្ងាច និងចាក់ថ្នាំខារ៉ាស៊ីល (Carasil) ដើម្បីបង្កើនកម្លាំង និងជំនួយឲ្យវាសម្បូរទឹកដោះ និងធ្វើឲ្យមេជ្រូកវាឃ្លានចំណី។
លោក ស្រ៊ុន ពៅ ប្រធានស្តីទីសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា ឲ្យដឹងថា ចំណីផ្តល់ឲ្យមេជ្រូកស៊ីពេលកូនបៅដោះ គឺចំណីផ្សេងពីចំណីពេលវាកំពុងផើម។ លោកបញ្ជាក់ពីមូលហេតុ ដែលកូនជ្រូកកើតមកភ្លាម គេត្រូវកាត់កន្ទុយ និងធ្មេញ៖ «កូនជ្រូកកើតមកភ្លាម គឺត្រូវកាច់ធ្មេញ និងកាត់កន្ទុយ»។
លោកអ្នកនាងជាទីមេត្រី ប្រសិនបើលោកអ្នកនាងចង់ដឹងបន្ថែមពីបច្ចេកទេសចិញ្ចឹមជ្រូកមេ សូមទាក់ទង លោក ស្រ៊ុន ពៅ តាមរយៈទូរស័ព្ទលេខ ០១២ ៥៨៧ ៧៦៧ និងលេខ ០១៦ ៨៦៣ ២៣៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។