វិធី​ចិញ្ចឹម​ជន្លេន​ក្រហម​ដែល​ឆាប់​បាន​ប្រមូល​ផល

ដោយ អ៊ុក សាវបូរី
2014.09.21

ជន្លេន​ក្រហម ជា​សត្វ​ដែល​ងាយ​ចិញ្ចឹម និង​ឆាប់​ប្រមូល​ផល។ ជន្លេន​ក្រហម បាន​នាំ​ចូល​ពី​បរទេស​តាម​រយៈ​ក្រសួង​កសិកម្ម ប្រមាណ ១០​ឆ្នាំ​មក​ហើយ។ ជន្លេន​ក្រហម ជា​ចំណី​សត្វ​មាន់ ទា ត្រី ជាដើម ព្រោះ​ជន្លេន​ក្រហម មាន​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​បំប៉ន​សត្វ​ទាំង​នោះ។

តើ​ការ​ចិញ្ចឹម​ជន្លេន​ក្រហម​បែប​ណា?

ក្នុង​ពេល​ដែល​ការ​ធ្វើ​ស្រែ​វស្សា​ឆ្នាំ​២០១៤ មិន​សូវ​បាន​ជោគជ័យ ដោយសារ​ទឹក​ភ្លៀង​ធ្លាក់​តិច​ពេក បណ្ដាល​ឲ្យ​ដំណាំ​ស្រូវ​វស្សា​របស់​កសិករ​មួយ​ចំនួន មិន​សូវ​រំពឹង​បាន​ផល ត្រូវ​បាន លោក អ៊ួន សុផល អ្នក​ចិញ្ចឹម​សត្វ​មាន់​ទា នៅ​ភូមិ​ខ្ជាយ​ខាង​លិច ឃុំ​ដំណាក់សុក្រំ ស្រុក​ដងទង់ ខេត្ត​កំពត ប្រាប់​ថា កសិករ​ត្រូវ​តែ​រក​ចំណូល​បន្ថែម​ពី​ការ​លក់​ជន្លេន​ក្រហម ដើម្បី​បង្គ្រប់​លើ​ផល​ស្រូវ​ដែល​មិន​សូវ​រំពឹង​បាន​ផល​ច្រើន។

លោក អ៊ួន សុផល បន្ត​ថា ជន្លេន​ក្រហម ជា​សត្វ​ងាយ​ចិញ្ចឹម និង​ងាយ​ថែទាំ។ រយៈពេល ៣០​ថ្ងៃ​ក្រោយ​ការ​ដាក់​ចិញ្ចឹម អាច​លក់​បាន​ក្នុង​តម្លៃ​ចាប់​ពី ៥​ពាន់ ទៅ ១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម៖ «ចិញ្ចឹម​ជន្លេន​វា​ងាយ​ស្រួល​បំផុត មិន​មាន​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន ហើយ​មិន​មាន​ចំណាយ​ដី​ធំ ហើយ​ការ​ថែ​រក្សា​ជន្លេន​ហ្នឹង ក៏​វា​មិន​លំបាក​ក្នុង​ការ​ថែរក្សា។ ដូច្នេះ យើង​គ្រាន់​តែ​រៀបចំ​ទីកន្លែង ហើយ​យើង​ដាក់​វា​ចោល គ្រាន់​តែ​មើល​ស្រោច​ទឹក​២-៣​ថ្ងៃ​ស្រោច​ម្តងៗ គឺ​ជា​ការ​ល្អ ហើយ​ខ្ញុំ​គិត​ថា យើង​ជា​កសិករ គួរ​តែ​យើង​ចិញ្ចឹម​ជន្លេន​នេះ​គ្រប់ៗ​គ្នា។ ហើយ​ជន្លេន​បើ​សិន​ជា​លក់​វិញ គឺ​បាន​ថ្លៃ វា​បាន​រហូត​ទៅ​ដល់ ៥.០០០​រៀល​ក្នុង​១​គីឡូ ហើយ​កន្លែង​ខ្លះ អាច​បាន​ដល់ ១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម រួច​យើង​អាច​លក់​ទាំង​ជី ទាំង​អាចម៍​គោ ដែល​យើង​ចិញ្ចឹម​វា​ហ្នឹង​ដែរ»

លោក​ឲ្យ​ដឹង​ថា ជន្លេន គឺ​ជា​សត្វ​ដែល​ត្បុល និង​ចូល​ចិត្ត​នៅ​កន្លែង​ត្រជាក់ និង​ម្លប់។ ដូច្នេះ កន្លែង​ចិញ្ចឹម​ជន្លេន​ក្រហម ត្រូវ​តែ​នៅ​ក្នុង​ម្លប់ និង​មិន​ដក់​ទឹក៖ «អ៊ីចឹង​យើង​ត្រូវ​រក​ទីកន្លែង​សម្រាប់​ចិញ្ចឹម​ជន្លេន​ហ្នឹង គឺ​កន្លែង​ណា​ដែល​ទឹក​មិន​លិច គឺ​មាន​ដី​នៅ​ទី​ទួល​ខ្ពស់ ហើយ​មាន​ម្លប់​ជុំវិញ។ អ៊ីចឹង គឺ​កន្លែង​នោះ​ដែល​ជា​ទីតាំង​សមស្រប ដើម្បី​ចិញ្ចឹម​ជន្លេន។ ការ​ចិញ្ចឹម​ជន្លេន គឺ​យើង​គ្រាន់​តែ​ជីក​ដី​ជម្រៅ ២​តឹក ទៅ​តាម​ទំហំ​ដែល​យើង​ចង់​ចិញ្ចឹម រួច​ហើយ គឺ​យើង​យក​ក្រដាស​ប្លាស្ទិក​យក​ទៅ​ក្រាល​ពី​ក្រោម ឬ​មួយ​ក៏​យើង​អាច​យក​ស៊ីម៉ងត៍​ទៅ​ចាក់​នៅ​បាត តាម​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ប៉ុន្តែ កន្លុក​នោះ គឺ​យើង​អាច​ទុក​ភ្លឺ​វា​ប្រហែល​ជា ២​តឹក​ឡើង​លើ ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​ចូល ហើយ​ការពារ​កុំ​ឲ្យ​ជន្លេន​វា​អាច​ឡើង​ទៅ​កន្លែង​ផ្សេង​ទៀត​ដែរ»

នៅ​ពេល​រើស​កន្លែង​សម្រាប់​ចិញ្ចឹម​រួច​ហើយ ត្រូវ​យក​លាមក​គោ​ស្រស់​ទៅ​ចាក់​ពី​លើ​ក្រណាត់​កៅស៊ូ ឬ​ពី​លើ​បាត​ស៊ីម៉ងត៍​រៀប​ចំ​ទុក​រួច​នោះ ហើយ​ត្រូវ​ទៅ​ទិញ​ពូជ​ជន្លេន​ក្រហម​ពី​អ្នក​ដែល​មាន​លក់។ ទិញ​បាន​ជន្លេន​ក្រហម​ហើយ យក​វា​ទៅ​ដាក់​ក្នុង​កន្លែង​ចិញ្ចឹម​ឲ្យ​បាន ៥​ជ្រុង គឺ​ដាក់​នៅ​ជ្រុង​កៀនៗ​ទាំង​៤ និង​ដាក់​នៅ​ចំ​កណ្ដាល។ ការ​ដាក់​បែប​ជន្លេន​ចិញ្ចឹម​ទ្រង់ទ្រាយ​បែប​នេះ ដើម្បី​ឲ្យ​វា​រហ័ស​បង្កាត់​ពូជ៖ «រួច​ហើយ យើង​យក​លាមក​គោ​ស្រស់​យក​ទៅ​ដាក់​ឲ្យ​ពេញ​កន្លុក​ដែល​មាន​ជម្រៅ ២​តឹក ដែល​យើង​បាន​ជីក។ រួច​ហើយ គឺ​យើង​យក​ពូជ​ជន្លេន​យក​ទៅ​ដាក់​នៅ​ក្នុង​លាមក​គោ ដែល​យើង​បាន​ដាក់​នៅ​ក្នុង​កន្លុក​រួច​ជា​ស្រេច​ហ្នឹង គឺ​១​គីឡូ​ក្នុង​១​ម៉ែត្រ​ការ៉េ គឺ​ដាក់​ជន្លេន​១​គីឡូ។ ម្យ៉ាង​ទៀត បើ​សិន​ជា​កន្លែង​ដែល​វា​រស់នៅ​ហ្នឹង​ស្ងួត​ពេក ការ​កកើត​កូន​ចៅ​ហ្នឹង​កម្រិត​ទាប​ដែរ។ អ៊ីចឹង គឺ​យើង​ត្រូវ​ឲ្យ​កម្រិត​មាន​សំណើម​ហ្នឹង​គឺ​ល្មម ដូចជា​យើង​ចាប់​លាមក​គោ​ហ្នឹង​ទៅ​ពូត​បាន ហើយ​មិន​ប្រឡាក់​ដៃ នេះ​គឺ​សំណើម​ល្មម»

លោក អ៊ួន សុផល បន្ត​ថា ជន្លេន​ក្រហម​ជា​សត្វ​ឆាប់​បង្កាត់​ពូជ ហើយ​មាន​ប្រូតេអ៊ីន​ខ្ពស់​ក្នុង​ពេល​យក​វា​ទៅ​ឲ្យ​ត្រី មាន់ ទា ស៊ី​ជា​ចំណី។ លោក​អះអាង​ថា ជន្លេន​ក្រហម គឺ​ក្រសួង​កសិកម្ម នាំ​ពូជ​មក​ពី​បរទេស ចែក​ជូន​កសិករ​ចិញ្ចឹម​នៅ​ខេត្ត​តាកែវ និង​ខេត្ត​ផ្សេងៗ​ទៀត។ ចំណែក​គាត់​វិញ ទិញ​ពូជ​ជន្លេន​ក្រហម​ពី​កសិករ​សេដាក យក​មក​ចិញ្ចឹម និង​ពង្រីក​ការ​លក់​ចែក​គ្នា​ចិញ្ចឹម​បន្ត​នៅ​ខេត្ត​កំពត។ គាត់​សម្គាល់​ឃើញ​ថា ក្រោយ​ការ​ដាក់​ជន្លេន​ក្រហម​ចិញ្ចឹម​បាន ៣០​ថ្ងៃ វា​កើត​កូន​ចៅ​ពេញ​ក្នុង​កន្លែង​ចិញ្ចឹម​នោះ៖ «ពូជ​នេះ គឺ​ជា​ពូជ​នាំ​ចូល ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​ដឹង​ច្បាស់​ថា ពូជ​ហ្នឹង​នាំ​ចូល​មក​ពី​ប្រទេស​ណា​ទេ ប៉ុន្តែ​ជា​ដំបូង គឺ​យើង​បាន​មក​ពី​បន្ត​ពូជ​មក​ពី​អង្គការ​សេដាក ដែល​យក​ពូជ​ហ្នឹង​មក​ពី​មន្ទីរ​កសិកម្ម។ អ៊ីចឹង គឺ​យើង​ចិញ្ចឹម​តៗ​គ្នា គឺ​មាន​២ គឺ​ទី​មួយ មន្ទីរ​កសិករ ឲ្យ​ពូជ​ហ្នឹង ហើយ​ទី​ពីរ គឺ​អង្គការ​សេដាក បាន​ផ្សព្វផ្សាយ​ឲ្យ​ធ្វើ​អ៊ីចឹង​មក ហើយ​យើង​បាន​យក​ពូជ​ហ្នឹង​មក ឃើញ​ជន្លេន​ហ្នឹង​វា​មាន​រូបរាង​ក្រហម​ប៉ិនៗ​កន្លះ​ដូង គឺ​យើង​មើល​ទៅ​វា​អត់​មាន​ជាតិ​ដី​នៅ​ក្នុង​ខ្លួន​ទេ មើល​ទៅ​ឃើញ​សុទ្ធ​តែ​សាច់​តែ​ម្តង​ជន្លេន​ហ្នឹង វា​តូច​មែន​ពិត ប៉ុន្តែ​វា​មាន​ប្រូតេអ៊ីន​ខ្ពស់ ដោយសារ​វា​មាន​សាច់ សាច់​ក្រាស់»

ចំពោះ​ការ​ថែទាំ​វិញ គ្រាន់​តែ​ដាក់​បន្ថែម​លាមក​គោ​ស្រស់ ស្រោច​ទឹក​កុំ​ឲ្យ​វា​ស្ងួត និង​ការពារ​សត្វ​កង្កែប គីង្គក់ ជីងចក់ ថ្លែន បង្កួយ កណ្ដុរ មាន់ ទា ជាដើម ដោយ​យក​ស័ង្កសី​គ្រប និង​ហ៊ុមព័ទ្ធ​ស្បៃ​ការពារ​សត្វ​ទាំង​នោះ កុំ​ឲ្យ​ចូល​ទៅ​ក្នុង​កន្លែង​ចិញ្ចឹម៖ «យើង​ថែទាំ យើង​ការពារ​សត្វ​គីង្គក់ សត្វ​កណ្ដុរ។ អ៊ីចឹង​សត្វ​នោះ​វា​អាច​ទៅ​ចូល​ស៊ី​នៅ​ពេល​យប់ ព្រោះ​នៅ​ពេល​យប់ គឺ​ជន្លេន​វា​ត្រូវ​ចេញ​ពី​ដី វា​ងើប​មក​ខាង​លើ​ទាំងអស់។ នៅ​ពេល​វា​ងើប​ក្បាល​ហ្នឹង ធ្វើ​ឲ្យ​សត្វ​គីង្គក់ និង​កណ្ដុរ​ហ្នឹង វា​ងាយ​ស៊ី ហើយ​ឧស្សាហ៍​បំផ្លាញ​វា​ដែរ អ៊ីចឹង​យើង​ការពារ​សត្វ​កណ្ដុរ និង​គីង្គក់។ ដើម្បី​ការពារ​សត្វ​គីង្គក់​បាន គឺ​យើង​ត្រូវ​ធ្វើ​រនាំង​ជា​ក្រដាស​ប្លាស្ទិក​កម្ពស់ ២​តឹក ឬ​មួយ​ក៏ ៣​តឹក​យ៉ាង​ខ្ពស់ ជួយ​ការពារ។ ហើយ​ចំពោះ​សត្វ​កណ្ដុរ​វិញ គឺ​យើង​អាច​យក​ស្បៃ​មុង​យក​ទៅ​ដាក់​យក​ទៅ​ព័ទ្ធ ប៉ុន្តែ​វា​អាច​ការពារ​បាន​ខ្លះ ហើយ​បើ​សិន​ជា​កណ្ដុរ​ហ្នឹង វា​អាច​ដឹង​រឿង​ខ្លះ​វា​អាច​កាត់​ស្បៃ​ហ្នឹង​ដែរ បើ​សិន​ជា​វា​អាច​កាត់​ស្បៃ យើង​អាច​យក​លួស​ដែក​សំណាញ់​ដែក​ហ្នឹង យក​ទៅ​ព័ទ្ធ​ជុំវិញ ដើម្បី​ការពារ​កណ្ដុរ ឬ​យើង​អាច​ដាក់​ជា​ស័ង្កសី​គ្រប​ឲ្យ​ជិត ហើយ​យើង​រក​អី​សង្កត់​ឲ្យ​ជិត​ទៅ ក៏​កណ្ដុរ​មិន​អាច​ចូល​បាន​ដែរ»

លោក អ៊ួន សុផល បន្ត​ថា ក្រោយ​ការ​ចិញ្ចឹម​ជន្លេន​ក្រហម​រយៈពេល ៣០​ថ្ងៃ គាត់​ប្រមូល​ផល​វា​លក់​ក្នុង​១​ម៉ែត្រ​ការ៉េ បាន​ទម្ងន់​លើស ១០០​គីឡូក្រាម ដោយ​គ្រាន់​តែ​ដាក់​ជំនួស​វិញ នូវ​លាមក​គោ​ស្រស់​ត្រង់​កន្លែង​ដែល​បាន​ជីក ឬ​កាត់​វា​លក់​ប៉ុណ្ណោះ៖ «ចាប់​ពី​ថ្ងៃ​ដាក់​ពូជ​ដំបូង​រហូត​ទៅ​ដល់ ៣០​ថ្ងៃ គឺ​យើង​អាច​ប្រមូល​ផល​បាន​ហើយ។ ក្នុង​១​ម៉ែត្រ​ការ៉េ នៅ​ពេល​យើង​ប្រមូល​ផល គឺ​យើង​អាច​បាន ១០០ ទៅ ១២០​គីឡូ ព្រោះ​មួយ​ម៉ែត្រ​ការ៉េ​មាន​ជម្រៅ ២​តឹក ទៅ ៣​តឹក ដែល​យើង​ដាក់​លាមក​គោ។ នៅ​ពេល​ដែល​យើង​លក់ គឺ​យើង​មិន​លក់​តែ​ជន្លេន​សុទ្ធ​ទេ គឺ​យើង​លក់​ទាំង​លាមក​គោ លក់​ទាំង​ជន្លេន។ អ៊ីចឹង​ក្នុង​១​គីឡូ គឺ​មាន​ជន្លេន​ប្រហាក់​ប្រហែល​ជា ១០០​ក្បាល​ហ្នឹង គឺ​១​គីឡូ​ហើយ។ ដោយសារ​យើង​ថ្លឹង​ទាំង​លាមក​គោ អ៊ីចឹង​គឺ​ក្នុង​១​ម៉ែត្រ​ការ៉េ គឺ​ប្រហាក់​ប្រហែល​ជា ១២០​គីឡូ»

លោក​ថា ជន្លេន​ក្រហម​មិន​ងាយ​ផុត​ពូជ​ទេ គឺ​វា​ចេះ​តែ​បង្ក​កំណើត​ច្រើន​ទៀត ឲ្យ​តែ​មាន​លាមក​គោ​ស្រស់​ដាក់​ឲ្យ​វា​ស៊ី ស្រោច​ទឹក​ឲ្យ​ជោក​ល្មម និង​ការពារ​វា​ពី​សត្វ​ដែល​ស៊ី​វា​ជា​ចំណី។

លោក អ៊ួន សុផល បន្ថែម​ថា ការ​ចិញ្ចឹម​ជន្លេន ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ឆាប់​ប្រមូល​ផល​បង្គ្រប់​ទៅ​លើ​ការ​ខ្វះ​ស្រូវ​វស្សា​នៅ​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​កំពត ឆ្នាំ​នេះ ដែល​រង​នូវ​ការ​ដាំ​ស្រូវ​វស្សា​យឺត​ពេល ព្រោះ​រាំង​ស្ងួត​អូស​បន្លាយ។ កសិករ​នៅ​ទីនោះ មិន​សូវ​រំពឹង​ផល​ស្រូវ​ទទួល​បាន​ច្រើន​តោន​តាម​ការ​គ្រោង​ទុក​ទេ ទើប​គាត់​ណែនាំ​ឲ្យ​កសិករ​ងាក​ទៅ​ចិញ្ចឹម​ជន្លេន​ក្រហម ដែល​ឆាប់​ប្រមូល​ផល ហើយ​អ្នក​ចិញ្ចឹម​វា​មិន​សូវ​នឿយ​ហត់​ក្នុង​ការ​ថែទាំ។ រីឯ​ទីផ្សារ​លក់​ជន្លេន​ក្រហម ក៏​សម្បូរ ព្រោះ​វា​ជា​ចំណី​ដល់​សត្វ​មាន់ ទា ត្រី។ បើ​អ្នក​ចិញ្ចឹម​មាន់ ទា ត្រី វិញ មិន​ចាំបាច់​ទៅ​ទិញ​ចំណី​មក​ឲ្យ​វា​ស៊ី គឺ​ឲ្យ​តែ​ជន្លេន​ក្រហម​ទៅ​សត្វ​ទាំង​នោះ​ស៊ី គឺ​សត្វ​ចិញ្ចឹម​វា​ធំ​លឿន ព្រោះ​ជន្លេន​ក្រហម​មាន​ប្រូតេអ៊ីន​នៃ​ជាតិ​សាច់​ច្រើន ដែល​នាំ​ឲ្យ​កូន​មាន់​ឆាប់​ធំ និង​ឈ្នះ​ជំងឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។