ការបង្កបង្កើនផលស្រូវរដូវវស្សាតែងតែជួបគ្រោះទឹកជំនន់ ឬរាំងស្ងួតស្ទើររាល់ឆ្នាំ បណ្ដាលឲ្យសន្ទូងខូចបាត់ទិន្នផល។ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា នៅពាក់កណ្ដាលរដូវវស្សាឆ្នាំ២០១៧ នេះ នឹងមានកូនរដូវប្រាំងតូចមួយ ដែលធ្វើឲ្យសន្ទូងប្រឈមនឹងការស្វិតងាប់ដោយសារខ្វះទឹកភ្លៀងនៅតាមបណ្ដាខេត្តមួយចំនួន។ តើកសិករគួរធ្វើបែបណាដើម្បីកាត់បន្ថយការប្រឈមនេះ?
វិធានការបន្ទាន់ក្នុងការជួយសង្គ្រោះសន្ទូងរបស់កសិករពីគ្រោះរាំងស្ងួត ដែលរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធតែងតែធ្វើ គឺផ្ដល់ប្រេង និងម៉ាស៊ីនបូមទឹកដាក់ស្រែសង្គ្រោះដើមស្រូវ។ ចំពោះស្រែដែលគ្មានប្រភពទឹក ឬសង្គ្រោះមិនទាន់ពេល អាជ្ញាធរតែងតែផ្ដល់គ្រាប់ពូជដល់កសិករ ដើម្បីសាបព្រោះ និងស្ទូងឡើងវិញនៅពេលដែលមានភ្លៀងធ្លាក់គ្រប់គ្រាន់ ឬចាស់ៗហៅថា ភ្លៀងជូនចុងរដូវវស្សា។
លិខិតរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ជូនដំណឹងថា រដូវវស្សាឆ្នាំ២០១៧ នឹងមានកូនរដូវប្រាំងមួយនៅចន្លោះសប្ដាហ៍ទី៣ និងទី៤ នៃខែកក្កដា ដែលខេត្តមួយចំនួនដូចជា កំពង់ស្ពឺ តាកែវ កណ្ដាល កំពត និងខេត្តស្វាយរៀង អាចមានភ្លៀងធ្លាក់តិចតួច។
ដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះរាំងស្ងួតដែលអាចកើតមាននៅក្នុងរដូវវស្សាខាងមុខនេះ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ជា សុផុន បានណែនាំថា កសិករគួរកុំចាប់ផ្ដើមសាបព្រោះស្រូវនៅដើមរដូវពេក ពោលគួរចាប់ផ្ដើមនៅចុងខែកក្កដា ដើម្បីជៀសផុតពីកូនរដូវប្រាំង ហើយគួរធ្វើស្រែដែលមានប្រភពទឹកនៅក្បែរ៖ « បើសិនជាមានកើតឡើងនូវកូនរដូវប្រាំង ហើយមានរយៈពេលវែង ដែលធ្វើឲ្យប៉ះពាល់ដល់សន្ទូង ឬសំណាបរបស់គាត់ គឺមន្ទីរនឹងចុះតាមដាន និងត្រួតពិនិត្យ ហើយសហការជាមួយអាជ្ញាធរដែនដីដើម្បីឲ្យគាត់ធ្វើជាសំណើមក ដើម្បីសុំប្រេងអន្តរាគមន៍ពីមន្ទីរកសិកម្ម ជាមួយការិយាល័យជំនាញទៅតាមស្ថានភាពជាក់ស្ដែង និងតម្រូវការជាក់ស្ដែងតាមលទ្ធភាពដែលមន្ទីរមានផ្ដល់ជូនគាត់ »។
ការពន្យារពេលសាបព្រោះ គឺធ្វើបានតែទៅលើប្រភេទស្រូវកណ្ដាល ឬស្រូវស្រាលប៉ុណ្ណោះ ដែលប្រើរយៈពេលបង្កបង្កើនផលចន្លោះពី ៣ ទៅ ៤ខែ។ កសិករអាចជ្រើសរើសពូជស្រូវរំដួល ចម្រៀកផ្ដៅ ខ្មងរមាំង ជាដើម។ ចំណែកប្រភេទស្រូវស្រាលគួរជ្រើសរើសយកពូជស្រូវជលសា អ៊ីអ៊ែ (IR) ៦៦ និងពូជស្រូវសែនពិដោរ ជាដើម ដោយស្រូវទាំងនេះប្រើរយៈពេលតិចសមាមាត្រនឹងបរិមាណទឹកភ្លៀង។
ចំពោះស្រូវធ្ងន់ដែលប្រើរយៈពេល ៦ខែទើបទទួលបានផលនោះ អ្នកជំនាញកសិកម្មមិនបានណែនាំ ឬកំណត់ពេល ថាកសិករគួរចាប់ផ្ដើមធ្វើនៅខែណានោះទេ កសិករត្រូវធ្វើទៅតាមលទ្ធភាព៖ « បើតំបន់ហ្នឹងគាត់ធ្វើស្រូវធ្ងន់ជួបបញ្ហារាំងស្ងួតចុងរដូវ គាត់ត្រូវបង្វែរទិសមកធ្វើស្រូវកណ្ដាលវិញ ហើយសិនធ្វើស្រូវកណ្ដាលវាជួបបញ្ហាហើយ កុំធ្វើ យើងមកធ្វើស្រូវស្រាលវិញ។ អ៊ីចឹងទី១ ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរពូជជាក់ស្ដែង។ ទី២ កសិកម្មវៃឆ្លាតធ្វើដាំដុះទៅបើរាំងស្ងួតក៏បានផល ជួបបញ្ហាភ្លៀងក៏យើងបានផល ដោយសារយើងប្រើប្រាស់លើកត្តាពូជ និងភូមិសាស្ត្រជាក់ស្ដែងនេះឯង »។
កសិករបាត់ធារស្រូវ និងហូបចុកមិនគ្រប់គ្រាន់នៅពេលជួបគ្រោះរាំងស្ងួតម្ដងៗ បើទោះជាអាជ្ញាធរប្រឹងប្រែងជួយសង្គ្រោះសន្ទូងកសិករ ខណៈដែលប្រភពទឹក ឬប្រព័ន្ធធារាសាស្ត្រមិនទាន់ឆ្លើយតប។
កំពុងលីចបកាប់ដើរមើលស្រែទើបព្រោះស្រូវ ដោយដៃម្ខាងដឹកដៃកូនស្រីម្នាក់ នៅឃុំស្រែថ្មី ស្រុករលាប្អៀរ លោកស្រី ស្រី ហូយ មានប្រសាសន៍ថា ដើមរដូវវស្សាឆ្នាំនេះទឹកនៅក្នុងស្រែមានច្រើន តែលោកស្រីបារម្ភខ្លាចបាក់ភ្លឺស្រែទឹកហូរអស់ ម្យ៉ាងខ្លាចគ្មានភ្លៀងធ្លាក់នៅពាក់កណ្ដាលរដូវទៀតនោះ ទើបលោកស្រីរក្សាទឹកទុកក្នុងស្រែរហូត ដោយចេញចូលមើលស្រែស្ទើររាល់ថ្ងៃ៖ « ឮគេថារាំងចេះតែភ័យដែរ តែរាំងទៅអស់ស្រូវពូជ ត្រូវព្រោះម្ដងទៀត បានស្រូវពូជណាព្រោះ បើយើងព្រោះអស់ហើយ ទុកសម្រាប់ព្រោះតែមួយឆ្នាំៗ។ លោក ជិន ជេដ្ឋា៖ នៅតំបន់បងនេះមានប្រព័ន្ធធារាសាស្ត្រដើម្បីស្រោចស្រពទេ ពេលរាំងស្ងួតអី ? អត់ទេ អត់មានក្រពីង ( ត្រពាំងទឹក ) អីទប់ទល់ផង »។
លោកស្រីបញ្ជាក់ថា ស្រែស្រាប់ធ្វើស្រូវវស្សាតូចល្មមចំនួន ៦ស្រែ ដែលគ្រួសារលោកស្រីបានប្ដូរទម្លាប់ពីស្ទូងមកព្រោះវិញនោះ មិនដែលស្វិតងាប់ដោយខ្វះទឹកឡើយ ត្បិតនៅតំបន់គាត់ពុំមានប្រភពទឹកស្រោចស្រពក្រៅពីពឹងលើទឹកភ្លៀង។ ទោះជាយ៉ាងណា លោកស្រីចង់ឲ្យមន្ត្រីជំនាញ ឬក្រសួងធនធានទឹក ចុះសិក្សា និងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅតំបន់ជាច្រើនដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត។
ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ជា សុផុន ឲ្យដឹងថា មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ខ្នះខ្នែងជួយសង្គ្រោះស្រូវកសិករពេលជួបគ្រោះរាំងស្ងួតម្ដងៗ ប៉ុន្តែតំបន់ខ្លះលំបាកនឹងសង្គ្រោះ ដោយសារគ្មានប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រអាចទាញទឹកមកស្រោចស្រពបាន។ លោកថា អាជ្ញាធរពាក់ព័ន្ធគួរពិនិត្យបញ្ហានេះដែរ៖ « វិធានការសំខាន់បំផុត គឺស្ថាប័នពាក់ព័ន្ធដូចក្រសួងធនធានទឹក ធ្វើយ៉ាងណាចំពោះទំនប់ ឬប្រឡាយដែលមានស្រាប់ ត្រូវស្ដារឡើងវិញដើម្បីអាចដំណើរការបាន។ ជួនកាលមានប្រឡាយហើយ តែវារាក់ អ៊ីចឹងយើងមិនអាចយកទឹកបានទេ។ អ៊ីចឹងត្រូវពិនិត្យឡើងវិញកន្លែងណាមានទឹក គឺត្រូវយកទឹកហ្នឹងប្រើប្រាស់បាន »។
លោក ជា សុផុន បញ្ជាក់ថា ទំនប់ ឬប្រឡាយទឹកមានច្រើន ប៉ុន្តែភាគច្រើនមិនអាចប្រើប្រាស់បាន។ ជាក់ស្ដែងផ្ទៃដីកសិកម្មខេត្តកំពង់ឆ្នាំង ជាង ២សែនហិកតារ (២១២.០០០ហិកតារ) មានទំនប់ ឬប្រឡាយទឹកប្រមាណ ៣០% ប៉ុន្តែតាមលោកសង្កេតមើលជាក់ស្ដែងមានប្រព័ន្ធប្រឡាយដែលអាចប្រើប្រាស់ក្នុងការស្រោចស្រពស្រូវរបស់កសិករបាន គឺមានតែប្រមាណ ២០% ប៉ុណ្ណោះនៃផ្ទៃដីកសិកម្មសរុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
