ក្នុងព្រឹត្តិបត្រ “កសិករ” របស់អង្គការសេដាក់មានប្រាប់ពីវិធីជ្រើសរើសទិញបន្លែ មើមឆៃថាវឱ្យបានល្អនិងស្រស់ឆ្ងាញ់ ត្រូវជ្រើសរើសយកមើមស្រស់ សំបកតឹងមានទឹក ហើយមើមនៅមានទងស្លឹក ។ មិនត្រូវជ្រើសរើសយកមើមណា ដែលមានកន្លែងបែកចេញទឹក សំបកជ្រួញខ្សោះនោះទេ ។ ឆៃថាវស្រស់ខ្មែរនិយមស្ងោរ ជាមួយឆ្អឹងជ្រូក ឆ្អឹងជំនីរជ្រូក ឬ ស្លម្ជូរក៏បាន ។
នៅប្រទេសជប៉ុនគេនិយមទទួលទានស្រស់ៗ ដោយកោសជាសរសៃលាយនឹងត្រសក់ត្រាំទឹកខ្មេះ សម្រាប់ជាគ្រឿងក្លែមជាមួយស៊ូឈិ ឬដុំបាយខ្ចប់សារាយសមុទ្រ និងសាស៊ិមិ ឬសាច់ត្រីឆៅ ។ ក្រៅពីនេះ គេធ្វើឆៃប៉ូវពីឆៃថាវទៀតផង ដែលនៅស្រុកខ្មែរ គេនិយមយកមកបរិភោគជាមួយនឹងបបរ មានរសជាតិឆ្ងាញ់ពិសារណាស់ដែរ ។
ឆៃថាវងាយដាំជាបន្លែមើម ដែលចូលចិត្តឤកាសធាតុត្រជាក់បន្តិចមិនក្តៅហែង ។ បើបានដីធូរលាយខ្សាច់ឆៃថាវនឹងរហ័សធំ ។ ឆៃថាវជាដំណាំដែលត្រូវការទឹកច្រើន ។
វិធីដាំក៏គ្មានអ្វីស្មុគស្មាញ ត្រៀមដីដោយរាស់បំបែកឱ្យល្អិត លាយជីលាមកសត្វ ឬជីកំប៉ុស្ត ហើយហាលសំដឹលមួយសប្តាហ៍ រួចហើយជីករណ្តៅទទឹង ប្រមាណមួយចំឤមរាក់ៗ បន្តក់គ្រាប់ពូជដែលឤចរកទិញបានតាមទីផ្សារ មួយរណ្តៅ ២-៣គ្រាប់ ឬមិនបាច់ជីករណ្តៅក៏បាន គឺព្រោះគ្រាប់យកតែម្តង តែត្រូវយកដី លាយជីឤចម៍សត្វបាចពីលើឱ្យលុបគ្រាប់ពូជ ប្រមាណជាមួយថ្នាំងម្រាមដៃ រួចស្រោចទឹកឱ្យជោក ទើបយកចំបើង ឬស្មៅស្ងួតក្រាលគ្របពីលើស្តើងៗ មួយស្រទាប់ ។
កាលណាដុះស្លឹកមួយដើម ៥ស្លឹកហើយ ទើបដកដើមណាដែលមិនស្អាតចោល ទុកតែដើមដែលរឹងប៉ឹងជាងគេឱ្យឃ្លាតពីដើមមួយទៅដើមមួយ ប្រមាណជាង ១ចំឤម ឬប្រមាណ ៣តឹក ។ ត្រូវស្រោចទឹកបោចស្មៅជាប្រចាំ ។
ឆៃថាវគេច្រើនដាំនៅតាមតំបន់មាត់ទន្លេ ដូច្នេះហើយបានជាមានច្រើននៅកំពង់ចាម ។ វិធីទុកឆៃថាវបរិភោគឱ្យបានយូរទាំងចិន ទាំងជប៉ុន គេធ្វើជ្រក់វា ដែលយើងហៅថាឆៃប៉ូវ ។ ឆៃប៉ូវ មានទាំងឆៃប៉ូវប្រៃ និងឆៃប៉ូវផ្អែម ។
ថ្ងៃនេះយើងខ្ញុំសុំឱ្យអ្នកស្រី ហេង ទៀង អ្នកភូមិដីដុះ ឃុំប៉ឹស២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម រៀបរាប់ប្រាប់មិត្តអ្នកស្តាប់អំពីវិធីធ្វើឆៃប៉ូវ ។ ក្រោយលាងសម្អាតមើមឆៃថាវហើយ គេពុះឆៃថាវជាពីរ ឬយកទាំងមូលក៏បានយោងទៅតាមមាឌរបស់វា ៖ ឆៃថាវធំពុះវាជាពីរបានប្រឡាក់អំបិល បើឤណាតូចៗ យើងប្រឡាក់ទាំងមូលទៅ ធំៗ ពុះជាពីរ ។
បរិមាណឆៃថាវនិងអំបិលដែលប្រើក្នុងការធ្វើឆៃប៉ូវ តាមរូបមន្តរបស់អ្នកស្រី ហេង ទៀង គឺ ១០គីឡូឆៃថាវស្រស់ ត្រូវលាយនឹងអំបិល ៨ខាំ ៖ ១០គីឡូឆៃថាវ ៨ខាំអំបិល ប្រឡាក់វារួចទៅយើងញាត់ដាក់ធុង ព្រលឹមឡើងវាមានចេញទឹកហើយ យើងយកឆៃថាវទៅហាលទៅ ។ រួចល្ងាចយកមកវិញ ប្រឡាក់ទឹកដដែលហ្នឹងទៅ មិនបាច់ដាំមិនបាច់អីទេ ប្រឡាក់ឤហ្នឹងដដែល ព្រលឹមឡើងស្រង់ទៅហាលទៀតទៅ ហាលតែ ២-៣ថ្ងៃ ស្វិតហើយ យើងឤចញាត់ដាក់ពាង ដាក់ក្រឡបាន ។ យើងរោយអំបិលបន្តិចទៀតទៅ យើងញាត់ដាក់ពាងទៅ ។
អ្នកស្រី ហេង ទៀង បញ្ជាក់ពីជំហាននីមួយៗ នៃការធ្វើឆៃប៉ូវដូច្នេះ ៖ «ឆៃថាវពុះជាពីរមក យើងយកអំបិលប្រឡាក់ពីលើ ដូចប្រឡាក់ត្រីងៀតអ៊ីចឹង រួចទៅយើងញាត់ដាក់ពាងទៅ ព្រលឹមឡើងវាចេញទឹកហើយ ឆៃថាវហ្នឹងត្រូវអំបិល យើងស្រង់យកទៅហាលទៅកុំលាយទឹក ។ ស្រង់យកទៅហាលទៅ នៅសល់ទឹកហ្នឹងយើងទុក ល្ងាចឆៃថាវហ្នឹងស្វិតយើងយកឆៃថាវហ្នឹង ប្រឡាក់ទឹកហ្នឹងទៀត ។ ប្រឡាក់ទឹកហ្នឹងទៀតព្រលឹមឡើង យើងស្រង់យកទៅហាលទៀតទៅ» ។
តើការហាលឆៃថាវត្រូវការពេលយូរ ឬឆាប់ប៉ុន្មានថ្ងៃ ? អ្នកស្រី ហេង ទៀង ប្រាប់ដូច្នេះ ៖ «តាមថ្ងៃ យើងមើលដឹង ។ បើថ្ងៃល្អឆៃថាវហ្នឹងវាតូច តែ ៣ថ្ងៃបានហើយ បើឆៃថាវហ្នឹងវាមិនទាន់ស្វិតអ៊ីចឹង ហាលមួយថ្ងៃ ពីរទៀតទៅ ។ ឤហ្នឹងមកពីយើងប្រឌិតខ្លួនឯងទេ យើងមើលតាមរបៀបឆៃថាវ បើវានៅស្រស់ញញឹម យើងយកទៅទុកយ៉ាងម៉េចកើត វាផ្សិត ។ ឤហ្នឹងអ៊ីចឹង តែឆៃថាវនៅស្រស់ធ្វើអត់កើតទេ ដាក់ទៅវាផ្សិតហើយ បើឆៃថាវហ្នឹងយើងហាលស្វិតហើយ ទៅជាឆៃប៉ូវហើយ ក្លិនក្រអូបហើយ យើងយកទុកទៅមានអី ដល់ពេលយើងញាត់ដាក់ក្រឡ យើងចង់ទុកយូរទាល់តែរោយអំបិលបន្តិចទៀត ញាត់ទៅអត់ចេះផ្សិតទេ បើយើងហាលស្វិតអ៊ីចឹង យកទៅដាក់ទុកតែម្តងវាអត់ល្អទេ ហូបអត់បានយូរទេទុកមួយឆ្នាំអត់បានទេ ទាល់តែរោយអំបិលបន្តិចទៀត បានទុកបានមួយឆ្នាំ ។ បើរបស់ខ្ញុំ ២ឆ្នាំឯណោះ» ។
រីឯវិធីធ្វើឆៃប៉ូវផ្អែម អ្នកស្រី ហេង ទៀង ប្រាប់វិធីធ្វើដូច្នេះ ៖ «យើងហាលបានតែ ៣ថ្ងៃបានហើយ កុំឱ្យក្រៀមស្វិតពេក ប្រឡាក់ស្ករ និងច្រូចស្រាបន្តិចទៅ បានស្រួយ។ មួយគីឡូហ្នឹងយើងប្រឡាក់រួច ញាត់ទុកតែម្តង» ។
ចំពោះរូបមន្ត គឺក្រោយបានឆៃប៉ូវប្រៃហើយ ឱ្យលាយស្ករស ១គីឡូក្រាម ៖ «ស្ករអត់ទាន់ប្រឡាក់ទេ ចាំដល់ហាលឆៃថាវហ្នឹងស្វិតហើយ បានប្រឡាក់ស្ករក្រោយ» ។
ស្ករដែលយកមកលាយជាស្ករស ព្រោះស្ករត្នោតនឹងធ្វើឱ្យឆៃប៉ូវពណ៌មិនស ហើយរសជាតិមិនសូវឆ្ងាញ់ នេះបើតាមចំណូលចិត្តរបស់អ្នកស្រី ហេង ទៀង ៖ «អត់មានប្រើស្ករត្នោតទេ ប្រើស្ករត្នោតក្រហមអត់ល្អទេ វាប្រើបានដែរតែដល់ពេលស្អិតៗ វាក្រហមញ៉ាំមិនសូវឆ្ងាញ់ទេ ស្ករសបានឆ្ងាញ់» ។
បើចង់ឱ្យឆៃប៉ូវផ្អែមស្រួយ អ្នកស្រី ហេង ទៀង ណែនាំឱ្យដាក់ស្រាសកន្លះពែងតូច ៖ «ប្រឡាក់ជាមួយស្ករហ្នឹង ច្រូចចូលទៅ ឤហ្នឹងយើងចង់ស្រួយ ទាល់តែដាក់ស្រាបន្តិចទៅបានស្រួយ ។ កន្លះពែងទៅបានហើយ កន្លះពែងតូច» ៕
